ទៀងមុំ សុធាវី និង ជិន វឌ្ឍនា អ្នកនៅអាមេរិកទន្ទឹងផ្លូវ
- 2014-10-23 21:23:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៀងមុំ សុធាវី និង ជិន វឌ្ឍនា អ្នកនៅអាមេរិកទន្ទឹងផ្លូវ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋខ្មែរនៅទីក្រុង និងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក បានមូលមតិគ្នាឧបត្ថម្ភកញ្ញា ទៀងមុំ សុធាវី និងលោក ជិន វឌ្ឍនា តារាចម្រៀងប្រជាប្រិយប្រចាំផលិតកម្មរៃមាស និងផលិតកម្ម 4U នៅសហរដ្ឋអាមេរិក ឲ្យមកច្រៀងនៅចុងឆ្នាំនេះ។ នេះបើតាមលោក Richchard Edward Mars អ្នករៀបចំកម្មវិធីសិល្បៈរបស់សមាគមន៍ “American Southeast Asian Literary" នៅសហរដ្ឋអាមេរិក។
“និយាយពីចាំ គឺពួកគេទន្ទឹងចាំច្រើនមែនទែនប្អូន...គ្រប់កម្មវិធីទាំងអស់ដែលពួកគេត្រូវឡើងច្រៀង ត្រឹមថ្ងៃនេះ លក់សំបុត្រដាច់អស់ហើយ អត់មានសល់មួយទេ!"។ លោក Richchard បញ្ជាក់ថា ចំពោះមូលហេតុ ដោយសារតែតារាចម្រៀងទាំងពីរមានទឹកដមសំឡេងពីរោះ ជាដៃគូដ៏ល្អឥតខ្ចោះ ផ្សំនឹងពួកគេនិយមច្រៀងតែបទចម្រៀងពីដើមទៀត ដែលប្រជាជនខ្មែរនៅបរទេសចូលចិត្តបំផុត។
តបនឹងការទន្ទឹងចាំផ្លូវនេះ កញ្ញា ទៀងមុំ សុធាវី អតីតតារាចំរៀងប្រចាំផលិតកម្ម Blue Diamonds នៅកម្ពុជា និងលោក ជិន វឌ្ឍនា បានចូលស្ថានទូតសហរដ្ឋអាមេរិកធ្វើបទសម្ភាសន៍កាលពីម្សិលមិញនេះ។ជាលទ្ធផល ពួកគេទទួលបានភ្លើងខៀវហើយ។ លោក Richchard Edward Marsថ្លែងថា "ពួកគេត្រូវមកដល់សហរដ្ឋអាមេរិកនៅថ្ងៃទី ២៩ តុលាយ៉ាងយូរ ព្រោះនៅថ្ងៃទី១ វិច្ឆិកាពួកគេត្រូវចាប់ផ្ដើមចេញសម្ដែងនៅទីក្រុង Denver រដ្ឋ Colorado”។
បន្ទាប់ពីទីក្រុង Denver កញ្ញា ទៀងមុំ សុធាវី និងលោក វឌ្ឍនា នឹងត្រូវចេញសម្ដែងនៅទីក្រុង និងរដ្ឋជាច្រើនទៀតដែលមានខ្មែររស់នៅដូចជា៖ San Jose, Oakland, Stockton, San Diego, Massachusetts , Lowell, Lynn, Pennsylvania , Philadelphia, Portland, Maryland City, Maryland, Phoenix, Arizona និង Chicago ជាដើម។
តាមការព្រមព្រៀង តារាចម្រៀងនិយមច្រៀងបទពីដើមទាំងពីររូបនេះនឹងស្នាក់នៅសហរដ្ឋអាមេរិករយៈពេល៣ខែ ដើម្បីច្រៀងកំដរអារម្មណ៍ប្រជាពលរដ្ឋខ្មែរនៅទីនោះនាចុងឆ្នាំ ២០១៤ នេះ។ រហូតដល់ ដើម២០១៥ ទើបពួកគេត្រូវត្រឡប់មកស្រុកកំណើតវិញ។ យ៉ាងណាអ្នករៀបចំកម្មវិធី លើកឡើងថា ផែនការវិលត្រឡប់របស់ពួកគេទាំងពីរអាចផ្លាស់ប្ដូរ ប្រសិនបើមានការគាំទ្រច្រើន៕
កញ្ញា ទៀងមុំ សុធាវី និងលោក ជិន វឌ្ឍនា
អត្ថបទពាក់ព័ន្ធនឹងជុំវិញសិល្បៈជាតិ សូមចុចទីនេះ…!!!
អត្ថបទពាក់ព័ន្ធនឹងបញ្ហាតារាជាតិ សូមចុចទីនេះ…!!!
អត្ថបទ៖ ទារិកា