ដឹង​ទេ ធ្វើ​ម៉េច​ឲ្យ​កូន​ចូលចិត្ត​អាន​សៀវភៅ?

  • 2016-05-28 16:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានកូនដែលស្រលាញ់ការអាន និង ចូលចិត្តរៀន គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប។ តែនេះមិនមែន​ជា​រឿង​ងាយ​ស្រួល​នោះទេដែលក្មេងម្នាក់ចូលចិត្តសៀវភៅតាំងពីតូចដោយគ្មានមានការជ្រោមជ្រែងពី​អាណាព្យាបាលនោះ។

 

 

កញ្ញា ហួត សុជាតា អ្នកគ្រប់គ្រង​ការបោះពុម្ពផ្សាយ​នៃ​អង្គការ​ស៊ី​ប៉ា បាន​ឲ្យ​ដឹងថា  ដើម្បី​ឲ្យ​កុមារ​ចូលចិត្ត​អាន ឪពុកម្តាយ​ត្រូវ​ធ្វើជា​គំរូ​ឲ្យ​កូន​បានឃើញ ហើយ​ទិញ​សៀវភៅ​ដែល​ស័ក្តិសម​នឹង​អាយុ​កុមារ​ទុក​នៅផ្ទះ បើ​អាច​គួរ​បង្កើត​ឲ្យ​មាន​បណ្ណាល័យ​តូច​មួយ​នៅផ្ទះ។

 

ឪពុកម្តាយ​មួយចំនួន​គិតថា​កូន​មិនទាន់​ចេះ​អាន​មិនចាំបាច់​ទិញ​សៀវភៅ​ឲ្យ​ទេ នោះ​ជាការ​យល់​ខុស កុមារ​គួរតែ​ស្គាល់​សៀវភៅ​តាំងពី​នៅ​តូច ទោះ​មិនទាន់​អាន​បាន​ក៏ដោយ ។ «គេ​អាច​លេង​ជាមួយ​សៀវភៅ​ដូចជា​តុក្កតា​មួយ​ដែរ គេ​អាច​រៀន​បើក​សៀវភៅ ស្ទាប​កាន់ និង​ប៉ះ​រូបភាពផ្សេងៗនៅលើ​សៀវភៅ​នោះ ហើយ​នេះ​អាចធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​នឹង​សៀវភៅ» សុជាតា បន្ថែម។

 

 

ទាក់ទងនឹងវិធីសាស្ត្រជួយឲ្យកុមារចាប់អារម្មណ៍នឹងការអាន សុជាតាក៏បានចែករំលែកចំណុចងាយៗ ដូចជា ៖

 

-ទម្លាប់អានឲ្យកូនស្តាប់  មុនពេលគេងយ៉ាងហោចណាស់ ២ទៅ៥នាទី ក្នុងមួយថ្ងៃ។​ ធ្វើបែបនេះជាប្រចាំ កូនៗនឹងចូលចិត្តសៀវភៅ។

 

-ត្រូវអានសៀវភៅឲ្យឮៗជាមួយកូន បើកូនធំអាចអានបាន ត្រូវជំរុញឲ្យកូនជួយអានផ្នែកខ្លះ​ជាមួយអ្នក តែបើកូននៅតូចខ្លាំងមិនទាន់ចេះអានត្រូវអានឲ្យគេស្តាប់។

 

-ត្រូវនិយាយជាមួយកូនពីអ្វីដែលអ្នកកំពុងអាន ដោយការសួរសំណួរផ្សេងៗទៅកូន មុនពេលចាប់​ផ្តើមអាន អំឡុងពេល និងក្រោយពេលអាន ដើម្បីជួយឲ្យកូនអ្នកមានអារម្មណ៍ថាពាក់ព័ន្ធ និងកាន់តែ​យកចិត្តទុកដាក់​ស្តាប់អ្នកកាន់តែខ្លាំង។

 

-បង្ហាញពីភាពសប្បាយរីករាយក្នុងការអានដល់កូនរបស់អ្នក ធ្វើជាគំរូអ្នកអានសៀវភៅម្នាក់​ចំពោះកូន ព្រោះកូនចូលចិត្តធ្វើតាមឪពុកម្តាយ៕

 

អត្ថបទៈ លីដា