វិធីងាយៗក្នុងការជ្រើសរើសកាដូឲ្យត្រូវចិត្តកុមារ
- 2016-05-30 22:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗក្នុងការជ្រើសរើសកាដូឲ្យត្រូវចិត្តកុមារ
ចន្លោះមិនឃើញ
ម្តាយឪពុកភាគច្រើនយល់ថាការទិញកាដូឲ្យកូន គឺជារឿងងាយស្រួល ព្រោះកុមារតែងបង្ហាញឲ្យដឹងពីអារម្មណ៍ពិត ឬ ប្រាប់ត្រង់ៗថាគេចង់បានអ្វី។ ថ្វីត្បិតតែមិនស្មុគស្មាញ ប៉ុន្តែពេលខ្លះយើងត្រូវទិញអ្វីដែលត្រូវចិត្តកូន ហើយមានប្រយោជន៍ជួយដល់ការវិវឌ្ឍស្របនឹងវ័យរបស់គេផងដែរ ។
សម្រាប់ទិវាកុមារអន្តរជាតិនេះ Sabay សូមចែករំលែកវិធីងាយៗក្នុងការជ្រើសរើសកាដូត្រូវចិត្តកុមារហើយមានប្រយោជន៍៖
-ក្មេងចូលចិត្តកាដូដែលមានឈ្មោះរបស់គេនៅលើនោះ៖ កាដូប្រភេទនេះ ភាគច្រើនមិនចាំបាច់ជារបស់ថ្លៃ សំខាន់ជារបស់ដែលក្មេងស្រលាញ់ចង់បាន ហើយគ្រាន់តែថែមឈ្មោះរបស់គេតូចមួយនៅលើនោះទៅត្រូវចិត្តគេតែម្តង។
-ក្មេងចូលចិត្តអំណោយ វេចខ្ចប់ស្អាតទាក់ទាញ៖ សំខាន់ក្មេងៗចូលចិត្តហែកកញ្ចប់កាដូ អ្នកអាចទិញ ឬរៀបចំកាដូតូចក៏បានដែរ សំខាន់ត្រូវខ្ចប់អោយមើលទៅឃើញថាធំ ហើយស្អាតមានពណ៌ស្រស់ៗទាក់ភ្នែក គួរឲ្យស្រលាញ់។
-ក្មេងចូលចិត្តអំណោយដែលមានប្រវត្តិឬសាច់រឿងពាក់ព័ន្ធនឹងរូបគេ៖ ពេលអ្នកឲ្យអ្វីមួយទៅកូន អ្នកត្រូវប្រាប់គេឲ្យដឹងពីមូលហេតុដែលអ្នកសម្រេចចិត្តជ្រើសរើសកាដូនេះជូនគេជាពិសេស ។ ធ្វើបែបនេះកូនអ្នកកាន់តែរំភើប និងចេះថែរក្សារបស់នេះឲ្យបានល្អ។
-សៀវភៅកម្រងរូបថតអនុស្សាវរីយ៍ជាអំណោយល្អបំផុតសម្រាប់កុមារគ្រប់វ័យ៖ អ្នកក៏មិនត្រូវភ្លេចដាក់ឈ្មោះកូននៅលើគ្របសៀវភៅឡើយដើម្បីបង្ហាញថាគេជាម្ចាស់អាល់ប៊ុមរូបថតនេះ ហើយខាងក្នុងត្រូវរៀបចំកម្រងរូបថត កាលគេនៅតូច មិនថាពេលគេយំ ឬសើចលេងសប្បាយនោះទេ។
-សៀវភៅកុមារ៖ ការទិញសៀវភៅជាអំណោយដល់កូនៗ គឺជាការបង្កើតនូវទំលាប់អានតាំងពីវ័យក្មេង ។ ប៉ុន្តែសៀវភៅសម្រាប់កុមារត្រូវតែសមស្របនឹងកំរិតយល់ដឹង និងអាយុរបស់គេផងដែរ ទើបគេចង់អាន ចង់ប៉ះកាន់ និងរក្សាទុក។
-សម្រាប់កូនស្រី អាយុចន្លោះ ២ឆ្នាំ ទៅ ៦ឆ្នាំ អំណោយដែលគេចូលចិត្តច្រើនជាតុក្កតាដែលគេអាចយកតាមខ្លួនបានដើម្បីធ្វើជាមិត្តល្អរបស់គេ ឈុតផ្ទះបាយដែលគេអាចលេងធ្វើម្ហូប ឈុតគូរគំនូរដែលមានសៀវភៅ និងខ្មៅដៃពណ៌សម្រាប់ផាត់រូប។
-សម្រាប់កូនប្រុស អាយុចន្លោះ ២ឆ្នាំ ទៅ ៦ឆ្នាំ អំណោយដែលគេចូលចិត្តខ្លាំងច្រើនជាតុក្កតា វីរៈបុរសក្លាហាន Super Hero ឬឈុតសម្លៀកបំពាក់ដូចជា Superman , Spiderman ,Captain America ឧបករណ៍កីឡាសម្រាប់ក្មេងៗកូនបាល់ ឡាន ស្បែកជើងកីឡា ជាដើម។
ចុះអ្នកវិញមានគម្រោងទិញអ្វីឲ្យកូន ក្នុងថ្ងៃទិវាកុមារអន្តរជាតិខាងមុខនេះ ? បើមិនទាន់ទេអាចគិតដល់ចំណុចទាំងខាងលើនេះបាន ៕
អត្ថបទៈ លីដា ប្រភព parenthub.com.au