ចលនាកីឡាអូឡាំពិកនៅឥន្ទ្រៈទេវីព្រឹកមិញ អ៊ូអរណាស់
- 2016-06-12 17:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចលនាកីឡាអូឡាំពិកនៅឥន្ទ្រៈទេវីព្រឹកមិញ អ៊ូអរណាស់
ចន្លោះមិនឃើញ
កម្មវិធី «ចលនាកីឡាអូឡាំពិកកម្ពុជា»ត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយជ្រើសរើសយកប្រភេទកីឡាជាច្រើនដាក់ឲ្យសិស្សក្នុងវិទ្យាល័យឥន្ទ្រៈទេវីធ្វើការប្រកួតប្រជែងកាលពីព្រឹកមិញនេះ។
អ្នករៀបចំកម្មវិធី
ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់សិស្សសាលាក្នុងវិទ្យាល័យនេះ បានធ្វើឱ្យកម្មវិធីចលនាអូឡាំពិកកាន់តែមានភាពទាក់ទាញ ក្រោមស្នាមញញឹមរបស់យុវជនកម្ពុជារាប់រយនាក់ដែលស្រលាញ់វិស័យកីឡា។ លោក ណាក់ សុធា នាយកវិទ្យាល័យឥន្ទ្រៈទេវីបានឲ្យដឹងថា សាលារបស់លោកគាំទ្រជានិច្ចចំពោះការលើកស្ទួយវិស័យកីឡា ព្រោះវាជាចំណុចដែលអាចកែប្រែយុវជនកុំឱ្យដើរទៅរកផ្លូវខុស។ កម្មវិធីចលនាកីឡានេះ លោករំពឹងថា នឹងអាចជួយដល់សិស្សសាលារបស់លោក ឱ្យកាន់តែងាកមកលេងកីឡាឱ្យបានច្រើនឡើងថែមទៀត។
កម្មវិធី ចលនាកីឡាអូឡាំពិកកម្ពុជា នេះទើបតែបង្កើតឡើងនៅឆ្នាំនេះទេ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាអ្នករៀបចំ ហើយជ្រើសរើសយកវិទ្យាល័យ៤នៅរាជធានីភ្នំពេញ គឺ វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យបាក់ទូក វិទ្យាល័យឥន្ទ្រទេវី និងវិទ្យាល័យជម្ពូវ័ន្ត។ ដោយគិតមកដល់ពេលនេះធ្វើបាន៣វិទ្យាល័យរួចមកហើយ នៅសល់តែវិទ្យាល័យព្រះស៊ីសុវត្ថិមួយទៀតប៉ុណ្ណោះ។
មួយវិញទៀតក្នុងព្រឹត្តិការណ៍ខាងលើនេះជ្រើសរើសយកប្រភេទកីឡាជាច្រើនដែលសុទ្ធសឹងតែមានការពេញនិយមរួមមានអត្តពលកម្ម, បាល់ទាត់, បាល់ទះ, កាយសម្ព័ន្ធ និងល្បុក្កតោជាដើម។ បន្ទាប់ពីប្រមូលបានជើងខ្លាំងប្រចាំសាលាទាំង ៤ខាងលើរួចរាល់ហើយ គ្រប់កីឡាករដែលជាជើងខ្លាំងទាំងអស់ នឹងប្រកួតគ្នានាវគ្គផ្ដាច់ព្រ័ត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ៕
អត្ថបទ៖ មុន្នី រម្យ