ជៀស ស្រួច៖ បើ សិរីមន្ត និយាយ​ពិត​មែន មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ម៉េច​ទេ​ខ្ញុំ!

  • 2016-08-01 20:30:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​មាន​ព័ត៌មាន​មក​ថា ខេមរៈ សិរីមន្ត កំពុង​រៀបចំ​ឱ្យ​អ្នក​និពន្ធ​ធ្វើ​បទ​ចម្រៀង​ថ្មី ដើម្បី​ផ្ដល់​ឱកាស​ដល់ ជៀស ស្រួច បាន​រួម​សម្ដែង​ជាមួយ​លោក​ម្ដង​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

 

ប៉ុន្តែ​ពាក់​ព័ន្ធ​ទៅ​នឹង​ចំណុច​នេះ អតីត​កីឡាករ​ខាង​លើ​អះអាង​ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ដំណឹង​ជា​ផ្លូវ​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​នៅ​ឡើយ​ទេ។ ក្នុង​នោះ​លោក ជៀស ស្រួច និយាយ​ថា ប្រសិន​បើ​ព័ត៌មាន​នេះ​ជា​ការ​ពិត​មែន​នោះ គឺ​មាន​ន័យ​ថា ជីវិត​លោក​មិន​ឯកា​ទៀត​ទេ។

 

“ប្រសិន​បើ​ប្អូន សិរីមន្ត គាត់​និយាយ​មែន​នោះ ខ្ញុំ​មិន​ដឹង​ជា​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ ​ព្រោះ​ខ្ញុំ​អាច​មាន​ការងារ​ធ្វើ​ឡើង​វិញ​មិន​តែលតោល​​ទៀត​ទេ"។ ជៀស ស្រួច ថ្លែង​មក​កាន់ Sabay។ ​​

 

ជៀស ស្រួច ​រំលឹក​បន្ត​ថា នៅ​ក្នុង​ជំនួប​ទទួល​ទាន​អាហារ​ពេល​ល្ងាច​មួយ ដែល​រៀបចំ​ឡើង​ដោយ ខេមរៈ សិរីមន្ត កន្លង​មក​នេះ រូប​លោក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ជា​ច្រើន​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាង​លើ ក្នុង​ការ​បញ្ឈប់​ភាព​អស់​សង្ឃឹម​តទៅ​ទៀត ​ព្រោះ​មាន​រូប​គេ​នៅ​ជួយ​ជ្រោមជ្រែង​ជា​និច្ច។

 

“កាល​នោះ ក្រៅ​ពី​ជួយ​ជា​លុយ​កាក់​ហើយ ប្អូន សិរីមន្ត គាត់​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ច្រើន​ណាស់ ហើយ​ថា ឈប់​អោយ​ខ្ញុំ​អស់​សង្ឃឹម​​ទៀត​​ទៅ បន្តិច​ទៀត​នឹង​ល្បី​ឡើង​វិញ​ហើយ"។ លោក​បន្ត​ថា សំដី​នេះ​ធ្វើ​ឱ្យ​លោក​ហាក់​មាន​ភាព​កក់ក្ដៅ​ឡើង​វិញ ហើយ​ប្រសិន​មាន​ឱកាស​សម្ដែង​ជាមួយ ខេមរៈ សិរីមន្ត ម្ដង​ទៀត​ពិត​មែន​នោះ គឺ​ជា​រឿង​ល្អ​បំផុត។

 

ទោះ​បី​ជា​យ៉ាង​ណា មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​តារា​ចម្រៀង ខេមរៈ សិរីមន្ត បាន​ទេ​ដោយ​សារ​លេខ​ទូរសព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។ ប៉ុន្តែ​នៅ​ក្នុង​ជំនួប​រវាង​អ្នក​ទាំង​ពីរ​កាល​ពី​ពេល​ថ្មី​នេះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់ដេ​ខាង​លើ​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​២​លាន​រៀល​ដល់​អតីត​កីឡាករ រូប​នេះ។

 

ក្នុង​នោះ​ដែរ​កាល​ពី​​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ផលិតកម្មGalaxy ក៏​បាន​ផ្ដល់​ឱកាស​ឱ្យ ជៀស ស្រួច ចូលរួម​សម្ដែង​ក្នុង MV បទ​ថ្មី​របស់​ពួក​គេ​ផង​ដែរ ខណៈ​សប្បុរសជន​ក៏​ចូលរួម​ចំណែក​ឧបត្ថម្ភ​ដល់​រូប​លោក​ជា​បន្តបន្ទាប់៕

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី