ហុង ផេង ​​នឹង​​អាច​ត្រូវ​​​ព្យាបាល​របួស​សរសៃពួរ​រហូត​​ ៣​ខែ

  • 2016-08-08 19:42:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​​ការពារ​កណ្ដាល​របស់​ក្លឹប​បឹង​កេត​អង្គរ ​ហុង ផេង នឹង​អាច​ត្រូវ​សម្រាក​​ព្យាបាល​របួស​ដាច់​សរសៃពួរ​​​​រយៈ​ពេល​ចំនួន​៣​ខែ​ ទើប​អាច​ត្រឡប់​មក​ជួយ​ក្រុម​វិញ​បាន បន្ទាប់​ពី​រូប​គេ​​​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ប្រកួត​ទល់​ជាមួយ​​​ក្លឹប​ណាហ្គាវើល ​កាល​ពី​ម្សិល​មិញ​នេះ ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​០-០​ នៃ​ការ​ប្រកួត​សប្ដាហ៍​ទី១៥ ​ក្របខ័ណ្ឌ​​លីគ​កំពូល​កម្ពុជា។

 

 

​លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លឹប​បឹង​កេត​អង្គរ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​ថត​​មើល​សរសៃពួរ​កាល​ពី​យប់​មិញ​នេះ ​ដំណាក់​កាល​ដំបូង​គ្រូ​ពេទ្យ​សន្និដ្ឋាន​​ថា កីឡាករ​រូប​នេះ​​នឹង​អាច​សម្រាក​​ព្យាបាល​របួស​រយៈ​ពេល៣​ខែ ​ទើប​អាច​ជាសះស្បើយ​ឡើង​វិញ។ ​ប៉ុន្តែ​​​មិន​ទាន់​​សន្មត​ទាំង​ស្រុង​ ១០០%​នោះ​ទេ។

 

​អ្នក​ចាត់​ការ​រូប​នេះ​បន្ត​ថា លោក​នឹង​យក​ ហុង ផេង ទៅ​ព្យាបាល​កន្លែង​ថ្មី​​មួយ​ទៀត​ ដែល​​អាច​មាន​កម្រិត​ព្យាបាល​ច្បាស់​​ល្អ​ជាង​​​កន្លែង​ដែល​បាន​ថត​កាល​ពី​យប់​មិញ​នេះ​។ លទ្ធផល​ច្បាស់​ ១០០​% នឹង​អាច​កំណត់​បាន​ល្ងាច​នេះ​ក្រោយ​ពេល​បញ្ចូល​ទៅ​ដល់​កន្លែង​ថ្មី​នោះ និង​ក្រោយ​ពេល​ពិនិត្យ​។

 

​ហុង ផេង ​នឹង​អាច​បាត់​បង​ឱកាស​ជាប់​ជម្រើស​ជាតិ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជា​មួយ​ ហុងកុង ​ដែល​​នឹង​ត្រូវ​ប្រមូល​ផ្ដុំ​មុន​ការ​ប្រកួត​​ចំនួន ១​សប្ដាហ៍​​ប្រសិន​បើ​រូប​មិន​អាច​បង្ហាញ​​ខ្លួន​រហូត​ ៣​ខែ​នោះ​។ កម្មវិធី​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ទល់​និង​ក្រុម​ហុង​កុង នឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន​ពីរ​លើក​គឺ​ថ្ងៃ​ទី​​​១ ខែ​កញ្ញា និង​ជើង​ទី​២​ថ្ងៃ​ទី៦ តុលា ឆ្នាំ​២០១៦ ខាង​មុខ​នេះ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​

អត្ថបទពេញនិយម