អតីតពលករខ្មែរនៅកូរ៉េ បើកផលិតកម្មផ្ដោតលើ Original Song
- 2016-08-24 16:50:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតពលករខ្មែរនៅកូរ៉េ បើកផលិតកម្មផ្ដោតលើ Original Song
ចន្លោះមិនឃើញ
លោក ឡេង ណាវ៉ាត់ត្រា អតីតពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េ ហើយបច្ចុប្បន្នជាតារាចម្រៀង និងជាអ្នកចាត់ការទូទៅរបស់ ផលិតកម្ម Galaxy បានលើកឡើងថា ផលិតកម្មដែលបង្កើតដោយពលករមួយនេះ ផលិតឡើង គឺផ្ដោតលើតែOriginal Song ប៉ុណ្ណោះ។
តាមពិត ផលិតកម្មដែលបង្កើតដោយអតីតពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េខាងលើ មានឈ្មោះជិត៣ឆ្នាំមកហើយ ប៉ុន្តែទើបតែទទួលអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្មជាង៣ខែនេះទេ។ លោក ឡេង ណាវ៉ាត់ត្រា បានឲ្យដឹងថា ដំបូងឡើយ Galaxy គ្រាន់តែជាភ្នាក់ងារ Entertainment ធម្មតា ប៉ុន្តែដោយមានអ្នកគាំទ្រច្រើន ក៏សម្រេចបើកជាផលិតកម្មតែម្ដង ដោយផ្ដោតតែ Original Song ប៉ុណ្ណោះ។
បច្ចុប្បន្នមានតារាចម្រៀង៦នាក់ ក្នុងនោះមានអតីតពលករធ្វើការនៅប្រទេសកូរ៉េ២នាក់ និងតារាចម្រៀងក្នុងស្រុក៤នាក់ គឺលោក ម៉ារ៉ា ប៊ុណ្ណា Dj កូនកណ្ដុរ Dj ទុំ និង លោក ម៉ៃ សុគន្ធ ។
លោក បានឲ្យដឹងទៀតថា ផលិតកម្មចេញបទចម្រៀងបាន២វ៉ុលមកហើយ មាន VCD ១វ៉ុល និង CD ១វ៉ុល។ ក្នុងបទចម្រៀងទាំងអស់ មានបទចម្រៀងរបស់ លោក ម៉ារ៉ា ប៊ុណ្ណា ទទួលបានការគាំទ្រខ្លាំងជាងគេ គឺបទ "សង្សារស្រីខារ៉ាអូខេ"។
លោក ឡេង ណាវ៉ាត់ត្រា បានឲ្យដឹងថា បទ "សង្សារស្រីខារ៉ាអូខេ" មានអ្នកចូលស្ដាប់ក្នុងyoutube របស់លោក២លានដងឯណោះ។ ឆាប់ៗខាងមុខនេះ ផលិតកម្ម Galaxy គ្រោងចេញបទចម្រៀងជាបន្តបន្ទាប់ទៀត ដោយបច្ចុប្បន្ នផលិតកម្មមាន Original Song ជាង៥០បទហើយក្នុងដៃត្រៀមបញ្ចេញលើទីផ្សារ។
ក្រៅពីផលិតបទចម្រៀង ផលិតកម្មមានគោលដៅមួយទៀត គឺផលិតភាពយន្ត ដោយបច្ចុប្បន្ន ផលិតកម្ម Galaxy កំពុងតែសាកល្បងថតខ្សែភាពយន្តខ្នាតធំមួយមានចំណងជើងថា "កំពូលល្ងង់នៅអាស៊ី” ។រឿងមួយនេះ ប្រជុំតារាសម្ដែងល្បីចូលរួមមានដូចជា នាយ ពែកមី នាយ គ្រឿន នាយកណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា កញ្ញា រីយ៉ា ជាងដើម។ បច្ចុប្បន្ន ភាពយន្តដែលបានបោះទុនផលិតជាង៥ម៉ឺនដុល្លារនេះ ថតបានជាង៥០%ហើយ។
លោក ឡេង ណាវ៉ាត់ត្រា បានលើកឡើងថា ការសម្រេចចិត្តចំណាយប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកផលិតកម្មនេះ គោលដៅមិនមែនតែរកប្រាក់ចំណេញ និងប្រជាប្រិយភាពមួយមុខឡើយ។ លោកថា គោលដៅចម្បងរបស់ផលិតកម្ម Galaxy ចង់ចូលរួមចំណែកលើកស្ទួយវិស័យសិល្បៈខ្មែរឲ្យកាន់តែមានការរីកចម្រើនថែមទៀត ជាពិសេស ការបង្កើតស្នាដៃថ្មីដូចជា Original Song តែម្ដង៕
អត្ថបទ៖ ខុត សីហា