ស្វាយរៀង ស្វាគមន៍ វេស្ទើន សម្រាប់ប្រកួតចុងក្រោយរបស់ខ្លួនលីគ២០១៦ល្ងាចនេះ
- 2016-09-06 15:35:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វាយរៀង ស្វាគមន៍ វេស្ទើន សម្រាប់ប្រកួតចុងក្រោយរបស់ខ្លួនលីគ២០១៦ល្ងាចនេះ
ចន្លោះមិនឃើញ
ការប្រកួតចុងក្រោយ ឬសប្ដាហ៍ទី១៨ របស់ព្រះខ័នរាជស្វាយរៀង ប៉ុន្តែជាការប្រកួតសប្ដាហ៍ទី១៧របស់វេស្ទើនភ្នំពេញ នៃក្របខ័ណ្ឌកំពូលកម្ពុជាឆ្នាំ២០១៦ ដែលនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងនាវេលាម៉ោង៦:០០នាទីល្ងាចនេះ ដែលមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV ។
ការប្រកួតលើកទី១៨ របស់ព្រះខ័នរាជស្វាយរៀងអាចចាត់ទុកបានថា ជាជំនួបដ៏សំខាន់មួយក្នុងការប្រជែងយកតំណែងលេខ៤ ក្នុងតារាងលីគកំពូលកម្ពុជាជាមួយភ្នំពេញក្រោន ដែលស្ថិតនៅលេខ៤មាន២៨ពិន្ទុស្មើគ្នា។ ប្រសិនបើស្វាយរៀងបញ្ចប់ត្រឹមស្មើឬ ឈ្នះការប្រកួតល្ងាចនេះទៅលើវេស្ទើននោះពួកគេនឹងទទួលបានលេខ៤ប្រចាំឆ្នាំ២០១៦ នៃក្របខ័ណ្ឌកំពូលរបស់កម្ពុជា។
ទាក់ទិននឹងការប្រកួតកន្លងមកលោក សំ វ៉ាន់ដេត គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងធ្លាប់បានឲ្យដឹងថា ក្រុមរបស់លោក នឹងលេងឲ្យអស់ពីសមត្ថភាពពោលគឺមិនបន្ធូរបន្ថយឡើយ។ ជ័យជម្នះរបស់ក្រុមជារឿងសំខាន់ ដើម្បីបំពេញតម្រូវការរបស់អ្នកគាំទ្រ។
ងាកមកខាងវេស្ទើនភ្នំពេញវិញ ទើបតែរកបាន៨ពិន្ទុប៉ុណ្ណោះក្នុងចំណោម១៦ប្រកួតកន្លងមក។ ក្រុមមួយនេះត្រូវការឈ្នះជំនួបល្ងាចនេះដើម្បីអាចគេចចេញពីដំបន់កាត់ចោល។ វេស្ទើនឈរលេខ៩ក្នុងតារាងលីគកំពូលកម្ពុជា ប៉ុន្តែសល់មួយប្រកួតក្នុងដៃដែលជាជំនួបដ៏សំខាន់បំផុតក្នុងសប្ដាហ៍ទី១៨ របស់ខ្លួនប៉ះស៊ីម៉ាក់ ដែលមាន៨ពិន្ទុដូចគ្នាស្ថិតនៅលេខ៨ វេលាម៉ោង៣:៣០នាទីនៅកីឡដ្ឋានវេស្ទើន។
ក្រុមទាំងពីរនេះជួបគ្នាកាលពីជើងទី១ ស្វាយរៀងលត់៣-១ ក្នុងដីរបស់វេស្ទើន។ ចុះជើងទី២នេះវិញតើក្រុមណាយកបាន ៣ពិន្ទុ?
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា