ក្រុម​បាល់ទាត់​នារី សសយក ​ស្វាយ​រៀង ​ឈ្នះ​ខេត្ត​កណ្ដាល ១៤-០ ​ក្នុង​ប្រកួត​ដំបូង

  • 2016-09-15 16:15:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​នារី សសយក ​ខេត្ត​ស្វាយរៀង អាយុ​ក្រោម​១៦​ឆ្នាំ​បាន​យក​ឈ្នះ​ក្នុង​ប្រកួត​ទី​មួយ​របស់​ខ្លួន លើ​ក្រុម​បាល់ទាត់​នារី​របស់​មន្ទីរ អយក ​ខេត្ត​កណ្ដាល​ដោយ​លទ្ធផល ១៤-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ជើង​ឯក​បាល់ទាត់​នារី​កម្ពុជា​ឆ្នាំ​២០១៦។

 

 

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ ធ្វើ​នៅ​មជ្ឈមណ្ឌល ​និង​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី​ ដោយ​ត្រឹម​តង់​ទី​មួយ ​ក្រុម​ សសយក ខេត្ត​ស្វាយ​រៀង​រក​បាន​៩​គ្រាប់​ទៅ​ហើយ។ ខណៈ​ដែល​ចូល​ដល់​តង់​ទី​២ ​ពួកគេ​ថែម​បាន​៥​គ្រាប់​ទៀត ដើម្បី​យក​បាន​៣​ពិន្ទុ​ក្នុង​ប្រកួត​ដំបូង​របស់​ពួកគេ។ ចំពោះ​ប្រកួត​បន្ទាប់​វិញ ក្រុម​បាល់ទាត់​នារី​មក​ពី​ខេត្ត​ស្វាយ​រៀង​នេះ​ នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​មន្ទីរ អយក ​ខេត្ត​បាត់​ដំបង ​នៅ​ថ្ងៃ​សុក្រ ទី​១៦ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក។

 

 

សូម​បញ្ជាក់​ថា​ពាន​រង្វាន់​ជម្រើស​ជើង​ឯក​បាល់​ទាត់​នារី​ ឆ្នាំ​២០១៦​ ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ​រហូត​ដល់​ថ្ងៃ​ទី​២៤ ​ខែ​កញ្ញា​ ឆ្នាំ​២០១៦ ​នៅ ​មជ្ឈមណ្ឌល ​និង​សាលា​បាល់ទាត់​ជាតិ​បាទី ​ខេត្ត​តាកែវ​ ដែល​រៀប​ចំឡើង​ដោយ​ សហព័ន្ធ​កីឡា​បាល់ទាត់​ជាតិ​កម្ពុជា។ ក្រុម​ដែល​ចូល​រួម​មាន​តែ​១០​ក្រុម​ទេ ក្រោយ​ពី​ក្រុម​មន្ទីរ អ.យ.ក ​ខេត្ត​ក្រចេះ​ សុំ​ដក​ខ្លួន ដោយ​១០​ក្រុម​នេះ​បែងចែក​ជា​២​ពូល​ ប្រកួត​​សន្សំ​ពិន្ទុ​ក្នុង​ពូល ​យក​អ្នក​លេខ​១​និង​លេខ​២ ​តាម​ពូល​និមួួយៗ ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្ដាច់ព្រ័ត្រ។

 

ពូល​A

ពូល B

សសយក ​ខេត្ត​ស្វាយ​រៀង

មន្ទីរ អយក ​ខេត្ត​កំពង់​ឆ្នាំង

មន្ទីរ អយក ​ខេត្ត​បាត់​ដំបង

ម៉ៃធីហ្គើល (អង្គការ​នៅ​បាត់​ដំបង)

មន្ទីរ​ អយក ​ខេត្ត​តាកែវ

សមាគម​កីឡា​ខេត្ត​ព្រះ​វិហារ

អង្គរ​អែហ្វស៊ី

អង្គការ​សាន់រ៉ាយ

មន្ទីរ អយក ​ខេត្ត​កណ្ដាល

មន្ទីរ អយក ​ខេត្ត​ត្បូង​ឃ្មុំ

 

នេះ​ជា​លើក​ទី​៦​ហើយ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​នារី​របស់​កម្ពុជា ​ហើយ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ដែល​ឈ្នះ​គឺ​២​លាន​រៀល។ ក្រុម​ដែល​ទទួល​បាន​លេខ​២ ​ទទួល​បាន​ ១ ២០០ ០០០ រៀល ​លេខ​៣​បាន ៨០០ ០០០​រៀល ។ ក្រុម​ដែល​ Fair Play ​បាន​ ៨០០ ០០០ ​រៀល ​និង​កីឡា​ការិនី​ស៊ុត​ចូល​ច្រើន​ជាង​គេ​បាន​៤០០ ០០០ រៀល៕

 

អត្ថបទ៖ មុន្នី រម្យ

រូបភាព៖ផ្ដល់ឱ្យ