រក​ឃើញ​កន្លែង​លក់​ឆៃប៉ូវ​លាក់​មុខ​គ្មាន​យីហោ​នៅ​ស្អាង ល្បី​ដល់​ថ្នាក់​លក់​ទៅ​អាមេរិក កាណាដា

  • 2016-12-09 01:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណាៗ​ក៏​ល្បី​ឆៃប៉ូវ​ឆ្ងាញ់​ដែល​មាន​លក់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ កាត់​ស្រុក​ស្អាង ខេត្ត​កណ្ដាល ទាស់​ត្រង់​ថា គេ​មិន​ដឹង​ថា តូប ផ្ទះ ឬ​កន្លែង​ណា​មាន​លក់​ឆៃប៉ូវ​សុទ្ធ​គ្មាន​ប្រើ​ថ្នាំ និង​ឆ្ងាញ់។

ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» បាន​សាកសួរ​អ្នក​ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​ប្រើ​ពេល​ជា​ច្រើន ទម្រាំ​ឃើញ​រក​ផ្ទះ​គ្មាន​យីហោ បិទ​ទ្វារ​ជិត​ឈឹង​ជាប់​ប៉ុស្តិ៍​នគរបាល​ឃុំ​ទឹកវិល ដែល​លក់​ឆៃប៉ូវ​ដែល​ល្អ​សុទ្ធ គ្មាន​ប្រើ​ថ្នាំ មេ​ស្ករ ហើយ​តម្លៃ​ថ្លៃ​លើស​កន្លែង​ដទៃ​ទៀត​ផង ពោល​គឺ​ថ្លៃ ១២ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម បើ​ធៀប​នឹង​ឆៃប៉ូវ​មិន​សូវ​សុទ្ធ​ល្អ​ថ្លៃ​មិន​ដល់ ឬ​ត្រឹម ១០ ០០០ រៀល។

នេះ​ជា​រូបភាព​ឆៃប៉ូវ​លេខ​២ ព្រោះ​ឆៃប៉ូវ​លេខ​១ លក់​អស់​គ្មាន​សល់

អ្នក​ស្រី យន់ រ៉ុង អ្នក​លក់​ឆៃប៉ូវ​ជាង ១០ ឆ្នាំ​នៅ​ភូមិ​ព្រែក​អុង​ប៉ាង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ដែល​អ្នក​ភូមិ​ប្រាប់​ថា​ជា​អ្នក​ឆៃប៉ូវ​សុទ្ធ​ឆ្ងាញ់​នោះ បាន​ប្រាប់​ក្រុម​ការងារ «ផ្លូវ​ទៅ​ស្រុក» ថា អ្នកស្រី​ធ្វើ និង​លក់​តែ​ឆៃប៉ូវ​ល្អ​លេខ​១ មិន​ក្រិន ហើយ​មាន​អ្នក​អាមេរិក និង​កាណាដា​មក​ទិញ​ដែរ ខណៈ​ពេល​ធ្វើ​ម្ដងៗ គឺ​ប្រើ​ឆៃថាវ ៥០០ គីឡូក្រាម បាន​ត្រឹម​ឆៃប៉ូវ ៥០-៦០ គីឡូក្រាម ហើយ​លក់​មិន​ដែល​សល់ ព្រម​ទាំង​ធ្វើ​លក់​មិន​ទាន់។

អ្នក​ស្រី​ថា ​ឆៃប៉ូវ​នេះ​ផលិត​ចេញ​ពី​ឆៃថាវ​ដែល​ដាំ​នៅ​ស្អាង មិន​នាំ​ចូល​ពី​ខេត្ត​ក្រៅ ឬ​មិន​មែន​ជា​ឆៃថាវ​ដាំ​នៅ​តំបន់​ដី​ក្រហម (មិន​សូវ​មាន​មាន​សាច់ ព្រោះ​មាន​ទឹក​ច្រើន) ឯ​សាច់​ឆៃប៉ូវ​វិញ​ស្វិត​បែប​ស្រួយ រស​ជាតិ​ផ្អែម​ប្រៃ​ល្មម។

អ្នក​លក់​ឆៃប៉ូវផង ធ្វើ​ចម្ការ​បន្លែ​ផង ​រូប​នេះ ​បញ្ជាក់​ថា ​ឆៃប៉ូវ​ដែល​ប្រើ​ថ្នាំ (ក្រាម) គឺ​ទុក​បាន​យូរ ត្រូវ​ទឹក​ភ្លៀង (ពេល​ហាល) ឬ​ត្រូវ​ខ្យល់ មិន​មាន​ឡើង​រអិល ឬ​ខូច​នោះ​ទេ តែ​បើ​ឆៃប៉ូវ​សុទ្ធ នឹង​ឡើង​រអិល ឬ​ធុំ​ក្លិន។

នេះ​ជា​រូបភាព​ឆៃប៉ូវ​លេខ​២ ព្រោះ​ឆៃប៉ូវ​លេខ​១ លក់​អស់​គ្មាន​សល់

អត្ថបទ៖ លី សុផាត