មុនឡើងភ្នំសន្ទុក ត្រូវដឹងរឿងរ៉ាវ ៧ចំណុចនេះ
- 2016-12-15 05:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនឡើងភ្នំសន្ទុក ត្រូវដឹងរឿងរ៉ាវ ៧ចំណុចនេះ
ចន្លោះមិនឃើញ
ភ្នំសន្ទុកត្រូវបានគេចាត់ទុកថា ជារមណីយដ្ឋានធម្មជាតិផង និង ប្រវត្តិសាស្ត្រផង ដែលល្បីល្បាញនៅក្នុងខេត្តកំពង់ធំ។ រមណីយដ្ឋាននេះ មានចម្ងាយប្រមាណជា ១៧គីឡូម៉ែត្រ ពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក។ តើនៅលើភ្នំសន្ទុកមានប្លែក និងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ? ឆ្លើយតបនឹងសំណួរនេះ គឺភ្នំសន្ទុកមានតំបន់ពិសេសចំនួន៧ ដែលជាទីចាប់អារម្មណ៍ និង ត្រូវដឹងមុនទៅលេងភ្នំសន្ទុក៖
-ទី១. ផ្លូវឡើងភ្នំសន្ទុក៖ ការធ្វើដំណើរឡើងភ្នំសន្ទុកគឺមានមធ្យោបាយចំនួនពីរ គឺទី ១ អាចធ្វើដំណើរដោយយានយន្ត ឬ ម៉ូតូ តាមផ្លូវក្រវៀចក្រវៀន តាមចង្កេះភ្នំរហូតដល់កំពូលភ្នំ តាមរយៈថ្នល់ចាក់បេតុងយ៉ាងមាំ និង មានចំណតយានយន្តយ៉ាងធំទូលាយផងដែរ។ ទី២. ភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង តាមរយៈកាំជណ្ដើរពីជើងភ្នំដល់កំពូលភ្នំ ដែលមានកាំជណ្ដើរសរុបចំនួន ៨០៩ កាំ។
**-ទី២. ពុទ្ធបដិមា៖** នៅលើកំពូលភ្នំមានរូបព្រះពុទ្ធបដិមាដ៏អស្ចារ្យ ដែលធ្វើឡើងពីថ្មភ្នំ ឥរិយាបថចូលព្រះនិព្វាន ដែលមានប្រវែង ១០ ម៉ែត្រ និង មានរូបចម្លាក់ព្រះព្រះពុទ្ធរូបដទៃទៀតដែលហាក់ដូចជាផុសចេញពីថ្មភ្នំអញ្ចឹង។
-ទី៣. ប្រាសាទតេជោក្រហមក៖ នៅលើកំពូលភ្នំនេះមានប្រាសាទមួយល្បីស័ក្ដិសិទ្ធិ នោះគឺជាប្រាសាទតេជោក្រហមក ដែលប្រាសាទនេះមានជាប់ទាក់ទងរឿងរ៉ាវប្រវត្តិសាស្ត្រផង និង អប្បិយជំនឿផង។ លោក យាយ ម៉ៅ អ្នកថែរក្សាកន្លែងអ្នកតាក្រហមក លើភ្នំសន្ទុកនិយាយថា នៅប្រាសាទនេះមានមានអ្នកបន់ស្រន់ជាហូរហែព្រោះតែការបួងសួងច្រើនបានសម្រេច។ "កូនអើយ! អ្នកមកបន់ច្រើនណាស់ ខ្លះមកបន់ឲ្យការចូលចែចូវបានសម្រេច រកស៊ីមានបាន ប្រលងជាប់ ខ្លះសុំកូនក៏មាន។ ការប្រាថ្នាទាំងអស់ច្រើនបានសម្រេច"។
-ទី៤. ចម្លាក់សុដន់ក្រមុំ និងមេម៉ាយ អមរណ្ដៅអណ្ដូងតាប្រេង៖ នៅក្បែរប្រាសាទតេជោក្រហមក គឺមានរូបចម្លាក់ពីរដែលធ្វើឲ្យភ្ញៀវទេសចរមានការភ្ញាក់ផ្អើលនោះ គឺជារូបចម្លាក់សុដន់ក្រមុំ និង មេម៉ាយ ហើយនៅកណ្ដាលនៃរូបចម្លាក់នេះ មានរូបរណ្ដៅអណ្ដូងតាប្រេងមួយ ដែលភ្ញៀវទេសចរទៅហើយរមែងធ្វើពិធីបន់ស្រន់។ តាមពិតរូបចម្លាក់ និង រណ្ដៅនេះ គឺជាដំណើរព្រេងមួយដែលបានដំណាលមកថា រណ្ដៅនោះគឺជាកន្លែងបញ្ចុះសពអតីតព្រះមហាក្សត្រមួយអង្គ នៃសម័យបុរាណ ដែលកាលនោះស្ដេចអង្គនេះបានប្រព្រឹត្តិអំពើឃោរឃៅចូលចិត្តស៊ីសាច់ព្រៃ តែក្រោយមកក៏កាប់សម្លាប់ស្ត្រី (សម្លាប់ស្ត្រីយកកន្សោមដោះស្រីៗដើម្បីធ្វើជាក្រយាឲ្យទ្រង់សោយ) និងក្រោយមកត្រូវស្ដេចជំនាន់ក្រោយដឹងរឿងក៏ព្រមព្រៀងគ្នាជាមួយនឹងប្រជារាស្ត្រ ដើម្បីចាប់កំហុសស្ដេចនោះ ដើម្បីកាត់ទោសធ្វើគុត ហើយក៏ទម្លាក់សពចូលទៅក្នុងរណ្ដៅនេះតែម្ដង។ ចំពោះរូបចម្លាក់សុដន់ពីរនោះ គឺយើងសង់ឡើងដើម្បីជានិមិត្តរូប នៃការពញ្ញាក់អារម្មណ៍ដល់ទង្វើឃោរឃៅគ្មានមនុស្សធម៌ក្នុងរឿងព្រេងនោះ និងចង់ដាស់តឿនឲ្យមនុស្សគ្រប់គ្នាកុំមានគំនិតប្រព្រឹត្តិទង្វើបែបនេះទៀត។
-ទី៥. ប្រាសាទថ្មអណ្ដែត៖ ភ្ញៀវទេសចរជាច្រើននៅពេលបានទៅដល់ភ្នំសន្ទុកក៏មិនសូវរំលងទៅមើលថ្មអណ្ដែតដែលគេដាក់នៅក្នុងកញ្ចក់ទឹកមួយ ហើយថ្មមួយដុំនោះអណ្ដែតលើទឹក ដែលធ្វើឲ្យមនុស្សម្នាជឿថា មានបារមីស័ក្ដិសិទ្ធិបន់ស្រន់អ្វីតែងបានសម្រេចដូចបំណងប្រាថ្នា។ លោកយាយ បូ ថុល អ្នកថែរក្សាថ្មអណ្ដែត ជាង១០ឆ្នាំ បាននិយាយថា បារមីថ្មអណ្ដែតបានជួយមនុស្សច្រើនពីក្រីក្រទៅជាអ្នកមានធូរធារដូច្នេះហើយទើបមានអ្នកមកបន់ស្រន់ជាហូរហែ។
-ទី៦. កន្លែងបោះកាក់ផ្សង៖ ចុះពីលើកំពូលភ្នំមកក្រោមបន្តិចនៅខាងឆ្វេងដៃមានផ្លាកមួយសរសេរប្រាប់ថា "កន្លែងបោះកាក់"។ ទីនេះល្បីស័ក្ដិសិទ្ធិថា ប្រាថ្នាអ្វីច្រើនបានសម្រេច ជាពិសេសការប្រាថ្នាផ្សងរកគូព្រេង និងរកស៊ីមានបាន។ ការប្រាថ្នាបានឬមិនបាន គឺមានតម្រុយពីរ។ ទី១ បើបោះកាក់ចូលតាមចន្លោះនៃរង្វះភ្នំមួយលាន់ឮស្នូរក្រឺងៗ បានសេចក្ដីថា សេចក្ដីប្រាថ្នានឹងបានសម្រេច និង ទី ២ អត់ឮអី គឺគ្រាន់តែបានបុណ្យកុសល។ នេះបើតាមអ្នកភូមិប្រាប់ឲ្យដឹង។
-ទី៧. ហ្វូស្វា៖ នៅលើភ្នំសន្ទុកមានហ្វូងស្វាមិនក្រោម ២០០ ក្បាលនោះទេ។ ហ្វូងស្វាទាំងនេះបានបែងចែកជា ៣ ក្រុម ហើយក្រុមនិមួយៗមិនត្រូវគ្នា បើជួបគ្នានឹងខាំគ្នាមិនខាន។ មួយទៀតប្រសិនបើភ្ញៀវទេសចរលេងសើចជាមួយស្វាបែបបន្លាច វានឹងខាំមិនខាន ប៉ុន្តែ បើបោះចំណីអីមិនជាអ្វីទេ។ តែត្រូវប្រយ័ត្នរបស់របរផងណា តែប្រហែសស្វាឆក់យកបាត់។
ទាំង ៧ចំណុចខាងលើនេះ គឺជាចំណុចសំខាន់ៗរបស់ភ្នំសន្ទុក ប៉ុន្តែ នៅមានច្រើនទៀត ដែលភ្ញៀវទេសចរអាចនឹងទទួលបានអារម្មណ៍ប្លែកនៅផ្ទាំងរូបភាព និង ខ្យល់ធម្មជាតិ ដ៏ល្អផូរផង់ ហើយភ្ញៀវទាំងឡាយក៏អាចមើលពីលើកំពូលភ្នំចុះមកក្រោមឃើញសម្រស់ផ្ទះអ្នកភូមិ វាលស្រែ នៃស្ថានភាពរស់នៅរបស់ប្រជាជនក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ទាំងមូលផងដែរ។