កសិករ​នៅ​វិហារសួគ៌​នាំ​គ្នា​ប្ដូរ​មក​ដាំ​ឈូក ល្បី​ថា​នាំ​ចេញ​ទៅ​ចិន​

  • 2016-12-19 08:32:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិករ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​វិហារសួគ៌ ខេត្ត​កណ្ដាល បាន​នាំ​គ្នា​ប្ដូរ​ដី​ស្រែ​មក​ដាំ​ឈូក​ជំនួស​ស្រូវ​នៅ​ឆ្នាំ​២០១៦ នេះ ដោយសារ​ទិន្នផល​ស្រូវ​លក់​មិន​បាន​ថ្លៃ គ្មាន​កម្រៃ​គ្រប់​គ្រាន់​ផ្គត់​ផ្គង់​ឆ្នាំង​បាយ។ ចំពោះ​​ដំណាំ​ឈូក​នេះ ល្បី​ថា​នាំ​ចេញ​ទៅ​ដល់​ប្រទេស​ចិន​តាម​រយៈ​ឈ្មួញ​វៀតណាម។

លោក ហៃ ឆៃហ៊ាង ជា​កសិករ​នៅ​ភូមិ​ព្រៃ​លាក់​ម្ចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន​ដី​ស្រែ​នៅ​អម​សង​ខាង​ផ្លូវ​សុទ្ធតែ​ដំណាំ​ស្រូវ ប៉ុន្តែ​ឆ្នាំ​នេះ កសិករ​ជា​ច្រើន​គ្រួសារ​បាន​ងាក​មក​ដាំ​ឈូក​វិញ ព្រោះ​អាច​បាន​កម្រៃ​ខ្ពស់ ចំណេញ​ច្រើន។

លោក ហៃ ឆៃហ៊ាង

លោក ហ៊ាង បាន​បញ្ជាក់​ថា ឈូក​នេះ​មិន​មែន​ដាំ​លក់​ទាំង​ខ្ចី​ឡើយ គឺ​រង់​ចាំ​ដល់​ទុំ ហាល​ឲ្យ​ស្ងួត​ទើប​លក់​ចេញ​ក្នុង​តម្លៃ ១​គីឡូក្រាម​ពី ៦៥០០ ទៅ ៨០០០​រៀល​តាម​ទីផ្សារ​ឡើង​ចុះ។ កសិករ​រូប​នេះ អះ​អាង​ថា​មាន​ឈ្មួញ​មក​ទិញ​ដល់​កន្លែង រួច​លក់​បន្ត​ទៅ​ឲ្យ​ឈ្មួញ​វៀតណាម​ដឹក​ចេញ​តាម​ទូក។ បន្ទាប់​មក ឈ្មួញ​វៀតណាម​ទាំង​នោះ ធ្លាប់​ប្រាប់​លោក​ថា ពួក​គេ​លក់​ចេញ​បន្ត​ទៅ​ដល់​ប្រទេស​ចិន ដែល​គេ​អាច​យក​ទៅ​ធ្វើ​ជា​អាហារ​សម្រន់ ម្សៅ ឬ​ថ្នាំ​ផ្សេង​ផ្សេង។

បើ​ទោះ​បី​ជា​ចំណេញ​ច្រើន​ ប៉ុន្តែ​ការ​ដាំ​ឈូក​នេះ ប្រឈម​ហានិភ័យ​ខ្ពស់​ជាង​ការ​ដាំ​ស្រូវ​រាប់​សិប​ដង។ លោក ហ៊ាង បាន​បញ្ជាក់​ថា ប្រសិន​បើ​មាន​ជំងឺ ឬ​មាន​សត្វ​ស៊ី នោះ​ការ​ខាត​បង់​អាច​មាន​រហូត​ដល់ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ហិកតារ។ ប៉ុន្តែ​បើ​ថែរក្សា​បាន​ល្អ បូក​រួម​ទាំង​ដី​មាន​ជីវជាតិ​ល្អ ទិន្នផល​ឈូក​ក្នុង​មួយ​ហិកតារ​​អាច​បាន​ចាប់​ពី ២​តោន​​ឡើង​ត្រឹម​រយៈ​ពេល ៤​ខែ​ប៉ុណ្ណោះ ហើយ​អាច​ចំណេញ​បាន​ប្រហែល ២​ពាន់​ដុល្លារ​ជា​មធ្យម៕

អត្ថបទ៖ គង់ វិសាល