គ្រួសារកូនតូចៗ១២នាក់ ហូរទឹកភ្នែក ព្រោះមានអំពូលភ្លើងអាគុយតែ១ ពេលយប់
- 2016-12-25 23:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រួសារកូនតូចៗ១២នាក់ ហូរទឹកភ្នែក ព្រោះមានអំពូលភ្លើងអាគុយតែ១ ពេលយប់
ចន្លោះមិនឃើញ
គ្រួសារធំមួយ ដែលមានក្មេងតូចៗចំនួន១២នាក់ រស់នៅលើផ្ទះតែ១ខ្នង ស្ថិតនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបរាប់ទាំងទឹកភ្នែកថា ពួកគេមានជីវភាពខ្វះខាតខ្លាំងមែនទែន ខណៈនៅពេលយប់ គឺមានតែអំពូលភ្លើងតែ១គត់ ចាប់អាគុយ សម្រាប់បំភ្លឺប៉ុណ្ណោះ។
ក្រុមហ៊ុន Total Cambodge ដៃគូសហការរបស់គម្រោង «ផ្លូវទៅស្រុក» បានចែកជូនអំពូលភ្លើង Solar ចំនួន២ ដែលមានអាយុកាល៥ឆ្នាំ ដល់គ្រួសារដ៏ខ្វះខាតខ្លាំងមួយនេះ ក៏ដូចជាជួយដល់ក្មេងៗ ដែលរស់នៅទាំងលំបាកវេទនា ហើយក្មេងៗខ្លះ ត្រូវការពន្លឺភ្លើងរៀនសូត្រ នាពេលរាត្រីផងដែរ។
អ្នកស្រី សន ហាន និងអ្នកស្រី ពៅ ស្រីលា បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា សព្វថ្ងៃគ្រួសាររបស់អ្នកស្រី ស៊ីឈ្នួលច្រូតស្រូវគេ។ ក្នុង១ផ្ទះនេះរស់នៅ៣គ្រួសារ និងមានកូនតូចៗ១២នាក់ ហើយអ្នកស្រីគ្មានលទ្ធភាពដាក់ភ្លើងអគ្គិសនីប្រើនោះទេ ដោយមានតែអាគុយមួយប្រើតែ៣ថ្ងៃ គឺអស់ថាមពល។ ក្រោយពីទទួលបានអំពូលភ្លើង Solar អ្នកស្រីបាននិយាយថា៖ "ខ្ញុំសូមជូនពរដល់ក្រុមហ៊ុន Total ឲ្យកាន់តែរីកចម្រើនទៅមុខ ដែលបានជួយដល់គ្រួសារយើងខ្ញុំ”។
ចំណែកឯប្អូនស្រី របស់អ្នកស្រីទាំង២នាក់ខាងលើ ដែលមានអាយុ២៨ឆ្នាំ មានកូនតូចៗ៦នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលវះកាត់ជំងឺដុះសាច់ក្នុងក្រពះនៅភ្នំពេញ ខណៈប្តីក៏ទៅតាមជួយមើលថែដែរ និងសង្ឃឹមអាចរស់តិចតួចណាស់។ រីឯកូនតូចៗទាំង៦នាក់របស់ពួកគេ កំពុងរស់នៅជាមួយពូមីង ទាំងលំបាកវេទនា ហើយក្មេងខ្លះពុំមានសូម្បីខោអាវស្លៀកពាក់ឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖