តិចអត់ដឹងថា ព្រះពុទ្ធរូបធំជាងគេនៅខ្មែរ កសាងឡើងដើម្បីអ្វី?
- ព្រហស្បតិ៍, 5 មករា 2017 23:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹងថា ព្រះពុទ្ធរូបធំជាងគេនៅខ្មែរ កសាងឡើងដើម្បីអ្វី?
ចន្លោះមិនឃើញ
ព្រះពុទ្ធរូបធំជាងគេបំផុតនៅប្រទេសកម្ពុជា ត្រូវបានគេតម្កល់នៅវត្តព្រៃអង្គរ ភូមិនគរក្នុង ឃុំដូនតី ស្រុកពញាក្រែក ចម្ងាយ១៦,៥គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។ ព្រះពុទ្ធរូបព្រះអង្គទ្រង់ផ្ទំនេះ កសាងឡើង ដើម្បីជាវត្ថុតាងមួយ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា និងសម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរ ស្គាល់ពីកិរិយា របស់ព្រះសម្មាសម្ពុទ្ធ។
ព្រះតេជគុណ មុំ កុសល គ្រូសូត្រនៅវត្តព្រៃអង្គរ មានសង្ឃដីកាប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា ព្រះពុទ្ធរូបព្រះអង្គផ្ទំនេះ កសាងឡើងកាលឆ្នាំ២០០៧។ បងប្អូនខ្លះច្រឡំថា ព្រះពុទ្ធរូបនេះជាព្រះពុទ្ធរូបព្រះនិព្វាន ប៉ុន្តែមិនមែនទេ។ បើព្រះពុទ្ធរូបព្រះនិព្វានគឺ មានខ្នើយកើយនៅនឹងព្រះកេស រីឯព្រះពុទ្ធរូបនេះវិញ គ្មានកើយអ្វីទេ គ្រាន់តែច្រត់ព្រះហស្តធម្មតាផ្ទំសម្រាកព្រះកាយប៉ុណ្ណោះ។
“ព្រះពុទ្ធរូបនេះទៀតសោត អាចនិយាយបានថា ជាព្រះពុទ្ធរូបមួយធំជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដែលមានប្រវែងពីចុងព្រះបាត ទៅព្រះកេស ៤៥ម៉ែត្រ ២តឹក កម្ពស់ពីព្រះហស្តទៅព្រះកេស ១៣ម៉ែត្រ ៥តឹក។ ព្រះពុទ្ធរូបនេះ ត្រូវបានចាប់ផ្តើមកសាងឡើងនៅឆ្នាំ២០០៧ និងសាងសង់រួចរាល់នៅឆ្នាំ២០០៩។ ការសង់ព្រះពុទ្ធរូបនេះ គឺដើម្បីជាវត្ថុតាងមួយ សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅតំបន់នេះ និងសម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរសម័យបច្ចុប្បន្ន ស្គាល់ពីកិរិយា របស់ព្រះពុទ្ធបរមគ្រូ ថាតើ ព្រះអង្គផ្ទំរបៀបណា”។ ព្រះតេជគុណ កុសល មានសង្ឃដីកា បញ្ជាក់បន្ថែម៕