ពេលដល់ភ្នំប្រុសភ្នំស្រី យុវវ័យនៅតែនឹកគិតដល់ប្រាជ្ញាដ៏ឆ្លាតរបស់ស្ត្រី
- 2017-01-04 23:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលដល់ភ្នំប្រុសភ្នំស្រី យុវវ័យនៅតែនឹកគិតដល់ប្រាជ្ញាដ៏ឆ្លាតរបស់ស្ត្រី
ចន្លោះមិនឃើញ
ពេលនិយាយដល់ភ្នំប្រុស ភ្នំស្រីនៅទឹកដីខេត្តកំពង់ចាម នរណាក៏នឹកដល់ប្រាជ្ញាឆ្លាតវៃរបស់ស្ត្រីដែលបានយកឈ្នះបុរសៗក្នុងការលើកភ្នំ។ ចាប់តាំងពីពេលនោះមក បុរសបានគោរពតាមការសន្យាដោយត្រូវចូលស្តីដណ្តឹងដល់ស្ត្រីដើម្បីធ្វើជាភរិយារហូតដល់សព្វថ្ងៃ។
ដើមឡើយ ស្ត្រីជាអ្នកចូលស្តីដណ្តឹងបុរសធ្វើជាស្វាមី ប៉ុន្តែប្រការនេះធ្វើឲ្យមានការលំបាកខ្លាំងដល់ពួកគាត់ក្នុងនាមជាស្ត្រីភេទ ជាពិសេសសុភាពនារីដែលមានរូបសម្បត្តិមិនសូវស្អាត។ ក្រោយមក បុរស និងនារីបាននាំគ្នាប្រកួតលើកភ្នំដោយកំណត់ថា នរណាចាញ់ជាអ្នកចូលស្តីដណ្តឹងអ្នកឈ្នះ។ ក្នុងរយៈពេលមួយយប់ដូចគ្នា ក្រុមនារីទទួលបានជ័យជម្នះតាមរយៈការបង្ហូតភ្លើងគោមឲ្យខាងបុរសឃើញដើម្បីឲ្យគិតថា ជាព្រះអាទិត្យជិតភ្លឺចាប់ផ្តើមរះហើយក៏នាំគ្នាឈប់សម្រាក ខណៈក្រុមនារីនៅតែលើកដីបន្តរហូតភ្នំខ្ពស់ជាង។ នេះល្បងប្រាជ្ញាដ៏ឆ្លាតវៃរបស់ស្ត្រី ហើយបុរសក៏គោរពតាមការសន្យាដោយចូលស្តីដណ្តឹងស្ត្រីធ្វើជាភរិយារហូតដល់សព្វថ្ងៃ។ នេះជាប្រវត្តិសង្ខេបនៃរឿងភ្នំប្រុស ភ្នំស្រីនៅលើទឹកដីខេត្តកំពង់ចាម។
ទោះជារឿងនេះបានកន្លងរាប់រយឆ្នាំហើយក្តី ក៏នារីបច្ចុប្បន្ននៅតែនឹកគិត និងគោតសរសើរដល់ប្រាជ្ញាដ៏ឆ្លាតវៃរបស់ស្ត្រីនាសម័យកាលនោះ។ ដោយយុវតី ស៊ីន កែវសូនី សិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុនសែនសួងដែលបានទៅលេងភ្នំប្រុស ភ្នំស្រីបាននិយាយថា ៖«កុំតែបានប្រាជ្ញារបស់មនុស្សស្រីយើង កុំអី ពួកខ្ញុំទៅដណ្តឹងមនុស្សប្រុស ទៅដណ្តឹងប្រុសៗ បើពួកខ្ញុំអត់ស្អាតអី អីចឹងទៅ ប្រុសៗក៏អត់យកខ្ញុំដែរ។ អីចឹងត្រូវដឹងគុណដល់វីរនារីរបស់យើងដែលគាត់ខំកសាងភ្នំនេះឡើង»។ ចំណែកកញ្ញា ដួង ស្រីនិច និស្សិតធនាគារនៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមបន្ថែមថា ៖«ហើយខ្ញុំគិតថា វាអត់សមផងដែលមនុស្សមកដណ្តឹងមនុស្សស្រី»។
ចំណែកយុវជន ឆន ឆវ័ន្ត និស្សិតនៅភ្នំពេញមកពីខេត្តកំពង់ធំបានលើកឡើងថា ៖«ខ្ញុំមកទីនេះចង់ដឹងថា តើភ្នំដែលនារីកសាង យ៉ាងមិចដែរ? ពេលមកដល់ឃើញដូចប្រវត្តិរឿងព្រេងមែន។ និយាយរួមទៅក្នុងការងារមិនអាចខ្វះនារីបានឡើយ ភាពវៃឆ្លាតរបស់ពិតជាល្អមែន។ នៅទីនេះក៏មានអាកាសធាតុស្រស់ស្រាយដែរ»៕
ស្តាប់ការលើកឡើងរបស់ យុវវ័យ