យុវជន គេច សុគន់ សិក្សាផ្នែកវេជ្ជសាស្ត្រសត្វ ដើម្បីអភិវឌ្ឍសហគមន៍
- 2017-02-08 23:00:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជន គេច សុគន់ សិក្សាផ្នែកវេជ្ជសាស្ត្រសត្វ ដើម្បីអភិវឌ្ឍសហគមន៍
ចន្លោះមិនឃើញ
ជាកូនប្រុសទី២ ក្នុងចំណោមបងប្អូន ៥នាក់ យុវជន គេច សុគន់ អាយុ២៩ឆ្នាំ បានចាកចេញពីខេត្តពោធិ៍សាត់មកសិក្សាលើមុខជំនាញកសិកម្មផ្នែកវេជ្ជសាស្ត្រសត្វជំនាន់ទី ០៧ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង តាំងពីឆ្នាំ ២០១៣ ហើយនឹងត្រូវបញ្ចប់ការសិក្សានៅឆ្នាំ២០១៧ ខែមិថុនាខាងមុខនេះ។
យុវជន សុគន់ បាននិយាយថា មុខជំនាញផ្នែកវេជ្ជសាស្ត្រសត្វល្អម្យ៉ាងក្នុងការជួយអភិវឌ្ឍគ្រួសារ និងសហគមន៍ឲ្យមានការរីកចម្រើនឡើង ប៉ុន្តែបើប្រៀបធៀបនឹងមុខជំនាញដទៃទៀត ដូចជាមុខវិជ្ជាពេទ្យ គណនេយ្យ និងសេដ្ឋកិច្ច មុខជំនាញវេជ្ជសាស្ត្រសត្វហាក់មិនសូវមានអ្នករៀនច្រើនប៉ុន្មាននោះទេ។
យុវជន សុគន់ បន្តថា ចំពោះសិស្សដែលមករៀនជំនាញកសិកម្ម និងរៀនផ្នែកវេជ្ជសាស្ត្រសត្វ កន្លងមកដែលខ្ញុំធ្លាប់ដឹងគឺភាគច្រើនជាកូនអ្នកនៅតាមជនបទ ពិសេសច្រើនតែជាកូនកសិករតែម្តង គឺមករៀនច្រើនជាងអ្នកនៅភ្នំពេញ ព្រោះពួកគាត់មួយចំនួនគិតថា ការងារកសិកម្មជាការងារនឿយហត់ ណាមួយនៅភ្នំពេញពូកគាត់គិតថា ដូចជាអត់មានត្រូវដាំដំណាំ ឫចិញ្ចឹមសត្វអីនោះទេ។
ការដែលជ្រើសរើសជំនាញផ្នែកវេជ្ជសាស្ត្រសត្វមកការសិក្សាត្រូវបាន យុវជន សុគន់ និយាយថា រៀនផ្នែកកសិកម្មជំនាញវេជ្ជសាស្ត្រសត្វ មិនមែនដោយសារតែចំណង់ចំណូលចិត្តនោះទេ តែខ្ញុំគិតថា ខ្ញុំអាចយកចំណេះដឹងដែលខ្ញុំបានរៀននេះទៅជួយដល់សហគមន៍ និងបង្កើតកសិដ្ឋានចិញ្ចឹមសត្វផ្ទាល់ខ្លួន ព្រោះខ្ញុំមានជំនាញអាចព្យាបាលសត្វទាំងនោះបាននៅពេលវាឈឺឫមានជំងឺ។
សម្រាប់សិក្សាជំនាញផ្នែកវេជ្ជសាស្ត្រសត្វនេះ យុវជន សុគន់ បានឲ្យដឹងថា ដូចមិនជាស្រួលប៉ុន្មានទេ ព្រោះពេលដែលធ្វើធ្វើការព្យាបាលសត្វគឺយើងធ្វើការស្មានទាំងអស់។ សុគន់ បន្តថា ការដែលយើងធ្វើការស្មាននោះ ព្រោះយើងមិនអាចសួរវាបានទេថាឈឺអីឈឺកន្លែងណាគឺមានតែការស្មានទេ ហើយការស្មាននោះគឺទាមទារមានជំនាញច្បាស់លាស់ដោយយើងមិនអាចចេះតែស្មានៗនោះទេ។
យុវជន សុគន់ បានលើកឡើងថា វិស័យកសិកម្មគឺជា វិស័យមួយដែលប្រទេសកម្ពុជាយើងមិនអាចខ្វះបាន ដោយសារតែប្រទេសនេះគឺជាប្រទេសកសិកម្ម សម្រាប់និស្សិតដែលបានបញ្ចប់កាសិក្សាជំនាញនេះ ពួកគេអាចមានសមត្ថភាព ប្រើប្រាស់ចំណេះដឹងដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើវិស័យកសិកម្មអោយទទួលបានទិន្នផលជាអតិបរមា៕