បេស្បល ត្រូវការទីលានកម្រិតស្តង់ដារ៤ទៀតឲ្យមុនឆ្នាំ២០២៣
- 2017-06-20 02:07:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេស្បល ត្រូវការទីលានកម្រិតស្តង់ដារ៤ទៀតឲ្យមុនឆ្នាំ២០២៣
ចន្លោះមិនឃើញ
ឯកឧត្ដម ញ៉ែម ថាវី ប្រធានសហព័ន្ធកីឡាបេស្បលកម្ពុជា បានបញ្ជាក់ក្នុងកម្មវិធីជួបជុំក្រុមកីឡាកររបស់ខ្លួននៅទីស្ដីការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថា សហព័ន្ធរបស់ខ្លួនត្រូវតែមានទីលានកម្រិតស្តង់ដារចំនួន៤ទៀតឲ្យបានមុនឆ្នាំ២០២៣ ដើម្បីបម្រើការរៀបចំការប្រកួតកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម។
បច្ចុប្បន្នសហព័ន្ធកីឡាបេសប្បលមានទីលានកម្រិតស្តង់ដារមួយកន្លែងនៅខេត្តកំពង់ធំ។ ប៉ុន្តែទីលានមួយកន្លែងនេះមិនគ្រប់គ្រាន់ សម្រាប់បម្រើការរៀបចំការប្រកួតធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ឡើយ។
ទាក់ទងនឹង នឹងការចង់បានទីលានបន្ថែមនេះប្រធានសហព័ន្ធឯកឧត្ដម ញ៉ែម ថាវី បាននឹងកំពុងរៀបចំកិច្ចការនេះ ព្រមទាំងប្រឹងប្រែងស្វែងរកដៃគូជួយឧបត្ថម្ភ។ បច្ចុប្បន្នគម្រោងសាងសង់ទីលាននេះឈានបានមួយកម្រិតហើយ ដោយមានដីចំនួន៥ហិកតារសម្រាប់សាងសង់ទៀតផង។
លោកបញ្ជាក់ទៀតថា ដោយឡែកចំពោះប្រាក់ដែលត្រូវសាងសង់ទីលានស្តង់ដារមួយកន្លែងអាចមានតម្លៃខ្ទង់១០ម៉ឺនដុល្លារអាមេរិក ដែលជាចំនួនមួយច្រើនធ្វើឲ្យសហព័ន្ធរបស់លោកត្រូវតែស្វែងរកដៃគូជួយឧបត្ថម្ភ។ គម្រោងសាងសង់ទីលាននេះត្រូវតែធ្វើឲ្យបានរួចរាល់ត្រឹមឆ្នាំ២០២០ ដើម្បីត្រៀមរៀបចំការប្រកួតព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់មួយនេះ។
នៅក្នុងតំបន់អាស៊ាននេះមាន៩ប្រទេសដែលមានកីឡាបេស្បល ក្នុងនោះមាន ប្រទេសឡាវ សិង្ហបុរី ហ្វីលីពីន មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូណេស៊ី និងកម្ពុជា៕