រោងភាពយន្ត Legend សម្ពោធ​សាខា​ថ្មី​នៅ​ផ្សារ​ស្ទឹង​មានជ័យ​ថ្មី

  • 2014-09-13 16:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាខា​ថ្មី​មួយ​ទៀត បន្ទាប់​ពី​សាខា​ទី​២​នៅ​មជ្ឈមណ្ឌល TK របស់​រោងភាពយន្ត Legend បាន​បើក​ដំណើរ​ការ​ផ្លូវ​ការ​នៅ​ព្រឹក​នេះ ដោយ​បាន​បើក​ឲ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​ចូល​ទស្សនា​ភាពយន្ត​រឿង "អាង​ស្នេហ៍​អាង​គំនុំ" ដោយ​ឥត​គិត​ថ្លៃ​ផង។

រោងភាពយន្ត Legendសាខា​ថ្មី​នេះ ជា​សាខា​ទី​៣ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ផ្សារ​ស្ទឹង​មានជ័យ​ថ្មី​ជាន់​ទី៣។ ព័ត៌មាន​ពី​ក្រុមហ៊ុន នេះ គឺ​ជា​សាខា​ទី​៣​របស់​រោងភាពយន្ត​ខ្នាត​អន្តរជាតិ​មួយ​នេះ ដែល​ចំនួន Hall សរុប​ទាំង​អស់​ចំនួន ៤ Hall ប៉ុន្តែ​ដំណើរ​ការ​ដំបូង​នេះ​ត្រឹម​៣ Hall សិន​ប៉ុណ្ណោះ។

 

ប្រិយមិត្ត ​ដែល​ជា​អ្នក​គាំទ្រ បាន​បង្ហាញ​មុខ​យ៉ាង​ច្រើន​កុះករ​នា​ព្រឹក​មិញ ដើម្បី​ស្វាគមន៍​ការ​បង្កើត​សាខា​ថ្មី​របស់ Legend ។ យុវជន សូរ៉ា...វ័យ១៧ ថ្លែង​ថា រូប​គេ​រីករាយ​ដែល Legend បាន​មក​បើក​សាខា​ថ្មី​នៅ​ជិត​កន្លែង​ស្នាក់​នៅ​របស់​គេ។ "ពី​មុន ពេល​ខ្ញុំ​ចង់​ទស្សនា​ភាពយន្ត ខ្ញុំ​ទៅ​មើល​នៅ Sorya, City Mal និង​ចុង​ក្រោយ នៅ Major Cineplex ឥឡូវ​មាន​នៅ​ស្ទឹង​មានជ័យ​ទៀត រឹត​តែ​ប្រសើរ​ព្រោះ​ជិត​ផ្ទះ​ខ្ញុំ​ផង"។

អ្នក​ស្ទឹង​មានជ័យ​ម្នាក់​ ទៀត​ឈ្មោះ ផានុង វ័យ ១៨​ឆ្នាំ ឲ្យ​ដឹង​ថា គេ​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​រោងភាពយន្ត Legend។ កន្លង​មក ជា​ញឹកញយ​រូប​គេ​ទៅ​ទស្សនា​ភាពយន្ត​នៅ Legend នៅ​មជ្ឈមណ្ឌល TK ព្រោះ​នៅ​ជិត​សាលា​រៀន​របស់​គេ ឥឡូវ​មាន​ជម្រើស​កាន់​តែ​ច្រើន ព្រោះ​សាខា​ថ្មី​នៅ​ជិត​ផ្ទះ​របស់​គេ។ "នឹង​ទស្សនា​ទាំង​ពីរ តែ​ខាង​មាន Promotion ពិសេស ខ្ញុំ​ទៅ​ខាង​នោះ"។

 

ថ្លែង ​ជាមួយ​សំណើច​កក្អឹក​មិត្តភក្ដិ​របស់ ផានុង ឈ្មោះ​កញ្ញា អូមី វ័យ១៧​ឆ្នាំ ថ្លែង​ដូច​នឹង ផានុង ថា​កញ្ញា​នឹង​ទស្សនា​ភាពយន្ត​នៅ​រោងភាពយន្ត Legend គ្រប់​សាខា ប៉ុន្តែ​ថា សាខា​ថ្មី​ដែល​ស្ថិត​នៅ​ជិត​ផ្ទះ​របស់​នាង នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ជាង​ដល់​កញ្ញា។

អបអរ​ពិធី​បើក​សម្ពោធ​សាខា​ ថ្មី​នេះ Legend ដែល​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០១១ បាន​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​មួយ​ចំនួន​ជូន​អ្នក​គាំទ្រ។ ដំបូង​គឺ​កម្មវិធី​ទស្សនា​ភាពយន្ត​ដោយ​ឥត​គិត​ថ្លៃ និង​បន្ត​បន្ទាប់​មាន​កម្មវិធី​ជួប​ជុំ​ច្រៀង​រាំ​សប្បាយ​ជា​ច្រើន​ទៀត រហូត​ដល់​ម៉ោង ៣​រសៀល​ថ្ងៃ​នេះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី