មែនក៏អី! យុវជនគ្មានរបស់ទំនើបប្រើមិនចូលចំណោមគេ?
- 2017-08-06 08:24:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មែនក៏អី! យុវជនគ្មានរបស់ទំនើបប្រើមិនចូលចំណោមគេ?
ចន្លោះមិនឃើញ
សម្ភារៈទំនើបនិយម បានបង្អួតបង្ហាញភាពទាន់សម័យកាល រីឯមនុស្សក៏ចាប់ចិត្តចាប់អារម្មណ៍ ព្រមទៅតាមនោះដែរ។ ដោយគេបញ្ចេញនូវភាពស៊ីវិល័យទាន់សម័យថ្មី ដូចជាការប្រើប្រាស់ទូរសព្ទដៃទំនើបៗឡាន ម៉ូតូទំនើបៗ ជាពិសេសការស្លៀកពាក់ទាន់សម័យម៉ូតពេញនិយមជាដើម។ ផ្ដើមពីនោះក៏មានយុវជនខ្លះបង្ហាញទស្សនៈថា ការដែលពុំមានរបស់ទំនើបៗប្រើ គឺមិនចូលចំណោមនឹងគេ។
យុវជន បញ្ញា អាយុ ២២ឆ្នាំ បាននិយាយថា ការមានសម្ភារៈទំនើបនិយម ប្រើ វាពិតជាឡូយឆាយមែន តែវាបានធ្វើឲ្យមនុស្សចំណាយពេលវេលាជាមួយរបស់ទាំងនោះច្រើន ហើយថែមទាំងបានចាយវាយលុយកាក់យ៉ាងខ្ជីខ្ជា។ លើសពីនេះទៀត វាបានបង្កឲ្យមនុស្សមានគម្លាតចេញពីគ្នាដាច់ដោយឡែក អាចនិយាយថា មានការរើសអើងគ្នា។
នៅក្នុងសង្គមបច្ចុប្បន្នយុវជន យុវតីមួយចំនួនបានប្រើប្រាស់របស់ទំនើបៗ ដែលសឹងតែរោងចក្រផលិតមិនទាន់ កញ្ញា ដាលីស ជាបុគ្គលិកក្រុមហ៊ុនមួយបានប្រាប់ថា វាពិបាកដែរ ព្រោះមនុស្សសម័យនេះ គេចូលចិត្តប្រើប្រាស់របស់ទាន់សម័យ និងទំនើប ដូចនេះបើគ្មានរបស់ទំនើបៗដូចគេទេចូលចំណោមគេមិនចុះ និងមានអារម្មណ៍ថា ខ្មាសគេដែរ។
ចំណែកយុវជន ដាវិន បាននិយាយថា ពេលទៅណាមកណាខ្ញុំសង្កេតឃើញយុវវ័យឥឡូវគឺចូលចិត្តប្រើប្រាស់របស់ទំនើបៗ តាមគ្នាណាស់ ជាក់ស្ដែងដូចជាទូរស័ព្ទអញ្ចឹង ព្រោះនៅពេលឃើញគេកាន់ទូរស័ព្ទទំនើបៗ ជាធម្មតាមនុស្សយើងអ្នកណាមិនចង់បានរបស់ទំនើបប្រើនឹងគេ ហើយបើយើងអត់មានគឺមានអារម្មណ៍ថាដូចជាអត់ចូលចំណោមគេ សូម្បីតែមិត្តភក្ភិនៅកន្លែងការងារដែលមានរបស់ទំនើបប្រើក៏ខ្ញុំមិនសូវជាហ៊ានចូលជិតគេដែរ។
ចំពោះកញ្ញា ថាវី អាយុ២៤ឆ្នាំ បានលើកឡើងថា មានរបស់ប្រើទំនើបៗក៏អាចចូលចំណោមគេចុះ អត់មានក៏អាចចូលចំណោមគេចុះ តែបើមានវិញវាក៏ល្អដែរ វាប្រសើរជាងអត់មាន។ កញ្ញា បន្តថា កាលដែលយើងគិតថា ចូលចំណោមគេចុះឫមិនចុះនោះ គឺវាអាស្រ័យលើយើងខ្លួនឯង បើយើងគិតថា វារឿងធម្មតា ៗ។ អ្នកណាមិនចង់មានមិនចង់បានរបស់ល្អៗប្រើ តែធ្វើមិចបើអត់ ដូចពាក្យចាស់ពោលថា «បើឃើញដំរីជុះ កុំជុះតាមដំរី» ៕