ស្រឡាញ់គ្នាហេតុអ្វីទុកជាអាថ៌កំបាំង?
- 2017-08-14 02:01:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រឡាញ់គ្នាហេតុអ្វីទុកជាអាថ៌កំបាំង?
ចន្លោះមិនឃើញ
ត្រឹមវ័យ ១៨ឆ្នាំ មានបុរសម្នាក់ចាប់ផ្ដើមចូលមកជីវិតខ្ញុំ ក្នុងនាមជាសង្សារតែជាការលាក់បាំង តាំងពីឆ្នាំ ២០១៤ រហូតមកដល់ឆ្នាំ ២០១៧នេះ មិនមែនជារយៈពេលខ្លីទេ ហើយម្នាក់ៗក៏ចាស់ទុំគ្រប់គ្រាន់ ចំណែកការងារក៏មានធ្វើរៀងខ្លួន តែហេតុអ្វីគេនៅតែទាមទារការលាក់បាំងទៀត? ពាក្យស្រឡាញ់គេនិយាយរាល់ថ្ងៃ តែកាយវិការ ទង្វើគេធ្វើឱ្យខ្ញុំភ័ន្តភាំងវង្វេងវង្វាន់អស់ហើយ ថាតើគេស្រឡាញ់ខ្ញុំមែនអត់?
ខ្ញុំមកនិយាយទីនេះ មិនមែនមានន័យថាពួកយើងបែកគ្នាទេ តែខ្ញុំចង់បានយោបល់ពីអ្នកអានទាំងឡាយ ខ្ញុំពិតជាខ្វាយខ្វល់ក្នុងចិត្តណាស់។ ស្នេហាមួយអាចនិយាយថា កើតឡើងពីខ្ញុំដែរព្រោះខ្ញុំជាអ្នកសារភាពប្រាប់គេមុនថា ខ្ញុំស្រឡាញ់គេ ទោះខ្លួនជាមនុស្សស្រី តែសុខចិត្តកាត់ភាពអៀនខ្មាសទៅប្រាប់គេ ព្រោះទ្រាំលួចស្រឡាញ់គេមិនបាន។ តែបុរសម្នាក់ពូកែលេងសម្ដី រូបមិនសូវសង្ហារនោះប្រាប់ថាស្រឡាញ់ខ្ញុំដែរ ហើយចំមនុស្សដូចខ្ញុំមិនសូវចេះលាក់អារម្មណ៍ដែរ យើងក៏ក្លាយជាសង្សារនឹងគ្នាតាំងពីពេលនោះមក។
និយាយពីថាក្រោយធ្វើជាសង្សារគ្នា ឆាតជាមួយគ្នាដាច់យប់ ខលរកគ្នានិយាយពាក្យផ្អែមល្ហែមដាក់គ្នា ដូចស្រឡាញ់គ្នាខ្លាំងណាស់ចឹង តែពេលជួបមុខគ្នាធ្វើដូចធម្មតា ដូចអ្នកដទៃ និយាយទៅផ្អែមតែតាមឆាត តែតាមហ្វេសប៊ុក។ ពីដំបូងខ្ញុំគិតថា គាត់ប្រហែលជាចង់លាក់បាំងក្នុងរយៈពេលខ្លី តែនេះឡើងរាប់ឆ្នាំ ក្នុងហ្វេសប៊ុកមិនដែលបង្ហោះជាមួយគ្នាសូម្បីម្ដង Status ផ្អែមៗដូចសង្សារគេអ្នកដទៃក៏មិនដែល ប្រាប់មិត្តភក្ដិគាត់ថាខ្ញុំជាសង្សារគាត់ក៏មិនដែល បណ្ដើរខ្ញុំក្នុងកម្មវិធីជប់លៀងអីក៏មិនដែល។
ហឹមមម... ខ្ញុំពិតជាមិនយល់ទេ គ្រប់ពេលតែងនិយាយថាស្រឡាញ់ខ្ញុំ តែពេលនៅជាមួយគ្នាតែពីរនាក់ សូម្បីតែដៃខ្ញុំក៏មិនហ៊ានចាប់ផង ស្រឡាញ់តែដូចអត់ស្រឡាញ់ ពាក្យស្រឡាញ់មានតែតាមឆាត តែនៅចំពោះមុខមិនដែលនិយាយម្ដងណាសោះ។ ខ្ញុំពិតជាហត់នឿយណាស់ មានសង្សារដូចអត់សង្សារ មានសង្សារតែនៅតែមានអារម្មណ៍ថាឯកា សឹងតែពេលខ្លះមានអារម្មណ៍ថា ចុមចុះបើខាងប្រុសគេធម្មតាៗសោះ ចុះយើងជាស្រីអីក៏ទៅតាមហួងហែងគេម្ល៉េះ?
មិត្តភក្ដិខ្ញុំខ្លះសួរថា តិចសង្សារឯងចេកទៅ? ខ្ញុំក៏មានអារម្មណ៍ថាភ្ញាក់ព្រើតតិចចឹងមែនទៅ? តែបើតាមការសម្គាល់ដូចមិនមែនចេកទេ គាត់ជាមនុស្សប្រុសរឹងមាំ ចំណែក Freind ក្នុងហ្វេសប៊ុកគាត់សុទ្ធតែជាមនុស្សស្រីទេ ហើយល្បីថាកាលគាត់រៀននៅវិទ្យាល័យពូកែញ៉ែស្រីសឹងអី រឿងអីគាត់ជាចេក។ បើដឹងថាគាត់មិនសូវអើពើជាមួយខ្ញុំ ព្រោះគាត់មានប្រុសនោះ ខ្ញុំមិនទុកយូរទេ សុំបែកភ្លាមតែម្ដង។ តែនេះគាត់យកចិត្តទុកដាក់ជាមួយខ្ញុំសឹងអី គ្រាន់តែព្យាយាមលាក់លៀម ធ្វើដូចខ្លាចគេដឹងទៅផ្ទុះសង្គ្រាមចឹង អ្នកដែលស្រឡាញ់គ្នាដំណាលខ្ញុំ ខ្លះគេរៀបការអស់ហើយ ចំណែកពួកខ្ញុំសូម្បីបង្ហោះរូបជាមួយគ្នាមិនទាំងហ៊ានផង។
ជាចុងក្រោយចង់សួរថា តើស្នេហាទុកជាអាថ៌កំបាំងនេះ ជាស្នេហាក្លែងក្លាយយ៉ាងណា? តើអាចមានមូលហេតុអ្វីសំខាន់បានជាចាំបាច់លាក់បាំង ហើយចុះបើស្រលាញ់គ្នាជិត ៥ឆ្នាំហើយតែលាក់បាំង ចុះបើបង្ហាញវាខុសធ្ងន់ធ្ងរណាស់ទៅឬ?
ប្រសិនបើមានរឿងរ៉ាវចង់ចែករំលែកសូមទាក់មកកាន់ក្រុមការងារសប្បាយតាមរយៈលេខ ០១៥ ៨២ ៨៥ ៩៥ ឫ thor.chanreth@Sabay.com សូមអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ដើម្បីដឹងពីរបៀបសរសេរផ្សេងៗគ្នា!