ច្រឡំ​ស្មាន​តែ​គេ​ស្រឡាញ់

  • 2017-07-25 01:29:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទេ​ដែល​តែង​មាន​អារម្មណ៍​ថា រំភើប​ពេល​ឃើញ​គេ​ផ្ញើ​សារ​មក? ធ្លាប់​ទេ​ដែល​តែង​តែ​រង់ចាំ​ Missed Call គេ? ធ្លាប់​ទេ​ដែល​តែង​ចង់​ឱ្យ​គេ​ហៅ​ទៅ​ញាំ​នេះ​ញ៉ាំ​នោះ​ជាមួយ​គេ? ធ្លាប់​ទេ​តែង​មួម៉ៅ​ក្ដៅ​ក្រហាយ​ពេល​ឃើញ​គេ​នៅ​ក្បែរ​អ្នក​ដទៃ?

គិត​សព្វ​ៗ​ទៅ​ ហេតុអ្វី​បាន​ជា​ខ្ញុំ​ឆ្កួត​យ៉ាង​នេះ ហើយ​ក៏​មិន​ដឹង​ថា មនុស្ស​ប៉ុន្មាន​នាក់​ដូច​ខ្ញុំ​? ឫ​មួយ​មាន​តែ​ខ្ញុំ​ទេ​នៅ​លើ​លោក​នេះ? ខ្ញុំ​បាក់​ចិត្ត​ស្រឡាញ់​មនុស្ស​ម្នាក់​ខ្លាំង ហើយ​តែង​ស្រមៃ​ថា មាន​គេ​នៅ​ក្បែរ តែង​ស្រមៃ​ថា គេ​ថ្នាក់​ថ្នម​ រហូត​ពេល​ខ្លះ​ស្រមៃ​បាន​ថើប​គេ​ទៀត​ផង។ តាំង​ខ្លួន​ធ្វើ​ជា​សង្សារ​គេ ទាំង​គេ​មិន​ដែល​និយាយ​ថា ស្រឡាញ់​សូម្បី​មួយ​ម៉ាត់ តែង​គិត​ថា រាល់​ទង្វើ​ដែល​គេ​ធ្វើ​ដាក់​មក​លើ​ខ្លួន​ ជា​ក្ដី​ស្រឡាញ់​ក្នុង​ន័យ​ស្នេហា ទាំង​ការ​ពិត​ដឹង​ហើយ​ថា គេ​មិន​អាច​ស្រឡាញ់​យើង​បាន​ទេ តែ​នៅ​តែ​កុហក​ខ្លួន​ឯង។

ពេល​ខ្លះ​ខ្ញុំ​លួច​អន់​ចិត្ត​សូម្បី​តែ​គេថត​រូប​បង្ហោះ​ជាមួយ​អ្នក​ផ្សេង​ ហើយ​ធ្វើ​មិន​និយាយ​រក​គេ មិន​ឆាត​ទៅ​គេ ដើម្បី​ឱ្យ​គេ​ចាប់​អារម្មណ៍​ តែ​ចុង​ក្រោយ​គេ​គ្មាន​ខ្វល់​អី​បន្តិច បែរ​ជា​ឆាត​ទៅ​រក​គេ​មុន​ធ្វើ​ដូច​គ្មាន​រឿង​អី ដែល​ការ​ពិត​កំពុង​តែ​ខឹង​គេ​ខ្លាំង។ នេះ​មក​ពី​ខ្លាច​បាត់បង់​គេ ទើប​បាន​ជា​ទៅ​ទ្រ​គេ តាំង​ចិត្ត​ថា ឈប់​ទាក់ទង​គេ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ក៏​ទៅ​រក​គេ​មុន សឹង​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ ហឹមម...តើ​ធ្វើ​ចឹង​ដើម្បី​អ្វី? បាន​អី​មក​វិញ? តើ​ម្នាក់​ហ្នឹង​មាន​អី​អស្ចារ្យ​បាន​ជា​យើង​​ទៅ​ទ្រ​គេ​បែប​នេះ?

តែង​លួច​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​នឹង​មាន​ឱកាស​បាន​នៅ​ជាមួយ​គេ​តែ ២​នាក់ ហើយ​គេ​កាន់​ដៃ​ខ្ញុំ​យ៉ាង​ណែន​ហើយ​ប្រាប់​ថា ខ្ញុំ​ស្រឡាញ់​អ្នក តែ​គ្រាន់​ជា​ក្ដី​ស្រមៃ​គ្មាន​ថ្ងៃ​ក្លាយ​ជា​ការ​ពិត​នោះ​ទេ។ នៅ​ចាំ​បាន​ថា ពេល​ដែល​ខ្ញុំសម្រេច​ចិត្ត​ Block គេ​ចោល​នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​គេ​បង្ហោះ​ ថា​គេ​រក​ឃើញ​មនុស្ស​ដែល​គេ​ស្រឡាញ់​ហើយ ចំណែក​ខ្ញុំ​ស្មាន​តែ​ជា​ខ្លួន​ឯង​ខំ​រំភើប​ចិត្ត តែ​ពេល​មើល​ក្នុង​ Comment ទើប​ដឹង​ថា​ម្នាក់​នោះ​ជា​អ្នក​ផ្សេង​មិន​មែន​ខ្ញុំ​ឡើយ។ ពេល​នោះ ជា​ពេល​ដែល​ខ្ញុំ​ឈឺ​ចាប់​បំផុត លួច​ស្រក់​ទឹកភ្នែក​ខឹង​ចិត្ត​ខ្លួន​ឯង ហេតុ​អ្វី​អំពើ​ល្អ​របស់​យើង​ជា​ច្រើន​រាប់​មិន​អស់​នៅ​តែ​មិន​អាច​ធ្វើ​ឱ្យ​គេ​ស្រឡាញ់​បាន?

Block គេ​ចោល​ជាង​១​ខែ គេ​គ្មាន​ដែល​អើពើ​សួរ​នាំ​អី​បន្តិច ដូច្នេះ​មាន​ន័យ​ថា ខ្ញុំ​មិន​ធ្លាប់​ជា​មនុស្ស​សំខាន់​របស់​គេ​សូម្បី​ម្ដង ហើយ​កន្លង​មក​គេ​មក​ក្បែរ​យើង ក៏​ព្រោះ​តែ​គេ​ត្រូវ​ការ​ឱ្យ​យើង​ជួយ​ប៉ុណ្ណោះ។ តើ​ហេតុអ្វី​ឱ្យ​តែ​នឹក​ដល់​ឈ្មោះ​គេ ខ្ញុំ​ឈឺ​ចាប់ ខ្ញុំ​នឹក​គេ​ខ្លាំង​ម្ល៉េះ? ឫ​មួយ​មក​ពី​ខ្ញុំ​ខុស​ខ្លួន​ឯង ដែល​យល់​ច្រឡំ​លើ​គេ? ហេតុអ្វី​បាន​ជា​ខ្ញុំ​ធ្វើ​មិត្ត​ជាមួយ​គេ​មិន​បាន? យ៉ាង​ណា​ក៏​ដោយ គ្រប់​យ៉ាង​បាន​ចប់​អស់​ហើយ គេ​ក៏​មាន​មនុស្ស​ដែល​គេ​ស្រឡាញ់​ ចំណែក​យើង​ក៏​បាន​ផ្ដាច់​ទំនាក់ទំនង​ពី​គេ​ហើយ តែ​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ស្រឡាញ់​អ្នក បើ​សិន​ជា​អាច​មាន​អព្ភូតហេតុ អាច​ផ្លាស់​ប្ដូរ​ចិត្ត​អ្នក ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​សង្សារ​របស់​អ្នក​ជា​និច្ច៕

ប្រសិនបើមានរឿងរ៉ាវចង់ចែករំលែកសូមទាក់មកកាន់ក្រុមការងារសប្បាយតាមរយៈលេខ ០១៥​ ៨២​ ៨៥ ៩៥ ឫ thor.chanreth@Sabay.com សូមអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ដើម្បីដឹងពីរបៀបសរសេរផ្សេងៗគ្នា!

អរគុណ​បង​សប្បាយ!​​

អត្ថបទ៖ មនុស្សល្ងង់

អត្ថបទថ្មី