មក​ស្គាល់​កន្លែង​ញ៉ាំ​អី​ឆ្ងាញ់ៗ​ទាំង​៣​នៅ​ភ្នំពេញ មាន​ត្រឹម​១​ម៉ឺន​ហូប​ចង់​ហល់​

  • 2017-10-12 04:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱ្យ​តែ​ល្ងាច​ឡើង​មិន​ថា​ថ្ងៃ​ចុង​សប្ដាហ៍ ឫ​ថ្ងៃ​ធម្មតា​ទេ អ្នក​ណា​ក៏​តែង​ចេញ​ក្រៅ​រក​អី​ញ៉ាំ​ឆ្ងាញ់​ៗ បន្ទាប់​ពី​ម៉ោង​ការងារ ឫ​សិក្សា។ ប៉ុន្តែ​ពេល​ខ្លះ​ទម្រាំ​រក​កន្លែង​ញ៉ាំ​ឃើញ​គិត​ចង់​ក្រញាញ់​ខួរ​ម្ដងៗ​ទៅ​ហើយ មិន​ដឹងថា​គួរ​ញ៉ាំ​អ្វី? ថ្ងៃ​នេះ Sabay សូម​ណែ​នាំ​កន្លែង​ញ៉ាំអី​ល្ងាចៗ​ឡើង មើល​ទៅ​ដូច​ទំនង ហើយ​មិន​សូវ​ចំណាយ​ច្រើន​ទៀត។ ដូច្នេះ​សូម​ទៅ​ស្គាល់​ទាំង​អស់​គ្នា៖

១. នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

ប្រិយមិត្ត​ដែល​ឧស្សាហ៍​ទៅ​ហាត់​ប្រាណ​នៅ​ស្តាត​អូឡាំពិក ប្រាកដ​ជា​ដឹង​ហើយ​ថា នៅ​ទីនោះ​សម្បូរ​អាហារ​ឆ្ងាញ់​ៗ​មិន​ខ្វះ​ហូប​ទេ។ គ្រាន់​តែ​ដល់​ទី​នោះ​ភ្លាម​ចំហាយ​ក្លិន​អាហារ​ជា​ច្រើន​ជះ​មក​ប៉ះ​នឹង​ច្រមុះ​តែ​ម្ដង​ដូចជា ប្រហិត​ចៀន សាច់គោ​អាំង បុក​ល្ហុង បាយ​ឆា មី​ឆា ដាក់​លក់​តម្រៀប​ហូរហែ។ បើ​តាម​អ្នក​លក់​នៅ​ទីនោះ​ប្រាប់​ថា ឱ្យ​តែ​ល្ងាច​ឡើង​មនុស្ស​ម្នា​មក​ញ៉ាំ​កកកុញ មិន​ថា​តែ​អ្នក​មក​ហាត់​ប្រាណ​ទេ អ្នក​ខ្លះ​ជិះ​តម្រង់​មក​ញ៉ាំ​តែ​ម្ដង។ ចំពោះ​តម្លៃ​វិញ​សមរម្យ​បំផុត ប្រហិត​មួយ​ចង្កាក់​១០០​រៀល ទៅ​២០០០​រៀល បុក​ល្ហុង​មួយ​ចាន​ត្រឹម ៣០០០​រៀល បាយ​ឆា មីឆា ត្រឹម ៤០០០​រៀល​ប៉ុណ្ណោះ។

២. នៅ​សួន​មុខ​​វត្តបទុមវតី

ចំណែក​ឯ​កន្លែង​លក់​អាហារ​ឆ្ងាញ់​ៗ កន្លែង​នេះ​វិញ​កាន់​តែ​សម្បូរ​បែប​ថែម​ទៀត​មាន​លក់​អាហារ​សឹង​គ្រប់​ប្រភេទ​ដូចជា៖ សាច់​ស្ងោ​ដោត​ចង្កាក់ ប្រហិត បាយ​ឆា មីឆា គុយ​ទាវ គ្រឿង​សមុទ្រ បបរ​មាន់ បាញ់​ឆែវ សាច់​ក្រក​អាំង សាច់គោ​អាំង​។ល។

អ្នក​លក់​ប្រហិត​​គ្រប់​មុខ​មួយ​រូប​នៅ​ទី​នោះ​ប្រាប់​ Sabay ថា​បើ​និយាយ​ពី​អាហារ​ឆ្ងាញ់​ៗ​វិញ​មាន​គ្រប់​មុខ មិន​ចាញ់​ប៊ូហ្វេ​ក្នុង​ហាង​ប៉ុន្មាន​ឡើយ។ ជាក់​ស្ដែង​ដូច​ជា​រទេះ​លក់​ប្រហិត​នេះ អ្នក​ទៅ​ញ៉ាំ​អាច​ដើរ​ចាប់​ដោយ​ខ្លួន​ឯង​តាម​ការ​ពេញ​ចិត្ត ហើយ​​យក​មក​ចម្អិន​យ៉ាង​ច្រើន​អស់​ត្រឹម ១​ម៉ឺន​រៀល​ញ៉ាំ​មួយ​ឆ្អែត។

៣. នៅ​តាម​បណ្ដោយ​សួន​ច្បារ​វិមានឯករាជ្យ​ជិត​ក្រសួង​បរិស្ថាន​ចាស់

មិន​ចាញ់​ទីតាំង​ទាំង​២​ខាង​លើ​ប៉ុន្មាន​ឡើយ នៅ​ទី​នេះ​ក៏​សម្បូរ​អាហារ​ឆ្ងាញ់​ៗ​ច្រើន​ណាស់​ដែរ មិន​ថា​ថ្ងៃ​ចុង​សប្ដាហ៍ ឫ​ថ្ងៃ​ណា​ទេ​យុវវ័យ​សម្រុក​ទៅ​រក​អី​ញ៉ាំ​ពេញ​តែ​ម្ដង សឹង​តែ​រក​កន្លែង​ចត​ម៉ូតូ​គ្មាន។ រទេះ​ជា​ច្រើន​ដាក់​តម្រៀប​លក់​ជា​ជួរ​យ៉ាង​វែង​អន្លាយ សុទ្ធ​តែ​អាហារ​គួរ​ឱ្យ​ចង់​ញ៉ាំ​ទាំង​អស់​ដូចជា ប្រហិត​ស្ងោ ប្រហិត​ចៀន បបរមាន់ បាយ​ឆា​មីឆា បុកល្ហុង​ល។ ចំណែក​ឯ​តម្លៃ​វិញ​ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ មិន​ចាំ​បាច់​ចំណាយ​អស់​រាប់​ម៉ឺន​ក៏​អាច​ញ៉ាំ​បាន​មួយ​ឆ្អែត៕

​​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម