តួប្រុស ទេវរអឺឡាង​ ក្នុង​រឿង​ "ចង្កៀងផ្កាឈូកទិព្វ" ធ្លាប់ជួប​ទុក្ខ​​រហូត​​ចង់​​សម្លាប់​​​ខ្លួន​​

  • 2017-10-24 04:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ប្រុស​ដែល​តែង​ឆក់​បេះ​ដូង​នារីៗ​ តាម​រយៈ​ការ​សម្ដែង​រឿង​ភាគ​បុរាណ​ចិន​ជា​ច្រើន​ លោក Vincent Chiaoហាក់​​បាត់​មុខ​មួយ​រយៈ​ក្នុង​ពិភព​សិល្បៈ​ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​ភាគ​ច្រើន​ចង់​ដឹង​ពី​ជីវិត​រស់​នៅ​បច្ចុប្បន្ន​របស់​លោក​ណាស់។

តារា​ប្រុស​ជើង​ចាស់​ ដែល​ប្រិយមិត្ត​ភាគ​ច្រើន​ស្គាល់​ច្បាស់​តាម​រយៈ​ភាពយន្ត​ចិន​បុរាណ​ Vincent Chiao គឺ​ជា​តារា​ប្រុស​ដ៏​ល្បី​មួយ​រូប​ក្នុង​ប្រទេស​ចិន។ ជា​ការពិត​តារា​ប្រុស​រូប​នេះ​ កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ ក្នុង​ទីក្រុង​ Chiayi កោះ​តៃវ៉ាន់។ បើ​និយាយ​ពី​តារា​ក្នុង​ដួង​ចិត្ត​របស់​ Vincent កាល​ពី​កុមារភាព​វិញ​គឺ​លោក​ Bruce Lee (លី​ សៀវឡុង)។ ដោយសារ​ស្រឡាញ់​ពេក​ ទើប​ធ្វើ​ឲ្យ​លោក​ចង់​ក្លាយ​ជា​តារា​ក្បាច់​គុណ​ពេល​ធំ​ឡើង។

ជាក់​ស្ដែង​កាល​ពី​អាយុ​ ១៨​ឆ្នាំ​ លោក​ក៏​បាន​ចាក​ចេញ​ពី​ស្រុកកំណើត​ម្នាក់​ឯង​ ធ្វើ​ដំណើរ​ទៅកាន់​​ ​ទីក្រុង​តៃប៉ិ​ ដើម្បី​សម្រេច​ក្ដី​ស្រមៃ​ក្នុង​ពិភពសិល្បៈ។

យ៉ាងណា​មិញ​ចូល​ដល់​ជីវិត​ថ្មី​ តួ ទេវរ អឺឡាង ក្នុង​រឿង​ "ចង្កៀងផ្កាឈូកទិព្វ" ត្រូវ​រស់​រង​ទុក្ខ​ជា​ច្រើន​ កម្សត់កម្រ​ម្នាក់​ឯង​ រហូត​ដល់​ថ្ងៃ​មួយ​ លោក​ក៏​សម្រេច​ចិត្ត​ចូល​ធ្វើ​ជា​ទាហាន។ ក្រោយ​ត្រឡប់​មក​វិញ​ តារា​ប្រុស​រូប​នេះ​ ក៏​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដដែល​ តែ​លើក​នេះ​លោក​ទទួល​បាន​ជោគជ័យ​ច្រើន​ជា​បន្តបន្ទាប់ រហូត​មាន​ឈ្មោះ​បោះ​សម្លេង​ និង​ត្រូវ​បាន​មហាជន​ស្គាល់​ពាសពេញ​ប្រទេស។

Vincent សម្ដែង​ជាតួ "ទេវរ អឺឡាង"
រឿង​ "ចង្កៀងផ្កាឈូកទិព្វ"

ងាក​មក​ជីវិត​ស្នេហា​វិញ​ តារា​ប្រុស​តួ​ឯក​រឿង​ "The Heroine of the Yangs” រូប​នេះ​ បាន​រៀបការ​ជាមួយ​នារី​ម្នាក់​ឈ្មោះ​ Huang Wan Lin ក្នុង​ឆ្នាំ​ ១៩៩៤ និង​ទទួល​បាន​កូន​ស្រី​ ២​នាក់។ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​ច្រើន​ក្នុង​ជីវិត​គ្រួសារ​ គូស្នេហ៍​ទាំង​ ២​ក៏​សម្រេច​លែង​លះ​គ្នា​ក្នុង​ឆ្នាំ​ ២០០៥។

រូប​ Vincent និង​ភរិយាមុន ព្រមទាំងកូនៗ

តាម​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ការ​ចែក​ផ្លូវ​គ្នា​នេះ​ ព្រោះ​ Vincent មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ភរិយា​ ខណៈ​មតិ​ខ្លះ​ទៀត​និយាយ​ថា​ដោយសារ​ផិត​ក្បត់​របស់​អ្នក​ស្រី​ Huang Wan Lin។ អ្វី​ដែល​មហាជន​ចងចាំ​មិន​ភ្លេច​ គឺ​ក្រោយ​បែក​គ្នា​ជាមួយ​ប្រពន្ធ​ភ្លាម​ លោក​ Vincent Chiao ខូច​ចិត្ត​ជា​ខ្លាំង​ ហើយ​តែង​ផឹក​ស្រា​ស្រវឹង​ជោកជាំ​ស្ទើរ​រាល់​ថ្ងៃ​ រហូត​ដល់​ថ្នាក់​ចង់​សម្លាប់​ខ្លួន​ទៀត​ផង។

ក្រោយ​ជួប​ព្យុះ​ភ្លៀង​ក្នុង​គ្រួសារ​ ធ្វើ​ឲ្យ​តារា​ប្រុស​កើត​ឆ្នាំ​ ១៩៦៧​ រូប​នេះ​ តស៊ូ​ខ្លាំង​ណាស់​ទម្រាំ​រឹង​មាំ​ជា​ថ្មី។ តែ​យ៉ាង​ណា​ លោក​ក៏​បាន​ជួប​ជាមួយ​មិត្ត​ចាស់​ម្នាក់​ ដែល​ជា​នារី​ល្អ​ម្នាក់​ ដែល​តែង​ជួយ​លើក​ទឹក​ចិត្ត​ ស្រោចស្រង់​បុរស​ខូច​ចិត្ត​ម្នាក់​នេះ​ ឲ្យ​មាន​ជីវិត​ថ្មី។ ដោយសារ​ទឹកចិត្ត​ល្អ​របស់​នារី​ម្នាក់​នេះ​ ទើប​ធ្វើ​ឲ្យ​ Vincent សម្រេច​ចាប់ដៃ​នាង​សាង​ជីវិត​ថ្មី​រួម​គ្នា ពេញ​ដោយ​សុភមង្គល​ កាល​ពី​ឆ្នាំ​ ២០១៤។

បច្ចុប្បន្ន​គូស្នេហ៍​ទាំង​ ២​រួមរស់​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​ជាមួយ​កូន​ស្រី​ទាំង​ ២​របស់​លោក៕

ចុចអាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី