បើ​មិន​ប្រាប់ ស្មាន​ថា​បុរស​ម្នាក់​នេះ​ជា​ លីស៊ាវឡុង​​ហើយ

  • 2017-12-12 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ឈ្មោះ Abbas Alizada សញ្ជាតិ​អាហ្វហ្គានីស្ថាន ជា​កូន​ពៅ​គេ​ក្នុង​ចំណោម​ បងប្អូន​ ១០​នាក់​​​​រស់​នៅ​ក្នុង​ផ្ទះ​ក្រី​ក្រ​មួយ។ លោក​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​សមាគម​ Hazara ប្រទេស អាហ្វហ្គានីស្ថាន ។

លោក​ Abdul Qayum Naderi  ជា​​អ្នក​ដឹក​នាំ​សមាគម​នេះ​បាន​និយាយ​ប្រាប់​វិប​សាយ  The Washington Post ថា៖ "ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ អាហ្វហ្គានីស្ថាន ប្រជាជន​របស់​ Hazara តែងតែ​ទទួល​រង​សម្ពាធ ​និង​ប្រមាថ​មើល​ងាយ​​ពី​សំណាក់​ក្រុម​សម្ព័ន្ធ​ផ្សេង​ទៀត។ តែ​ភាព​អង់​អាច​​របស់​ Abbas​ បាន​លើក​ទឹក​ចិត្ត​យុវជន​របស់ Hazara ​ផ្សេង​ទៀត​ ថា​បើ​សិន​ជា​ពួក​គេ​ទាំង​អស់​គ្នា​រឹងមាំ ពួក​គេ​នឹង​ត្រូវ​ទទួល​បាន​ការ​គោរព​ពី​ប្រទេស​នេះ​ និង​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ផង​ដែរ។ វា​ពិត​ជា​មាន​អ្វី​ដែល​ថ្មី​សម្រាប់​យុវជន Hazara"។

បុរស​វ័យ ២៤​ឆ្នាំ​រូប​នេះ ស្រឡាញ់​​តារា​សម្ដែង  Bruce Lee តាំង​ពី​លោកមាន​​អាយុ​ទើប​តែ​៩​ឆ្នាំ​ម៉្លេះ។ លោក​ក៏​បាន​កត់​សម្គាល់​ដែរ​ថា​ ​តារា​សម្ដែង​ក្បាច់​គុនបុរាណ​ចិន​ដូច​ជា លី សៀវឡុង​ និង​ ឈិន ឡុង​ គឺ​ជា​តារា​ដ៏​ល្បី​ប្រចាំ​ប្រទេស អាហ្វហ្គានីស្ថាន ហើយ​រឿង​របស់​ពួក​គេ​អាច​រក​បាន​គ្រប់​ទី​កន្លែង ​នៅ​ហាង​លក់​ក្នុង​ស្រុក។

កាល​ពី​ក្មេង លោក​បាន​ព្យាយាម​ធ្វើ​តាម​កាយវិការ​របស់​​តារាក្បាច់គុន​ លីស៊ាវឡុង ដូច​ក្មេង​ៗ​ដ​ទៃ​ដែរ នេះ​បើ​តាម​សារព័ត៌មាន​របស់  BBC ។ នៅ​អាយុ​១៤​ឆ្នាំ Alizada បាន​ព្យាយាមហ្វឹកហាត់​កាន់​តែ​ខ្លាំង​ដើម្បី​ឲ្យ​ដូច​តារា​ក្នុង​ដួង​ចិត្ត​របស់​លោក​ ប៉ុន្តែ​​ដោយ​សារ​តែ​គ្រួសារ​មិន​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​បញ្ជូន​លោក​ឲ្យ​រៀន​ក្នុង​ក្លឹប​កីឡា​នោះ បុរស​ម្នាក់​នេះក៏​ត្រូវ​បាន​បង្ខំ​ចិត្ត​រៀន​ខ្លួន​ឯង​នៅ​ផ្ទះ។

ដោយ​ការ​ព្យាយាម​ហ្វឹក​ហាត់​តាម​ឈុត​ឆាក​នៅ​ក្នុង​រឿង លោក​ក៏​ចេះ​​ក្បាច់​គុន​ខ្លះ​ដូច​តារា​សម្ដែង​ដ៏​ល្បី​ល្បាញ​​ក្នុង​ពិភពលោក​ដែរ។ ខណៈ​ទទួល​ស្គាល់​​ថា​​ខ្លួន​​​មិន​អាច​ប្រដូច​ទៅ​នឹង​តារា​ក្នុង​ដួង​ចិត្ត​របស់​លោក​បាន​នោះ បុរស​សង្ហា​រូប​នេះ​ក៏​នៅ​តែ​ប្រកាន់​គោល​ជំហរ​ចង់​ក្លាយ​ជា​តារា​ក្បាច់​គុន​ម្នាក់​នៅ​ថ្ងៃ​អនាគត។ លោក​ក៏​​បាន​និយាយ​ថា​ចង់​ធ្វើ​ការ​ជាមួយ​តារា​សម្ដែង Jackie Chan នៅ​ថ្ងៃ​ណា​មួយ​ផង​ដែរ។

កាល​ពី​ដើម​ឆ្នាំ​នេះ​ តារា​សម្ដែង Jet Li (លី​លាន​ជា) បាន​បញ្ជូន​ក្រុម​ការងារ​របស់​លោក​ទៅ​ប្រទេស អាហ្វហ្គានីស្ថាន​​ក្នុង​ការ​ស៊ើប​ពី​ផល​លំបាក ​​និង​ការ​តស៊ូ​របស់​បុរស​ម្នាក់​នេះ​ ដើម្បី​​សម្រេច​ក្ដី​ស្រមៃ​របស់​លោក​ ​ចង់​ក្លាយ​ជា​តារា​ក្បាច់​គុន​ម្នាក់៕ ​​​

ប្រភព៖ nextshark   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី