ត្រៀម​ៗ​ ពាន​ Tiger Street Football Festival ឆ្នាំ​២០១៨​ជិត​ចាប់​ផ្តើម​ហើយ​

  • 2017-12-21 06:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​​ដ៏​អស្ចារ្យ​​​ទូទាំង​ប្រទេស​គឺ​ Tiger Street Football Festival ​​​រដូវ​កាល​ថ្មី​​​ឆ្នាំ​២០១៨​​ ​ជិត​ចាប់​ផ្តើម​ហើយ​ដែល​​កាន់​តែ​ធំ​ជាង​មុន​ និង​​បន្ថែម​តំបន់​កាន់​តែ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ។

ឆ្នាំ​២០១៨​​ខាង​មុខ​នេះ​ជា​រដូវ​កាល​ទី​៦​ បន្ទាប់​ពី​៥​រដូវ​កាល​កន្លង​មក​​​ទទួល​​ជោគជ័យ​យ៉ាង​សម្បើម​សម្រាប់​វិស័យ​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ រាល់​ការ​ប្រកួត​មួយ​​ទៅ​ឆ្នាំ​ៗ​កត់​សំគាល់​ឃើញ​ថា យុវជន​យ៉ាង​ច្រើន​កុះករ​បាន​ចូល​រួម​ប្រកួត​យ៉ាង​សស្រាក់សស្រាំ និង​​​កើន​​ឡើង​ចំនួន​​ក្រុម​​ជា​លំដាប់​​ដែល​វា​បាន​ប្រែ​ក្លាយ​ទៅ​ជា​វេទិកា​​ដ៏​អស្ចារ្យ​សម្រាប់​យុវជន​ប្រមូល​ជួប​ជុំ​គ្នា​ និង​សាមគ្គី​គ្នា​ពោរពេញ​​ដោយ​ក្តី​រំភើប​សប្បាយ​រីក​រាយ​​តាម​តំបន់​នីមួយ​ៗ។

មុន​នឹង​ដឹង​ច្បាស់​អំពី​ព័ត៌មាន​លំអិត​នៃ​ការ​ប្រកួត​ Tiger Street Football Festival រដូវ​កាល​ថ្មី​២០១៨​ សូម​នាំ​អារម្មណ៍​មិត្ត​ទស្សនិកជន​រំលឹក​ប្រវត្តិ​ខ្លះ​ៗ​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ ឆ្នាំ​២០១៧​គឺ​ជា​រដូវ​កាល​ទី​៥​ដែល​រៀប​ចំ​ ​ឡើង​៥​ខេត្ត​​ផ្សេង​គ្នា​គឺ​ខេត្ត​ព្រះសីហនុ​ បាត់ដំបង​ សៀមរាប ​កំពង់ចាម ​និង​រាជ​ធានី​ភ្នំពេញ​ ហើយ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​នា។

​ចាំ​បាន​ថា តំបន់​ខេត្ត​ព្រះ​សីហនុ​មាន​ក្រុម​ចូល​រួម​​​៥០​ក្រុម​ តំបន់​ខេត្ត​បាត់ដំបង​មាន​ក្រុម​ចូល​រួម​​៦៨​ក្រុម​ តំបន់​ខេត្ត​សៀមរាប​មាន​ក្រុម​ចូល​រួម​​១០៨​ក្រុម​ តំបន់​ខេត្ត​កំពង់ចាម​មាន​ក្រុម​ចូល​រួម​៦៥​ក្រុម​ និង​រាជ​ធានី​ភ្នំពេញ​​មាន​ក្រុម​ចូល​រួម​​១២០​ក្រុម។ ក្រុម​ចំនួន​​៤០​ត្រូវ​បាន​ជ្រើស​រើស​ចេញ​ពី​តំបន់​ទាំង​៥​ខាង​លើ​​ដើម្បី​ឡើង​ទៅ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ហើយ​ជា​លទ្ធផល​ក្រុម​ Victory Youth ជា​ម្ចាស់​ជើង​ឯក​​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១៧​ និង​ត្រូវ​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​​នា​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

តាម​ដំណឹង​លេច​ឮ​មក​ថា​ ​​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ ពាន​រង្វាន់​​ Tiger Street Football Festival គ្រោង​បន្ថែម​៣​​ខេត្ត​ទៀត​លើ​៥​​ខេត្ត​​ដែល​មាន​ស្រាប់​ ដូច្នេះ​​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​នឹង​មាន​​ដល់​៨​ខេត្ត​ដែល​ត្រូវ​ប្រកួត​​ប្រជែង​គ្នា។

សូម​រង់​ចាំ​តាម​ដាន​ព័ត៌មាន​លំអិត​អំពី​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ កាល​បរិច្ឆេទ​ ប្រាក់​​រង្វាន់​ និង​ខេត្ត​ណា​ខ្លះ​ដែល​ត្រូវ​រៀប​ចំ​ការ​ប្រកួត​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម