ព័ត៌មានកំពុងផ្ទុះថា អតីតពលករនៅកូរ៉េ ឡេង ណាវ៉ាត្រា ឡើងងារជា "ឧកញ៉ា"
- 2017-12-21 03:14:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័ត៌មានកំពុងផ្ទុះថា អតីតពលករនៅកូរ៉េ ឡេង ណាវ៉ាត្រា ឡើងងារជា "ឧកញ៉ា"
ចន្លោះមិនឃើញ
ថ្មីៗនេះ ព័ត៌មានពីលោក ឡេង ណាវ៉ាត្រា អតីតពលករធ្វើការនៅប្រទេសកូរ៉េ កំពុងសាយភាយនៅលើហ្វេសប៊ុក បន្ទាប់ពីលោក ហេង ឡុង បានបញ្ចេញសារលើបណ្ដាញសង្គមដោយហៅលោក ណាវ៉ាត្រា ថា ឧកញ៉ា ណាវ៉ាត្រា។
លោក ហេង ឡុង បានសរសេរថា "អបអរសាទរសមាគមអតីតពលករខ្មែរមកពីកូរ៉េទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀលពីឧកញ៉ា ឡេង ណាវ៉ាត្រា"។ ក្រោយពីឃើញសារនេះ ប្រិយមិត្តនៅលើបណ្ដាញសង្គមបានចូលមក Comment សួរថា តើអតីតពលកររូបនេះ ក្លាយជាឧកញ៉ាមែនឬ? ឯខ្លះទៀត ក៏ចូលមកអបអរសាទរផងដែរ។
បន្ថែមពីលើនេះ សាមីខ្លួនលោក ណាវ៉ាត្រា ក៏បានចូលរួមចែកចាយសាររបស់លោក ហេង ឡុង បន្ត ដោយភ្ជាប់ជាមួយសារថា "ខ្ញុំកើតចេញពីពលករខ្ញុំមិនអាចបំភ្លេចអតីតកាលបានទេ ខ្ញុំនឹងចួលរួមលើកស្ទួយពលករនឹងបង្កើតឱកាសអោយពលករតាមអ្វីដែលអាចធ្វើបាន”។ សាររបស់សាមីខ្លួនក៏បានការសាទរបន្ថែមពីមិត្តភ័ក្ដិ ដោយខ្លះបានលើកឡើងថា ណាវ៉ាត្រា មិនដែលកប់ចោលអតីតកាលខ្លួនឯង បើទោះពេលនេះ លោកខ្ពស់មុខខ្ពស់មាត់ មានលុយរាប់លានដុល្លារក្នុងដៃក៏ដោយ។
ពាក់ព័ន្ធបញ្ហាខាងលើដែលថា អតីតពលករធ្វើការនៅប្រទេសកូរ៉េក្លាយជាឧកញ៉ានាពេលបច្ចុប្បន្ននេះមែនឬមិនមែន? សាមីខ្លួនបានឆ្លើយប្រាប់ Sabay ថា មិនមែនជាការពិតទេ គឺលោកមិនទាន់បានងារជាឧកញ៉ាណាមួយនៅឡើយ។ ទោះយ៉ាងនេះក្ដី លោកថា លោកបានដំណើរការឯកសារពាក់ព័ន្ធនឹងងារខាងលើមែន ដោយឯកសារនានាបានបញ្ជូនទៅផ្នែកពាក់ព័ន្ធអស់ហើយ។
“អត់ទេបង អត់ទាន់ទេ គ្រាន់តែឯកសារបានបញ្ជូនទៅអស់ហើយ ហើយមេៗ បានឃើញអស់ហើយដែរ តែមិនទាន់ធ្លាក់មកទេ។ មិត្តភក្ដិ គ្រាន់តែហៅលេងជាមុនប៉ុណ្ណោះបង(សើច)”។
បន្ទាប់ពីផ្លាស់ខ្លួនពីពលករ មកជាអ្នកជំនួញរាប់លានដុល្លារ គេបានឃើញ លោក ណាវ៉ាត្រា ជារឿយ បានធ្វើការងារជាច្រើនរួមចំណែកជួយសង្គម ជាក់ស្ដែងលោកទើបតែធ្វើផ្លូវក្រោយផ្សារកាណាឌីយ៉ា សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ អស់ទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារដែរ។ ក្រៅពីនេះ ក៏បានជួយឧបត្ថម្ភកាកបាទក្រហម និងមន្ទីរពេទ្យគន្ធបុប្ផាដែរ។
យ៉ាងនេះក្ដី ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោកថា អ្វីៗមិនទាន់ផ្លូវការទេ ហើយលទ្ធផលយ៉ាងណា ក៏លោកមិនទាន់ដឹងដែរ៕