ស្ងាត់ៗ​! ស្ថានិក Bitcoin ​ហក់​ចូល​ក្នុង​បញ្ជី​អ្នក​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​ជាង​គេ​របស់​ Forbes ​បាត់

  • 2017-12-21 12:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានិក​លាក់​មុខ​ដែល​បាន​បង្កើន​កាក់​មាស​ Bitcoin ​ឥឡូវ​នេះ​បាន​ហក់​ចូល​ក្នុង​បញ្ជី​កំពូល​អ្នក​មាន​ទ្រព្យ​សម្បតិ្ត​ច្រើន​ជាង​គេ​ទាំង​ ៥០ ​រូប​របស់​ Forbes ​ហើយ​ក្រោយ​ពី​តម្លៃ​រូបិយប័ណ្ឌ​អេឡិចត្រូនិក​មួយ​នេះ​បាន​ស្ទុះ​ដល់​ ២០ ០០០ ​ដុល្លារ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ ។

យោង​តាម​ក្រុមហ៊ុន​ CoinMarketCorp ​ឱ្យ​ដឹង​ថា​ រូបិយប័ណ្ឌ​អេឡិចត្រូនិក​ Bitcoin ​លេខ​មួយ​របស់​ពិភពលោក​បាន​ងាក​ចេញ​ពី​ចំណុច​ខ្ពស់​បំផុត​ដោយ​ជួញ​ដូរ​ក្នុង​តម្លៃ​ ១៨ ០០០ ​ដុល្លារ​វេលា​ម៉ោង​ ១៣:០០ GMT ​ថ្ងៃ​ពុធ​ម្សិល​មិញ​ ។ រីឯ​តម្លៃ​ទីផ្សារ​របស់​ Bitcoin ​វិញ​មាន​តម្លៃ​ ៣០០ ​ប៊ីលាន​ដុល្លារ​ហើយ​ផ្អែក​លើ​តម្លៃ​បច្ចុប្បន្ន​របស់​វា​ធ្វើឱ្យ​ទ្រព្យសម្បត្តិ​របស់​អ្នក​បង្កើត​ Bitcoin​មាន​ចំនួន​ជាង​ ១៧ ប៊ីលាន​ដុល្លារ​ ។

យ៉ាងណាមិញ​ពិភពលោក​នៅ​តែ​មិន​ទាន់​ជ្រាប​ច្បាស់​ពី​អត្តសញ្ញាណ​របស់​អ្នក​បង្កើត​កាក់​ Bitcoin នៅ​ឡើយ​ទេ​ទោះបី​ជា​មាន​ព័ត៌មាន​ធ្លាប់​បង្ហាញ​ឈ្មោះ​ សាតូស្ស៊ី ណាកាម៉ូតុ (Satoshi Nakamoto) ​ជា​បិតា​កាក់​មួយ​នេះ​ខណៈ​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ដាក់​ឈ្មោះ​នេះ​ដូច​គ្នា​ ឬ​ក៍​បាន​អះអាង​ថា​ជា​អ្នក​បង្កើត​ Bitcoin ​ដែរ​ ។ កាល​ពី​ខែ​វិច្ឆិកា​បុរស​វ័យ​ ៦៤ ឆ្នាំ​ដើម​កំណើត​ជប៉ុន​ជនជាតិ​អាមេរិក​ឈ្មោះ​ Dorian Satoshi Nakamoto ​រស់​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ត្រូវ​បាន​គេ​អះអាង​ថា​ជា​បុរស​នៅ​ពី​ក្រោយ​ការ​ផលិត​ Bitcoin ​តែ​លោក​បាន​បដិសេធន៍​ចំពោះ​សេចក្តីរាយការណ៍​នេះ​ទៅ​វិញ​ ។ កាល​ពី​ឆ្នាំ​មុន​សហក្រិន​អូស្រ្តាលី​លោក​ Craig Wright ​បាន​អះអាង​ថា​ រូប​លោក​ជា​ស្ថានិក​ Bitcoin ​តែ​ការ​ប្រកាស​នេះ​បាន​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​មួយ​ ។ ទន្ទឹមគ្នា​នេះ​ដែរ​ មហា​សេដ្ឋី​អាមេរិក​លោក​ Elon Musk ​បាន​បញ្ចប់​រាល់​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​រូប​លោក​ជា​អ្នក​បង្កើត​ Bitcoin ​បន្ទាប់​ពី​មាន​អតីត​បុគ្គលិក​ហាត់ការ​នៅ​ឯក្រុមហ៊ុន​ SpaceX ​របស់​លោក​លើក​ឡើង​ថា​ សាតូស្ស៊ី​ប្រហែល​ជា​រូប​លោក​ ។ យ៉ាងណាមិញ​បញ្ជី​ជន​គួរ​ឱ្យ​សង្ស័យ​នៅ​ពី​ក្រោយ​កាក់​ Bitcoin ​ក៍​រួមមាន​និស្សិត​ផ្នែក​ភាសា​កូដ​ Michael Clear និង​ផលិតក​ហ្គេម​ជនជាតិ​ហ្វាំងឡង់​លោក​ Vili Lehdonvirta ​ផង​ដែរ​ ។

គួរ​បញ្ជាក់​ថា​ ទ្រព្យ​សម្បតិ្ត​សរុប​របស់​ Nakamoto ​មាន​ ១៧ ​ប៊ីលាន​ដុល្លារ​ផ្អែក​លើ​តម្លៃ​បច្ចុប្បន្ន​របស់​ Bitcoin ​ខណៈ​លោក​មាន​ ៩៨០ ០០០ ​កាក់​ហើយ​​មិន​ដែល​ចំណាយ​ឬ​លក់​ចេញ​មួយ​កាក់​ណា​ឡើយ​ ៕

ប្រភព៖ RT   ប្រែ​សម្រួល៖ សិរីបុទ្រ