បើកឆាកបុណ្យសមុទ្រនៅកែប មានអ្នកចូលរួមរត់ប្រណាំងជិត ២ពាន់នាក់
- 2017-12-22 03:55:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឆាកបុណ្យសមុទ្រនៅកែប មានអ្នកចូលរួមរត់ប្រណាំងជិត ២ពាន់នាក់
ចន្លោះមិនឃើញ
ពិធីបុណ្យសមុទ្រលើកទី៦ ជុំទី២ នៅខេត្តកែប បានប្រព្រឹត្តទៅជាផ្លូវការព្រឹកមិញនេះហើយ ដោយចាប់ផ្ដើមកម្មវិធីរត់ប្រណាំងបើកឆាក។ មនុស្សជិត ២ពាន់នាក់ បានចូលរួមប្រណាំងចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ នៅមុខមន្ទីរទេសចរណ៍ខេត្តកែប។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីបើកឆាកថា អ្នកចូលរួមជិត ២ពាន់នាក់នោះ មានសិស្សនិស្សិតពីខេត្តកំពត សិស្សនិស្សិតពីខេត្តកែប ប្រជាពលរដ្ឋ ព្រមទាំងជនបទេសមួយចំនួន។ កម្មវិធីរត់ប្រណាំងនោះ បានប្រព្រឹត្តទៅដោយរលូន និងភាពសប្បាយរីករាយ ព្រោះឯកឧត្ដមអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីដោយផ្ទាល់។
ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប ការប្រារព្ធពិធីបុណ្យសមុទ្រនេះឡើង គឺដើម្បីជាការដឹងគុណដល់ទឹកសមុទ្រ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើនឥតគណនា ដល់ប្រជាជនខ្មែរ។ ក្នុងនោះសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា អាចទាក់ទាញភ្ញៀវទេសចរមកជុំវិញពិភពលោកឲ្យមកទស្សនា ហើយប្រជាជនខ្មែរអាចទាញប្រាក់ចំណួលតាមរយៈការផ្ដល់សេវាស្នាក់នៅ ម្ហូបអាហារ លក់ផលិតផលក្នុងស្រុកជាដើម ដើម្បីកែប្រែជីវភាពឲ្យកាន់តែល្អប្រសើរឡើង។
ពិធីបុណ្យសមុទ្រជុំទី២ ដែលនឹងត្រូវរៀបចំនៅខេត្តកែប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ ២៤ ខែធ្នូ អាចនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣០ម៉ឺននាក់ ទៅទស្សនាកម្សាន្ត។ នេះបើតាមប្រសាសន៍លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការរៀបចំបុណ្យសមុទ្រឆ្នាំមុន នៅខេត្តព្រះសីហនុទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៦០ម៉ឺននាក់៕