គម្លាតតម្លៃ​ខុស​គ្នា​ដូចមេឃដី រវាងសិល្បៈបុរាណ និងសម័យ តើ​ជា​រឿង​យុត្តិធម៌​ទេ?

  • 2017-12-24 02:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បៈ​បុរាណ​ ជា​សិល្បៈ​តំណាង​ឲ្យ​ជាតិ​ ជា​ឫសគល់​វប្បធម៌​ដែល​ជា​មរតក​ល្អឯក​មិន​អាច​កាត់​ថ្លៃ​បាន​។ ប៉ុន្តែ​តម្លៃ​ខ្លួន​ចេញ​សម្ដែង​រវាង​សិល្បករ​បុរាណ​ និង​សម័យ ​ដែល​ជា​ទម្រង់​​ជួយ​ស្ទួយ​វប្បធម៌​ជាតិ​បែរជា​មាន​ភាព​ខុស​គ្នា​ទៅ​វិញ​។

តាមការសិក្សាកន្លងមក សង្កេត​ឃើញ​ថា​​ជីវិត​អ្នក​សិល្បៈ​បុរាណ​មាន​ជីវភាព​ក្រីក្រ​លំបាក​តោក​យ៉ាក​ភាគ​ច្រើន​។ ជា​ការ​ពិត​ណាស់​បើ​ប្រៀប​ធៀប​តម្លៃ​ខ្លួន​ក្នុង​ការ​ចេញ​សម្ដែង​កាន់តែ​ខុស​គ្នា​សែន​ឆ្ងាយទៅទៀត​រវាង​ទម្រង់​​សិល្បៈ​ទាំងពីរ​នេះ។

ជុំ​វិញ​ភាព​ខុស​គ្នា​រវាងតម្លៃ​នៃ​ការ​សម្ដែង​សិល្បៈ​បុរាណ​ និង​សម័យ​ លោក ព្រឿង ឈាង ​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​សិល្បករជើង​ចាស់​ម្នាក់ ​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា លោក​មិន​ច្រណែន ឬអន់ចិត្ត​អ្វី​ចំពោះ​ការ​ឲ្យ​តម្លៃ​ជួល​ពេល​ទៅ​សម្តែង​ម្តង​នោះ​ទេ។ ប៉ុន្តែ​លោក​សូម​ឲ្យ​អ្នក​គ្រប់​គ្នា​ពិចារណា​នៅ​ពេល​ដែល​ជួល​ក្រុម​បុរាណ​សម្ដែង​ម្តងៗ​ ដែល​គ្នា​ជាង​​១០០​នាក់​ក្នុង​កម្ម​វិធីធំ​មួយ ឲ្យ​តម្លៃ​មិន​ស្មើ​អ្នក​សិល្បៈ​សម័យ​ល្បី​មួយ​រូប​ផង។ លោក​ព្រឿង​ ឈាងបាន​ប្រាប់​ Sabay ទាំង​មុខ​ស្ងួត​ថា​ អ្នក​សិល្បៈ​បុរាណ​សម្ដែង​រាប់​ឆ្នាំ​នៅ​តែ​ក្រ​ តែ​ពួកគេធ្វើរាល់​ថ្ងៃ​នេះ​ ធ្វើ​ព្រោះ​ក្តី​ស្រលាញ់​ទេ។

លោក ព្រឿង ឈាង ​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

«ការពិត​យើង​ក៏​មាន​ការរង្កៀស​ចិត្ត​ដែរ! ឧទាហរណ៍​យើង​​ចេញ​ទៅ​សម្ដែង​ម្តង​មាន​គ្នា​១៥០​នាក់​ ទាំង​អ្នកតែងខ្លួន ​អ្នក​ភ្លេង​ អ្នក​សម្ដែង​​​ ហើយ​ខាង​ក្រុម​សម័យ​ មាន​១៥នាក់ !​​ ​គេ​ទួល​បាន​ម្នាក់​ ៣ ០០០ដុល្លា ចំពោះអ្នកល្បីខ្លាំង ចំណែក​ពួក​ខ្ញុំ ទៅ​មួយ​​ក្រុមជាង១០០នាក់ សុំតែ ១ ០០០​ដុល្លា ​នៅ​តថ្លៃ​ទៀត​ សូម​ពិចារណាមើល​ តើ​យុត្តិធម៌ ឬ​អត់? យើង​មិន​ចង់​បាន​ដល់​ស្មើ​គេ ឬ សុំ៥០ % នៃ​គេ​នោះ​ទេ តែ​យើង​សុំ​ត្រឹមតម្លៃ​អ្នក​ល្បី​​ម្នាក់ ចែកឲ្យ​យើង​មួយក្រុម​ក៏​បាន​ដែរ ​តែ​សូម​កុំតថ្លៃ​ទៀត»។

​​​​​​អ្នកណា​​ក៏​ដឹង​និយាយ​​ស្ទាត់​មាត់​ថា «​វប្បធម៌​រលត់​ជាតិ​រលាយ​ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើន​ថ្កាន» ​​​តែ​​​អ្នក​ដែល​រក្សា​ខឿន​វប្បធម៌​ដ៏​ផូរផង់​​ពី​អតីត​កាល​​ហាក់​ដូច​ជា​បាក់​ទឹក​ចិត្ត​ ចំពោះ​ការ​ឲ្យគុណ​តម្លៃ​ផ្សេង​គ្នា​បែប​នេះដែរ។

នាដការី​របាំ​បុរាណ​ម្នាក់​បច្ចុប្បន្ន​ជា​សាស្ត្រា​ចារ្យ សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ចំពោះ​ជញ្ជីង​ដែល​ថ្លឹង​មិន​ស្មើ​គ្នា​ រវាង​សិល្បៈ​បុរាណ​ និង​សម័យ​នេះ​ដែរ​។ នាដកា​រីរូប​នេះ​បន្ត​ថា​ អ្នក​សិល្បៈ​បុរាណ​​ គាត់​ពិបាក​ច្រើន​ដូចជា​ការ​​ហ្វឹក​ហាត់ ការសម្ដែង​ និង​ត្រូវ​គ្រង​សម្លៀក​បំពាក់​ដែល​មាន​រឹប​ជាប់​ខ្លួន​និង​មកុដ​ពេល​​ពាក់​ជាប់​ក្បាល​កាន់​យូរ​កាន់​តែ​ឈឺ​ទៀតផង។ «ពេលខ្លះ​អាណិត​ខ្លួន​ឯង​ពេល​ចេញ​ទៅ​សម្តែង​ ក្រោយ​ពី​ចប់​ឯង​ទៅ​បោះ​តង់​ដេក​ ឯអ្នក​សម័យគេ​ឡើង​សណ្ឋាគារ»។

​ដូចគ្នា​នេះ​ដែរ ឯកឧត្តម ថៃ នរៈសត្យា រដ្ឋ​លេខាធិការ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានទទួលស្គាល់ចំពោះភាពមិនស្មើគ្នានេះ ឯកឧត្តមថា កន្លង​មក​ក្រសួង​ក៏​ធ្លាប់​បាន​លើក​ឡើងពី​បញ្ហា​ និង​បាន​ឃើញ​ពី​បញ្ហា​ទាំងអស់នេះ​ដែរ​​។ ឯកឧត្តមបានលើកឡើងថា ​បើ​យើង​ចង់ឲ្យ​លើក​ស្ទួយ​សិល្បៈ​បុរាណ ទាល់​តែ​បង្វែរការឧបត្ថម្ភ​ដល់​អ្នកបុរាណផង។

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋ​លេខាធិការ ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ

«ការ​អាក់​អន់ចិត្ត​របស់​សិល្បករ​ ពិតជា​ត្រឹម​ត្រូវ​ណាស់​ អ្នក​ណា​ក៏​អាក់​អន់​ស្រពន់​ចិត្ត​ដែរ​ នៅ​ពេល​ជញ្ជីង​តែមួយ​ថ្លឹង​ចេញ​ទម្ងន់​ផ្សេងគ្នា​ឆ្ងាយ​បែន​នេះ។ ប៉ុន្តែបើ​ចង់​ឲ្យ​ស្មើ​គ្នា​ក៏​មិន​បាន​ អីចឹងបើ​មិន​បាន​ស្មើ​គ្នា​ ក៏​ឲ្យកុំ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​ពេក យើងចង់​ថែ​រក្សា​សិល្បៈ​បុរាណ​ទាល់តែ​បង្កើន​ការ​គាំ​ទ្រ​ពួកគាត់» ឯកឧត្តម ថៃ នរៈសត្យា បន្ថែម។

ចុងក្រោយរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះ ស្នើសុំឲ្យម្ចាស់កម្មវិធី និងអ្នកឧបត្ថម្ភកម្មវិធីគួរគិតគូរពីបញ្ហាទាំងនេះ ដើម្បីភាពរីកចម្រើននៃសិល្បៈខ្មែរ៕

អត្ថបទៈ ស្រីអូន

អត្ថបទពេញនិយម