កាំភ្លើងធំឈរលេខ ១ ប៉ុណ្ណោះអាសន្ន ហើយតាមប្រកិតពីក្រោយដោយ Man City
- 2024-04-26 13:14:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាំភ្លើងធំឈរលេខ ១ ប៉ុណ្ណោះអាសន្ន ហើយតាមប្រកិតពីក្រោយដោយ Man City
ចន្លោះមិនឃើញ
ខណៈលីគធំៗដូចជាអាល្លឺម៉ង់ និងអ៊ីតាលីរកឃើញម្ចាស់ពានទៅហើយនោះ លីគកំពូលអង់គ្លេសកំពុងស្ថិតក្នុងដំណាក់កាលមួយប្រកួតប្រជែងគ្នាយ៉ាងក្ដៅគគុក ដោយបណ្ដាក្លឹបកំពូលតារាងកំពុងប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។
ក្នុងលីគកំពូលអង់គ្លេស មាន ២០ ក្រុម ហើយមួយរដូវកាលមានប្រកួតសរុប ៣៨ ប្រកួត។
បច្ចុប្បន្ន ក្លឹបកាំភ្លើងធំ Arsenal កំពុងឈរលេខ ១ ជាប៉ុណ្ដោះអាសន្នដោយមាន ៧៧ ពិន្ទុ ក្រោយលេងប្រកួតលីគកំពូលចំនួន ៣៤ ប្រកួត ក្នុងរដូវកាល ២០២៣/២០២៤ នេះ។ ក្នុងនោះក្លឹបឈ្នះ ២៤ ប្រកួត ស្មើ ៥ ដង និងចាញ់ ៥ លើក។ ៤ ប្រកួតចុងក្រោយដែល កាំភ្លើងធំត្រូវប៉ះគឺ Tottenham Hotspur ក្លឹប Bournmouth ក្លឹប Manchester United និងក្លឹប Everton។
តាមយ៉ាងប្រកិតពីក្រោយ Arsenal គឺក្លឹបជើងឯក Manchester City ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ដោយមានពិន្ទុសរុប ៧៦ ពិន្ទុ បន្ទាប់ពីលេង ៣៣ ប្រកួត។ នេះមានន័យថា Man City កំពុងមានប្រៀបលើ Arsenal ដោយក្លឹបកំពុងមាន ១ ប្រកួតក្នុងដៃ។ ប្រសិនបើយក្សមេឃខៀវយកឈ្នះប្រកួតនោះ ក្លឹបនឹងឡើងទៅឈរកំពូលតារាង ដោយលើស Arsenal ចំនួន ២ ពិន្ទុ។ ប្រកួតចុងក្រោយទាំង ៥ របស់ Manchester City គឺ ក្លឹប Nottingham Forest ក្លឹប Wolves ក្លឹប Fulham ក្លឹប Spurs និងក្លឹប West Ham។
ដោយឡែក ក្លឹបហង្សក្រហម Liverpool ក៏មិននៅដាច់ឆ្ងាយដែរពីកំពូលតារាង ទោះជាមានការធ្លាក់ទម្រង់លេងបន្តិចក្នុងប៉ុន្មានប្រកួតចុងក្រោយ។ បច្ចុប្បន្នក្លឹបបានលេងសរុប ៣៤ ប្រកួត ហើយមាន ៧៤ ពិន្ទុក្នុងដៃ។ ចំពោះប្រកួតចុងក្រោយចំនួន ៤ របស់ហង្សក្រហមគឺ ក្លឹប West Ham ក្លឹប Spurs ក្លឹប Aston Villa និងក្លឹប Wolves។
ចំណែកឯ Aston Villa កំពុងគ្រងតំណែងលេង ៤ មានសរុប ៦៦ពិន្ទុក្រោយលេងបាន ៣៤ ប្រកួត។ ទោះជាឱកាសឈ្នះពានលីគកំពូលអង់គ្លេសគឺមានតិចសម្រាប់ក្លឹបមួយនេះ Aston Villa បានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះ ហើយកំពុងមានឱកាសខ្ពស់ក្នុងការកក់កៅអីទៅលេងកម្មវិធី UEFA Champions League នារដូវកាលក្រោយ។
Tottenham Hotspur កំពុងឈរលេខ ៥។ ក្រោយលេង ៣២ ប្រកួត ក្លឹបមានពិន្ទុសរុប ៦០ ហើយកំពុងប្រជែងយកតំណែង Top 4 ដើម្បីបានកៅអី Champions League។ ក្លឹបបិសាចក្រហម Manchester United ឈរលេង ៦ មានត្រឹម ៥៣ ពិន្ទុ ក្រោយលេង ៣៣ លើកក្នុងរដូវកាលនេះ។ ពិន្ទុនេះ ធ្វើឲ្យឱកាសដែលក្លឹបអាចកក់កៅអី Champions League កាន់តែតិច ទោះជាយ៉ាងអ្នកចាត់ការរបស់ក្លឹបថា នឹងខំឲ្យអស់លទ្ធភាពដើម្បីប្រជែងយកកៅអី Top 4។
តើក្លឹបណានឹងឈ្នះពាន Premier League រដូវកាលនេះ? ហើយក្លឹបណាខ្លះនឹងបាន Top 4?៕