ផ្លូវជាតិលេខ៧ ពី រង្វង់មូលស្គន់ ដល់ស្ពានគីហ្ស៊ូណា ដែល​សាងសង់ពង្រីកដល់៤គន្លង សម្រេច​បាន​ប៉ុនណាហើយ?

  • 2024-04-26 03:48:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្ត​កំពង់ចាម បានថ្លែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ​២០២៤ថា ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្ស៊ូណា ដែល​បានបើកការដ្ឋានស្ថាបនា កាលពីខែមករា ឆ្នាំ​២០២៣ មកដល់បច្ចុប្បន្ននេះ សម្រេចការងារសាងសង់​បាន​ប្រមាណ ៨% ប៉ុណ្ណោះ។ នេះបើតាម​ការចេញផ្សាយរបស់​ទូរទស្សន៍ជាតិខេត្តកំពង់ចាម កាលពីថ្ងៃទី​២៤ ខែមេសា។

​លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តកំពង់ចាម រួមជាមួយនឹង​មន្ទីរសាធារណការខេត្ត និង​ស្ថាប័នពាក់ព័ន្ធ បាន​ធ្វើការសម្របសម្រួលផលប៉ះពាល់ ក្នុងការស្ថាបនា​ផ្លូវនេះ ជាមួយនឹង​ប្រជាជន​ដែល​រស់នៅ​អមសងខាងផ្លូវ ដោយពួកគាត់​ទទួលយកតម្លៃមួយសមស្របសប្បាយចិត្ត។

សូមជម្រាប​ថា ការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ផ្តើមពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលផ្លូវនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ ហើយការដ្ឋាននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦។

គម្រោងនេះ​ដែរ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី