ភ្ញាក់ផ្អើល! គម្រោង​ក្រេប​ទឹកឃ្មុំ​របស់​ Pok និង​ Margie ធំធេង​ដល់​ម្ល៉ឹង

  • 2017-12-25 01:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាពាហ៍ពិពាហ៍​ដ៏​សែន​មាន​ន័យ​ក្នុង​ជីវិត​មិន​អាច​បំភ្លេច​បាន​របស់​គូស្នេហ៍​ Margie និង​ Pok បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ឱឡារិក​ក្រោម​សម្រែក​សាទរ​យ៉ាង​កងរំពង​ពី​មិត្តភ័ក្ដិ​ និង​សាច់​ញាតិ​ទាំង​អស់ នៅ​មជ្ឈមណ្ឌលពាណិជ្ជកម្ម​ Centara Grand និង​ Bangkok Convention Centre។

ថ្ងៃ​ទី​ ២៤ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧ ជា​ថ្ងៃ​ដ៏​មាន​អត្ថន័យ​ក្នុង​ជីវិត​របស់​អ្នក​ជំនួញ​វ័យ​ក្មេង​ Pok និង​ភរិយា​តារា​សម្ដែង​ដ៏​ល្បី​របស់​ប្រទេស​ថៃ​ Margie។ ក្នុង​ឱកាស​ពិសេស​នោះ​ដែរ គូស្នេហ៍​ទាំង​ ២​ក៏​បាន​បើក​សន្និសីទ​កាសែត​មួយ​ ដើម្បី​ប្រកាស​ពី​ស្នេហា​ ក៏​ដូច​ជា​គម្រោង​ក្រោយ​រៀបការ​របស់​ខ្លួន។

ប្ដី​ប្រពន្ធ​ថ្មីថ្មោង​គូ​នេះ​ បាន​និយាយ​ថា​ ខ្លួន​នឹង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ប្រទេស​ដល់​ទៅ​ ៣​គឺ អៀរឡង់​ បារាំង​ អ៊ីតាលី​ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០១៨​។ ក្នុង​ដំណើរ​កម្សាន្ត​នោះ​មិន​មែន​មាន​តែ​ពួកគេ​ទេ ពោល​គូស្នេហ៍​ Mark និង​ Kim ក៏​ចូល​រួម​ដែរ។

មួយ​វិញ​ទៀត​ ចំពោះ​រឿង​ផ្ទះ​សម្បែង​ Pok និង​ Margie បាន​គិត​គូរ​រួច​ជា​ស្រេច​ ប៉ុន្តែ​គ្រាន់​តែ​ ផ្ទះ​ថ្មី​របស់​ពួកគេ​មិន​ទាន់​សាង​សង់​រួច​រាល់​ ដោយ​ពួកគេ​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ​ ២-៣​ឆ្នាំ​ទៀត​ឯណោះ។ ដូចនេះ​ក្រោយ​រៀប​ការ​ហើយ​ភ្លាមៗ​ ពួកគេ​សម្រេច​រស់​នៅ​ក្នុង​ខនដូ​សិន។

និយាយ​ពី​ចំណង​ស្នេហ៍​វិញ​ ពួកគេ​ក៏​បាន​បើកចំហ​ដែរ​ ដោយ​ប្ដី​ប្រពន្ធ​នេះ​បាន​និយាយ​ថា​ ដំបូង​ពួកគេ​ត្រឹម​ជា​មិត្ត​ធម្មតា​ ជា​ដៃគូ​ប្រឹក្សា​យោបល់​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ អ្នក​ទាំង​ ២​តែង​គោរព​គ្នា​ និង​មើល​ថែ​គ្នា​ជា​និច្ច ទោះ​មាន​រឿង​អ្វី​ក៏​ពួកគេ​មិន​ដែល​ភ្លេច​គ្នា​ដែរ។

Margie ក៏​មិន​ភ្លេច​និយាយ​ថា​ Pok ជា​មនុស្ស​ល្អ​ ហើយ​តែង​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ជា​និច្ច។ លោក​បាន​កែប្រែ​ច្រើន​ដើម្បី​នាង​ និង​យល់​ពី​នាង​គ្រប់​ពេល​វេលា​ទាំង​អស់៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី