នាយ កុយ អស់សង្ឃឹមក្រោយអាជីពកំប្លែងធ្លាក់ចុះខ្លាំង
- 2017-12-26 11:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយ កុយ អស់សង្ឃឹមក្រោយអាជីពកំប្លែងធ្លាក់ចុះខ្លាំង
ចន្លោះមិនឃើញ
តារាកំប្លែងនាយ កុយ បានពោលពាក្យហាក់អស់សង្ឃឹមសម្រាប់អាជីពកំប្លែងរបស់ខ្លួន និងក្រុមទាំងមូល បន្ទាប់ពីការងារជាអ្នកកំប្លែងបន្តធ្លាក់ចុះជាបន្តបន្ទាប់។
នាយបានលើកឡើងថា ការងារជាឆ្នាំងបាយរបស់ខ្លួន និងក្រុមទាំងមូលនៅស្ថានីយទូរទស្សន៍ CTN គឺកម្មវិធី”មន្តស្នេហ៍សំនៀង” អាចនឹងបិទឆាប់ៗ ព្រោះតែគេប្ដូរទៅជាកម្មវិធីបែបយុវវ័យវិញ។ ដោយឡែកកម្មវិធី”តន្ត្រីស្រុកស្រែ” របស់ស្ថានីយទូរទស្សន៍ បាយ័ន ក៏ហាក់មិនសូវមានស្ថេរភាព។
តារាកំប្លែងរូបនេះបញ្ជាក់ថា ប្រសិនបើកម្មវិធីទាំង២ ដែលក្រុមរបស់ខ្លួនតែងបង្ហាញវត្តមានពិតជាបិទមែន នោះក្រុមកំប្លែងរបស់លោកទាំងមូល ពិតជាជួបឧបសគ្គច្រើន ជាពិសេសទស្សនិកជន និងក្មេងៗជំនាន់ក្រោយ អាចនឹងលែងឃើញការសម្ដែងរបស់ក្រុមលោកតទៅទៀត។
នាយ កុយ ចង់បម្រើអារម្មណ៍ទស្សនិកជនឱ្យច្រើនថែមទៀត តាមរយៈកម្មវិធីរបស់ស្ថានីយទូរទស្សន៍ ដើម្បីឱ្យអ្នកទស្សនា បាត់ភាពសៅហ្មងក្រោយសម្រាកការងារ។ តែយ៉ាងណានាយ ហាក់បង្ហាញអារម្មណ៍សោកស្ដាយខ្លាំង បន្ទាប់ពីស្ថានីយទូរទស្សន៍ជាច្រើន មិនសូវមានកម្មវិធីបុរាណ អាចឱ្យក្រុមកំប្លែងរបស់ខ្លួនអាចចូលសម្ដែងបាន។
នាយ កុយ និងក្រុមកំប្លែង ត្រូវទស្សនិកជនចាត់ទុកថាជាក្រុមកំប្លែងមួយដែលមានក្រមសីលធម៌ខ្ពស់ ពេលសម្ដែងតាមកញ្ចក់ទូរទស្សន៍ ឬកម្មវិធីផ្សេងៗ។ ប្រការដូច្នេះហើយទើបប្រជាប្រិយភាពក្រុមកំប្លែងមួយនេះ នៅតែទទួលការគាំទ្រច្រើនពីទស្សនិកជន បើទោះជាមានតារាកំប្លែងជាច្រើនចេញពីក្រុមក៏ដោយ។ យ៉ាងណាការបាត់បង់កម្មវិធីខ្លះៗតាមកញ្ចក់ទូរទស្សន៍នាពេលខាងមុខ ធ្វើឱ្យនាយបារម្ភពីប្រជាប្រិយភាពក្រុមទាំងមូល៕