ធឿន​ ធារ៉ា ​ប្រាប់​ពី​សមត្ថភាព​ខ្លះ​ៗ​ដៃ​គូ​ត្រូវ​ប៉ះ​គ្នា​ថ្ងៃ​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ​នៅ​ថៃ​

  • 2017-12-27 23:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កំពុង​ល្បីឈ្មោះ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ធឿន​ ធារ៉ា​ ថា​ ជើង​ខ្លាំង​របស់​ថៃ​ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ប៉ុស្តិ៍លេខ​៨​ខាង​មុខ​នេះ​ គេ​ពូកែ​ប្រើ​ជង្គង់​ក្រៅ​ពី​នោះ​ក្បាច់​ផ្សេងៗ​មិន​ជា​ខ្លាំង​ណាស់ណា​ទេ។​

កីឡាករ ធឿន ធារ៉ា​

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​សមត្ថភាព​កីឡាករ​ថៃ​ Namkabuan Kiatnavy​ ម្នាក់​នេះ​ជា​ជើង​ខ្លាំង​មួយ​រូប​ និង​ឧស្សាហ៍​ឡើង​វ៉ៃ​កម្មវិធី​ខ្សែក្រវាត់​របស់​ប៉ុស្តិ៍លេខ៨​ថៃ​ ចំពោះ​ក្បាច់​ប្រយុទ្ធ​វិញ​គឺ​ពូកែ​ប្រើ​ជង្គង់​ និង​ទាត់​ក្រោម​ ក្រៅ​ពី​នោះ​ស្នៀត​ផ្សេងៗ​មិន​ជា​ប៉ុន្មាន​នោះ​ទេ។​ ជង្គង់​របស់​គេ​ចាក់​ស្រួច​ល្អ​ណាស់​ហើយ​ធ្ងន់​តែ​ម្ដង​ ចំណុច​ហើយ​ដែល​អ្នក​ប្រដាល់​របស់​កម្ពុជា​ខាង​លើ​ត្រូវ​ប្រុង​ប្រយ័ត្ន។​

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ព្រៃវែង​បន្ត​ថា​ បាន​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​រួច​រាល់​ហើយ​ មិន​ថា​ការ​ហូបចុក​ ស្នាក់​នៅ​នោះ​ទេ​ ប៉ុន្តែ​ក៏​សង្ឃឹម​ត្រឹម​ ៥០%​ សិន​ ព្រោះ​ប៉ះ​ជើង​ខ្លាំង​ហើយ​ណា​មួយ​គេ​ក៏​ល្អ​ដែរ​ ប៉ុន្តែ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។​ Namkabuan Kiatnavy​ មាន​ចំណុច​ខ្លាំង​ដូច​ខាង​លើ​ក្ដី​ តែ​ម្ចាស់​មេដាយ​មាស​ថ្នាក់​ជាតិ​រូប​នេះ​ដឹង​ថា​ត្រូវ​វ៉ៃ​យ៉ាង​ណា​ហើយ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នោះ។​

កីឡាករ ធឿន ធារ៉ា​

អ្នក​លេង​គុន​ខ្មែរ​បន្ថែម​ថា​ ក៏​សូម​អរគុណ​អ្នក​និយម​ប្រដាល់​ទាំង​អស់​ដែល​តែងតែ​គាំទ្រ​រាល់​ការ​ប្រកួត​របស់​ខ្លួន​ទាំង​នៅ​កម្ពុជា​ និង​នៅ​ថៃ​ ហើយ​ជា​ពិសេស​នោះ​ប្រជាជន​កម្ពុជា​ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ​ទាំង​អស់​ដែល​កន្លង​មក​ចូល​ទៅ​គាំទ្រ​ផ្ទាល់​នៅ​សង្វៀន​នោះ​តែ​ម្ដង។​

កីឡាករ ធឿន ធារ៉ា​ លើគេនៅខាងស្ដាំ

ធឿន​ ធារ៉ា​ ជា​ជើង​ខ្លាំង​វ័យ​ក្មេង​ទម្ងន់​ធ្ងន់​របស់​កម្ពុជា​ រូប​គេ​ទើប​តែ​លេច​មុខ​និង​ល្បី​រយៈ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ហើយ​រឹតតែ​រុញ​កេរ្តិ៍ឈ្មោះ​ខ្លាំង​ជាង​នេះ​គឺ​បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧​ថ្មីៗ​ និង​ផ្ដួល​ អ៊ុំ​ ចំរើន​ ឲ្យ​សន្លប់​ ថែម​ទាំង​ឈ្នះ​រៀមច្បង​ រឿង​ សុភ័ណ្ឌ​ ផង​ដែរ។​ អ្នក​ប្រដាល់​របស់​កម្ពុជា​រូប​នេះ​ នឹង​ត្រូវ​ប៉ះ​ថៃ​ Namkabuan Kiatnavy​ ថ្ងៃ​ទី៣១​ ធ្នូ​ ២០១៧​នេះ​ ជា​គូ​ឯក​ប៉ុស្តិ៍លេខ​៨​ តែ​ម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម