ចចាមអារ៉ាម Man Utd ដាក់៧០លានផោន បូក Mkhitaryan ម្នាក់ទៀត ថ្ពក់យក Dybala
- 2017-12-28 13:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចចាមអារ៉ាម Man Utd ដាក់៧០លានផោន បូក Mkhitaryan ម្នាក់ទៀត ថ្ពក់យក Dybala
ចន្លោះមិនឃើញ
ក្នុងថ្ងៃនេះមានពាក្យចចាមអារ៉ាមជាច្រើន ដែលថា ក្លឹប Manchester United បានធ្វើការដេញថ្លៃកីឡាករ Paulo Dybala ក្នុងតម្លៃ ៧០លានផោន បូកបន្ថែម Henrikh Mkhitaryan ម្នាក់ទៀត ទៅឲ្យ Juventus។ ទោះជាបែបនេះក្ដី បើយោងតាមសារព័ត៌មាន The Sun ក្លឹប Juventus បានបដិសេធហើយនឹងការដេញថ្លៃនេះ។
យោងតាមប្រភព The Sun ដដែល បានអះអាងថា ក្លឹប Juventus ចង់បាន ៨៦លានផោនពីការផ្ទេរមួយនេះ ដែលតម្លៃនេះស្មើនឹងថ្លៃផ្ដាច់កុងត្រារបស់កីឡាករ Antoine Griezmann។ កន្លងមក មានព័ត៌មានល្ហិចល្ហៀងជាច្រើនដែលថា លោក Jose Mourinho ចង់បាន Griezmann។ ទោះជាយ៉ាងណា មួយរយៈចុងក្រោយ មានពាក្យចចាមអារ៉ាមជាច្រើនដែលថា អ្នកចាត់ការក្លឹប Manchester United បានបែររ៉ាដាទៅកីឡាករ Dybala របស់ Juventus ទៅវិញ។
សូមបញ្ជាក់ផងដែរ កាលពីដើមរដូវកាលនេះ ខ្សែប្រយុទ្ធ Dybala បានបង្ហាញទម្រង់លេងយ៉ាងញាក់សាច់ ដោយកីឡាកររូបនេះបានបំប៉ោងសំណាញ់ទីដល់ទៅ ១២លើកក្នុងលីគកំពូលអ៊ីតាលីឲ្យ Juventus។ ទោះជាយ៉ាងណា កីឡាករអាហ្សង់ទីនរូបនេះហាក់ធ្លាក់ទម្រង់លេងជាង ១០ប្រកួតចុងក្រោយ ដោយរកបានតែ ២គ្រាប់ប៉ុណ្ណោះ ហើយត្រូវបានគ្រូបង្វឹកមិនដាក់ឲ្យចូលលេងប្រកួតលីគបីលើកហើយគិតមកទល់នឹងពេលនេះ៕