អ្នក​លក់​កណ្ដុរ​អាំង​នៅ​ភូមិ​អូរតាគី រក​ចំណូល​ក្បែរ ១លាន​​រៀល​ ក្នុង​១ថ្ងៃ

  • 2018-01-01 09:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ភូមិ​អូរតាគី ឃុំ​អូរតាគី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ល្បី​មុខរបរ​លក់​កណ្ដុរ​អាំង ដែល​អាច​រក​ប្រាក់​ចំណូល​ ជិត ១លាន​រៀល ក្នុង​១ថ្ងៃ ដោយ​មិន​ទាន់​ផាត់​ការ​ចំណាយ​ផ្សេងៗ​នៅ​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​ពី​ លោក ហាន តុងហាន់ វ័យ៣៥ឆ្នាំ អ្នក​លក់​កណ្ដុរ​អាំង​ នៅ​ភូមិ​អូរតាគី ប្រាប់​ Sabay កាល​ពី​ពេល​ថ្មី​ៗ​នេះ។

លោក ហាន តុងហាន់ អ្នក​លក់​កណ្ដុរ​អាំង​ នៅភូមិ​អូរតាគី

យ៉ាង​តិច​អាច​រក​ចំណូល​បាន​ ៧០ម៉ឺន​រៀល ក្នុង​នោះ​អាច​សល់​ខ្ទង់ ៣០ ទៅ ៤០ រៀល​ក្នុង​១ថ្ងៃ ដោយ​ការ​លក់​កណ្ដុរ​អាំង និង​គ្រឿង​ហូប​ផ្សេង​ៗ​ទៀត ដូចជា ក្រួច​ មាន់ ទា សាច់ក្រក ខ្យង និង​ងៀវ​អាំង​ជាដើម។ ប៉ុន្តែ​ភ្ញៀវ​ដែល​មក​ដល់​ទី​នេះ ភាគច្រើន​គេ​ចង់​សាក​សាច់​កណ្ដុរ​ស្រែ ដែល​រក​បាន​ពី​អ្នក​ភូមិ​យក​មក​លក់​ នៅ​ទី​នេះ។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​ពី​លោក តុងហាន់។

ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​លេខ ៥ រវាង​ផ្លូវ​ខេត្ត​បាត់​ដំបង បន្ទាយ​មានជ័យ រមែង​សុំ​ចត​នៅ​ទីនេះ ចង់​សាក​រសជាតិ កណ្ដុរ​អាំង ដែល​រក​បាន​ពី​ស្រែ។ «ខ្ញុំ​ទិញ​ចូល​ពី​អ្នក​យក​មក​លក់​ឲ្យ​តម្លៃ ៩ ០០០ រៀល ក្នុង ១គីឡូក្រាម ហើយ​ខ្ញុំ​អាច​លក់​បាន​យ៉ាង​តិច ៥០គីឡូ ក្នុង​១គីឡូ ស្មើនឹង​កណ្ដុរ​ប្រហែល ៨ក្បាល​ ប្រភេទ​តូចៗ តែ​យើង​មិន​មែន​លក់​តែ​កណ្ដុរ​មួយ​មុខ​ទេ យើង​លក់​របស់​ផ្សេងៗ រួម​ទាំង​ភេសជ្ជៈ​ផងដែរ»។

លោក តុងហាន់ ដែល​បាន​លក់​ដូរ​នៅ​ទី​នេះ អស់​រយៈ​ប្រមាណ​ជា ៧ឆ្នាំ បាន​លើក​ឡើង​ថា អ្នកភូមិ​បាន​ចាប់​កណ្ដុរ​ស្រែ ដែល​តែងតែ​បំផ្លាញ​ស្រូវ​ពួកគេ​ ហើយ​យក​មក​លក់​នៅ​ទី​នេះ តែ​កណ្ដុរ​ទម្រាំ​មក​ដល់​ទី​នេះ ខ្លះ​ងាប់​អស់​ហើយ ដូច្នេះ​លោក​គ្រាន់តែ​យក​មក​ប្រឡាក់​គ្រឿង​តែ​ម្ដង។

គ្រឿង​ផ្សំ​សម្រាប់​ធ្វើ​កណ្ដុរ​អាំង​មាន​ដូចជា៖ អំបិល, ប៊ីចេង, ស្ករ ទឹក​ជ្រលក់​ អំពិលទុំ ឬ ទឹក​ត្រី ជាដើម។ ភ្ញៀវ​ដែល​ឆ្លង​កាត់​ខ្លះ​បាន​ចត និង​ទិញ​យក​ទៅ​ផ្ទះ​ ជាពិសេស​អ្នក​មក​ពី​ភ្នំពេញ ឬ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​ខេត្ត​បន្ទាយ​មានជ័យ ឬ ប៉ោយ​ប៉ែត​ ជាដើម។ លោក តុងហាន់ និយាយ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី