ព័ត៌មានស្នេហាចារជា​ប្រវត្តិសាស្ត្ររបស់ G-Dragon ជាមួយតារាស្រីល្បី ៧រូប

  • 2018-01-02 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាតារាល្បីឈ្មោះលំដាប់ A ម្នាក់របស់កូរ៉េ ប្រាកដណាស់ G-Dragon តែងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក មិនថាមានរឿងអ្វីតែបន្តិច នោះព័ត៌មាននឹងផ្ទុះឡើងភ្លាមៗ។

ជាមួយគ្នានោះ កាលពីព្រឹកថ្ងៃទី ០១ ខែមករា ២០១៨ មេក្រុម BIGBANG រូបនេះ ត្រូវសារព័ត៌មានជាច្រើនចុះផ្សាយ និងបង្ហាញរូបភាពលោក លួចជួបគ្នាស្ងាត់ៗជាមួយអតីតសមាជិកក្រុម After School តារាស្រី Lee Joo Yeon។ ដំណឹង និងរូបភាពទាំងនោះបានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនភ្ញាក់ផ្អើល ព្រមទាំងផ្ដោតការតាមដានកាន់តែខ្លាំង។ យ៉ាងណាមិញ នេះមិនមែនជាលើកទី ១ទេ ដែល តារាប្រុសឈ្មោះពិត Kwon Ji Yong រូបនេះ ធ្លាប់បានឆ្លងកាត់។

បើងាកទៅពេលអតីតកាល លោកធ្លាប់មានព័ត៌មានថាបានទាក់ទងស្នេហាជាមួយតារាស្រីជាច្រើន ហើយអ្នកទាំងនោះសុទ្ធសឹងជាតារាល្បីនមានឈ្មោះបោះសំឡេង។

១. តារាសម្ដែង Ahn So Hee

ក្នុងឆ្នាំ ២០០៨ ក្រុមចម្រៀង Big Bang និង Wonder Girls មានឱកាសច្រើនក្នុងការឈរសម្ដែងលើឆាករួមគ្នា។ ពេលនោះដែរ ក៏មានពាក្យចចាមអារ៉ាមថា G-Dragon និង So Hee មានទំនាក់ទំនងស្នេហានឹងគ្នា រហូតមានអ្នកខ្លះធ្លាប់បានប្រទះឃើញ តារា K-Pop ទាំង ២កាន់ដៃគ្នា នៅក្រោយឆាក និងឆ្លៀតណាត់ជួបគ្នានៅក្រៅជាញឹកញាប់ទៀតផង។

ក្រោយមកទៀត វិបសាយព័ត៌មានចិនមួយក៏បាន រកឃើញថាកុំព្យូទ័រយួរដៃរបស់ Sohee ក៏មានបិទ Sticker មានសណ្ឋានដូចកាដូដែលអ្នកគាំទ្រធ្លាប់ជូន G-Dragon ដែរ។

២. តារាម៉ូដែលជប៉ុន Kiko Mizuhara

នៅពាក់កណ្ដាលឆ្នាំ ២០០៩ មេក្រុម Big Bang រូបនេះ ក៏មកជួបព្យុះព័ត៌មានស្នេហាជាថ្មី ប៉ុន្តែជាមួយតារាម៉ូដែលជប៉ុន Kiko Mizuhara ស្របពេល Big Bang ជ្រៀតខ្លួនចូលក្នុងទីផ្សារសិល្បៈជប៉ុន។

G-Dragon និង Kiko តែងបង្ហាញខ្លួនជាច្រើនដងជាមួយគ្នា ហើយរូបថតជុំគ្នារបស់ពួកគេ ត្រូវមិត្តភ័ក្ដិបង្ហោះដោយចៃដន្យ។ ពេលនោះដែរ ខាងផលិតកម្ម ក៏បានរុញចោលព័ត៌មានស្នេហានោះ ដោយបញ្ជាក់ថា អ្នកទាំង ២ត្រឹមជាមិត្តជិតស្និទ្ធប៉ុណ្ណោះ មិនមានអ្វីលើសនេះឡើយ។

Kiko ចូលរួម​ខួប​កំណើត GD

រហូតដល់ឆ្នាំ ២០១៤ Kiko ក៏បានបង្ហាញខ្លួនភ្លាមៗក្នុងកម្មវិធីខួបកំណើតរបស់ G-Dragon។ លើសពីនេះ ក្រោយមក វិបសាយ Dispatch ក៏បានបង្ហាញរូបភាពប្រមាញ់បាន ពេលតារាកូរ៉េ និងជប៉ុន ២នាក់នេះណាត់ជួបគ្នានៅក្រៅ។ តាមរយៈរូបថតនោះ កាន់តែធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលថែមមួយកម្រិត និងកាន់តែជឿជាក់ពួកគេគឺលើសពីមិត្តធម្មតាទៅទៀត។

តែទោះជាយ៉ាង ទំនាក់ទំនងនេះមិនបន្តបានយូរឡើយ ព្រោះក្នុងឆ្នាំ ២០១៥ ស្រាប់តែផ្ទុះព័ត៌មានថា GD និង Kiki បានសម្រេចបែកគ្នា ព្រោះមានការមមាញឹកនឹងការងាររៀងខ្លួន។

៣. តារាចម្រៀង Kim Tae Yeon (ក្រុម Girls' Generaton)

បន្ទាប់ពី Kiko មេក្រុម Girls' Generation Tae Yeon ក៏បានក្លាយជាប្រធានបទថ្មីមួយក្នុងរឿងស្នេហារបស់ G-Dragon ក្នុងឆ្នាំ ២០១៥។ ដំបូងឡើយ អ្នកគាំទ្រមួយចំនួន នាំគ្នាសើចហួសចិត្តនឹងព័ត៌មានដែលគ្មានតម្រុយច្បាស់លាស់នេះ។

ប៉ុន្តែកន្លងទៅអស់មួយរយៈ ពាក្យចចាមអារ៉ាមនេះ នៅតែវិលវល់ពេញទឹកពេញដី រហូតមានអ្នកខ្លះព្យាយាមបង្ហាញភស្តុតាង មួយចំនួន ព្រមទាំងស្ទីលរូបភាពថ្មីៗដូចគ្នារបស់អ្នកទាំង ២ ទៀត។ ដោយសារ រឿងកើតឡើងមិនចប់សោះនោះ ផលិតកម្ម SM ក៏បានចេញមុខនិយាយថា៖ "នេះគឺជាព័ត៌មានមិនសមរម្យទាល់តែសោះ វាដូចជារឿងប្រលោមលោកអ៊ីចឹង"។

ចំណែកផលិតកម្ម YG វិញក៏មិនខុសគ្នាដែរ ដោយបានចេញសារខ្លីថា៖ "យើងមិនមានអ្វីនិយាយទាំងអស់"។ យ៉ាងណាមិញ រឿងរ៉ាវស្នេហានេះ មិនមែនជារឿងពិតទាំងស្រុង ហើយអ្វីៗគ្រាន់តែជាការស្រមើស្រមៃរបស់អ្នកគាំទ្រប៉ុណ្ណោះ។

៤. តារាម៉ូដែលជប៉ុន Nana Komatsu

ក្នុងខែកញ្ញា ឆ្នាំ ២០១៦ តារាចម្រៀង G-Dragon បានយកគណនី Instagram ផ្ទាល់ខ្លួនមួយទៀត បង្ហោះរូបភាពខ្លួនជាមួយ តារាម៉ូដែលជប៉ុន Nana Komatsu ពេលណាត់គ្នានៅភោជនីយដ្ឋានមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ Taeyang បានចូលខមមិនថា៖ "ចាំសរសេរបទចម្រៀង១បទ ហើយដាក់ចំណងជើងថា 'មនុស្សជាទីស្រឡាញ់'"។ គ្រាន់តែឃើញខមមិននេះភ្លាម អ្នកគាំទ្រជាច្រើនកាន់តែជឿជាក់ថា Nana គឺជាតារាជប៉ុនម្នាក់ទៀតហើយ បន្ទាប់ពី Kiko ដែលមានទំនាក់ទំនងជាមួយ GD។

មិនមែន​តែ​រូប​១សន្លឹក​នេះ​ទេ ពោល​គឺមាន​រូបជាច្រើន​ទៀត​របស់ Nana ដែល​ GD បង្ហោះ។

គួរបញ្ជាក់ថា តារាប្រុសវ័យ ២៩ឆ្នាំ និងតារាម៉ូដែលវ័យ ២២ឆ្នាំ Nana ក៏ធ្លាប់រួមការងារថតរូបសម្រាប់ទស្សនាវដ្ដី Nylon Magazine ដែរ កាលពីអំឡុងខែ មីនា ដើមឆ្នាំ ២០១៦។

៥. តារាសម្ដែង Sulli

ឈានចូលដល់ខែមីនា ឆ្នាំ ២០១៧ ក៏ស្រាប់តែផ្អើលសារព័ត៌មានទាំងអស់នាំគ្នាចះផ្សាយថា G-Dragon និង Sulli លួចមានស្នេហាជាមួយគ្នា។

ពួកគេត្រូវគេប្រទះនៅជាមួយគ្នា រួមជាមួយមិត្តភ័ក្ដិប៉ុន្មាននាក់ទៀត ក្នុងនោះរួមមាន Goo Hara និង Gain ជាដើម។ ក្រោយមក អ្នកគាំទ្រ បានរកឃើញភស្តុតាងថ្មី ដើម្បីបញ្ជាក់ថា អ្នកទាំង ២ពិតជាមានស្នេហាជាមួយគ្នាមែន។ មិនខុសពី ព័ត៌មានអាស្រូវជាមួយ Taeyeon ទេ ខាងផលិត YG ក៏បានចេញមុខបដិសេធព័ត៌មានដែលបានចុះផ្សាយលើកនេះដូចគ្នា។ ជាមួយគ្នានោះ ខាងផលិតកម្មនេះដដែល ក៏បានសួរ GD ដែរ ហើយចម្លើយ គឺអ្វីៗសុទ្ធសឹងជារឿងមិនពិតទាំងអស់។

៦. តារាចម្រៀង Sandara

អ្នកបន្ទាប់ ដែលក្លាយជាតួស្រីសម្រាប់ព័ត៌មានស្នេហារបស់តារាចម្រៀង G-Dragon គឺ Sandara។ កន្លងមកអ្នកគាំទ្រតែងចាប់អារម្មណ៍នឹងកាយវិការលេងសើច និងហាក់បង្កប់នូវចិត្តស្រឡាញ់របស់អ្នកទាំង ២ លើឆាកសម្ដែង។

មួយវិញទៀត កាលពីដើមឆ្នាំ ២០១៧ មេក្រុម Big Bang រូបនេះធ្លាប់ជួយជម្លៀស Dara ចេញពីហ្វូងមនុស្សដ៏កកកុញ អំឡុងពេលចាកចេញពីការប្រគំតន្ត្រីរបស់ក្រុម Big Bang ទៀតផង ហើយគ្រាន់តែបង្ហាញកាយវិការការពារ និងបារម្ភបែបនេះ អ្នកគាំទ្រនាំគ្នា បើកភ្នែកសព្រាត។

ទោះជាយ៉ាងណា អតីតសមាជិកក្រុម 2NE1 រូបនេះ ក៏បានចេញមុខបកស្រាយដែរថា ពួកគេមិនមានអ្វីនឹងគ្នាទេ ហើយនាងមើលមក GD ដូចបងប្អូន និងមិនមានអារម្មណ៍អ្វីលើសពីនេះទេ។

៧. តារាសម្ដែង Lee Joo Yeon

សម្រាប់ដើមឆ្នាំ ២០១៨ ព្រឹកព្រលឹមថ្ងៃទី ០១ ខែមករា វិបសាយ Dispatch ក៏បានបង្ហោះរូបភាពណាត់ជួបគ្នារវាងតារាប្រុសរូបនេះដដែល ជាមួយតារាស្រី Lee Joo Yeon។ ការពិត កាលពីចុងឆ្នាំ ២០១៧ មានព័ត៌មានចុះផ្សាយពីទំនាក់ទំនងស្នេហា អ្នកទាំង ២ម្ដងរួចមកហើយ គ្រាន់តែអ្វីៗនៅស្រពិចស្រពិល។

រហូតដល់ដើមឆ្នាំនេះ សារព័ត៌មានកូរ៉េបាន ផ្សាយថា គូស្នេហ៍ថ្មីថ្មោងនេះ បានធ្វើដំណើទៅកាន់កោះJeju រយៈពេល ៣យប់ ៤ថ្ងៃ។ ជាមួយគ្នានោះ Joo Yeon ក៏ត្រូវគេប្រទះឃើញ ថាបានជិះឡានទៅផ្ទះ G-Dragon ទៀត ហើយតារាប្រុសស្រីទាំង ២កំពុងមានក្ដីសុខជាមួយគ្នាក្នុងផ្ទះខាងប្រុស។

ទោះជាយ៉ាងណា មិនយូរមិនឆាប់ ខាងតំណាងក្រុមហ៊ុនទាំង ២នឹងចេញមុខមកបញ្ជាក់ព័ត៌មានលម្អិតបន្ថែមពីទំនាក់ទំនងនេះ គ្រាន់តែថាស្ថិតក្នុងកាលៈទេសៈនេះ មានភស្តុតាងច្រើន ដូចនេះបើពួកគេចង់បដិសេធក៏ពិបាកដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី