តារា YouTube ធ្វើរឿងមួយ បុគ្គលល្បីៗជាច្រើនចេញមុខជេរព្រាត
- 2018-01-02 07:29:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា YouTube ធ្វើរឿងមួយ បុគ្គលល្បីៗជាច្រើនចេញមុខជេរព្រាត
ចន្លោះមិនឃើញ
បុគ្គលឈ្មោះជាច្រើនបានបង្ហោះសារសម្ដែងការមិនពេញចិត្តចំពោះតារា YouTube ឈ្មោះ Logan Paul ទាក់ទងនឹងការបង្ហោះវីដេអូបង្ហាញពីបុរសម្នាក់ចងកសម្លាប់ខ្លួននៅក្នុង ព្រៃធ្វើអត្តឃាតរបស់ជនជាតិជប៉ុន។
បុគ្គលទាំងនោះរួមមាន Aaron Paul តារាសម្ដែងប្រុសអាមេរិក, Sophie Turner តារាសម្ដែងស្រីអាមេរិក, pewdiepie តារា YouTube, Chris Stuckman តារា YouTube, Marques Brownleee អ្នកជំនាញវាយផលិតផលបច្ចេកវិទ្យា និងបុគ្គលជាច្រើនទៀត។
តារា YouTube វ័យ ២២ ឆ្នាំខាងលើ បានបង្កបញ្ហា បន្ទាប់ពីបានបង្ហោះវីដេអូលើគណនី YouTube របស់ខ្លួនមានចំណងជើងថា “We found a dead body in the Japanese suicide forest”។ វីដេអូដែលមានអ្នកទស្សនា ៦ លានដងក្នុងពេលមួយថ្ងៃនេះ មានបង្ហាញពី Logan និងមិត្តភ័ក្ដិរបស់គាត់ដើរនៅក្នុងព្រៃ រួចក៏ប្រទះឃើញសាកសពបុរសម្នាក់ចងកនឹងដើមឈើ។
ក្រោយមកទៀតកាមេរ៉ាក៏បាន Zoom យកសាកសពនោះ ដោយបាន Blur មុខរបស់សាកសព ហើយ Logan បាននិយាយថា ៖ "នេះជាលើកទីមួយសម្រាប់ខ្ញុំ”។ ក្រោយមកមិត្តរបស់ Logan និយាយថា ៖ "ខ្ញុំមានអារម្មណ៍មិនស្រួលនោះទេ”, Logan តបថា ៖ "ឯងមិនធ្លាប់ឈរក្បែរសាកសពពីមុនមកទេ? (និយាយរួចក៏សើច)”។
បង្ហោះបានមួយថ្ងៃតារា YouTube រកចំណូលបានរាប់លាននេះ ក៏សម្រេចលុបវីដេអូចេញពីគណនី YouTube របស់ខ្លួន។ ប៉ុន្តែសេដ្ឋីវ័យក្មេងរូបនេះទទួលបានការរិះគន់ជាបន្តបន្ទាប់ពីសំណាក់អ្នកគាំទ្រ រួមទាំងតារា YouTube ជាច្រើនផងដែរ។
ក្រោយរងព្យុះរិះគន់ដូចនេះ Logan ក៏បានចេញសារតាមរយៈគណនី Twitter របស់ខ្លួន ដើម្បីធ្វើការសុំទោសដែលមិនបានប្រើឥទ្ធិពលដែលខ្លួនមានឲ្យបានល្អ និង បាននិយាយថាជាលើកទីមួយដែលគេទទួលបានការរិះគន់យ៉ាងចាស់ដៃបែបនេះ។
តែទោះយ៉ាងណាមានមនុស្សជាច្រើនបានទាមទារឲ្យមានការលុបគណនីរបស់ Logan ចេញពី YouTube និងបានចោទជាសំនួរថាហេតុអ្វីបានជា YouTube អនុញ្ញាតឲ្យមានការ Upload វីដេអូប្រភេទនេះ។ បច្ចុប្បន្ននេះគណនីរបស់ Logan នៅដំណើរការធម្មតា និងមាន Subscriber ខ្ទង់ ១៥ លាននាក់៕