សហគ្រិន៖ របរ​ណា​ដែល​រក​ស៊ី​មិន​ចេះ​អស់​ ទើប​រក​ស៊ី​បាន​យូរ​អង្វែង​

  • 2018-01-08 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្អិន​នឹង​ការ​ងារ​រយៈ​ពេល​៥ឆ្នាំ​ អ្នកស្រី ឃីន ស្រីនាថ​ បាន​សម្រេច​បោះ​បង់​ការងារមាន​ប្រាក់​ខែ​ដ៏​ច្រើន​ក្នុង​ស្ថាប័ន​ឯក​ជនមួយ​ដើម្បី​មក​បើក​ក្រុមហ៊ុន​ដោយ​ខ្លួន​ឯង​ ឈ្មោះ​ថា VIRGO Cambodia។

ក្រុម​ហ៊ុននេះ​​ជាភ្នាក់ងារ​រើស​បុគ្គលិក​ សម្រាប់​បំពេញ​ការ​ងារ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ទៅតាម​តម្រូវការ។

អ្នកស្រី ឃិត ស្រីនាថ ជាអតីបបុគ្គលិក​ផ្នែក​ធនធានមនុស្ស​នៅក្រុម​ហ៊ុន​ឯកជន​មួយ មុន​នឹង​អ្នកស្រី​បើក​ក្រុម​ហ៊ុន​ផ្ទាល់ខ្លួល។ ដោយ​សារតែធ្វើការ​លើ​ផ្នែក​ធនធាន​មនុស្ស​ប្រាំឆ្នាំ បានធ្វើ​ឲ្យ​អ្នកស្រី​មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការ​ជ្រើស​រើស​បុគ្គលិកឲ្យត្រូវទៅតាម​ជំនាញ និង​តម្រូវការ​របស់​ក្រុម​ហ៊ុន​នីមួយៗ។

ទោះបីជា​អ្នកស្រីមានជំនាញ​បែបនេះ​ក្តី ក៏អ្នកស្រី​ថា​ក្នុងជីវិត​ជា​អ្នកជំនួញ​មិនមែន​មាន​ន័យ​ថា​ជោគជ័យ​រហូត ឬមិនជួប​បញ្ហា​នោះទេ។ អ្នកស្រី​បន្តថាៈ « ការ​រក​ស៊ីជៀស​មិន​ផុត​ពីបញ្ហា​ ប៉ុន្តែ​ក៏​មិន​ត្រូវ​ខ្លាច​បញ្ហា ​និង​ការ​បរា​ជ័យ​ដែរ​»។

សហគ្រិន​ថ្មី​ថ្មោង​រូប​នេះបញ្ជាក់​ទៀតថា​​ អ្វីដែល​កាន់​តែ​ពិសេស​និងចាំបាច់​នោះ​ត្រូវមាន​ ផែន​ការ​អាជីវ​កម្ម​ច្បាស់​លាស់ ​រក្សា​ការ​ងារ​ប្រកប​ដោយ​វិជ្ជាជី​វៈ និង​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​អតិ​ថិជន​។

ចំពោះ​ថា​ហេតុអ្វី​បាន​ជា​អ្នក​ស្រីចាប់យក​អាជី​វកម្មជា​ភ្នាក់ងារ​ជ្រើស​រើស​បុគ្គលិក​នេះ អ្នស្រី​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា​របរណា​ដែល​មាន​តម្រូវការ​ជាប្រ​ចាំ គឺជា​របរ​ដែល​មានជីវិត​យូរអង្វែង។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូចនេះ​ថាៈ « របរ​ណា​ដែល​រក​ស៊ី​មិន​ចេះ​អស់​ ទើប​រក​ស៊ី​បាន​យូរ​អង្វែង​ មិន​បារម្ភ​ខ្លាច​គ្មាន​ទី​ផ្សារ​​នា​ពេល​អនាគត»។

ការលើក​ឡើង​បែបនេះ​ ដោយ​អ្នកស្រី​មើលឃើញ​ពី​សន្ទុះ​នៃការស្វែង​រក​ការងារពី​សំណាក់​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ពី​មួយឆ្នាំ​ទៅ​មួយ​ឆ្នាំមានការកើនឡើង​។ ម្យ៉ាង​ទៀត​អ្នក​ស្រី​ថា​​បុគ្គលិក​ជំនាញ​ តែង​​ផ្លាស់​ប្ដូរការងារ​ពី​មួយ​ទៅ​មួយ ​ឥត​ឈប់​ឈរ​ ចំណែកឯ​ក្រុម​ហ៊ុន​ធំៗ​មួយ​ចំនួន ​ក៏​មិន​សូវមាន​ពេល​វេលា​ច្រើន​ សម្រាប់​ជ្រើស​រើស​បុគ្គលិក​ដោយ​ផ្ទាល់​នោះ​ទេ ហើយ​ក៏​មិន​ចង់​ចំណាយ​ប្រាក់​ខែ​ទៅ​លើ​បុគ្គ​លិក​ផ្នែក​ធនធាន​មនុស្ស​ច្រើន​ពេកដែរ​។

ត្រង់ចំណុចនេះ​អ្នកស្រី ជឿថាទៅថ្ងៃអនាគត​ក្រុម​ហ៊ុន​ភ្នាក់ងារ​ជ្រើស​រើស​បុគ្គលិក​សម្រាប់​បម្រើការ​តាម​ក្រុម​ហ៊ុន​នឹង​កាន់​តែ​មាន​ច្រើន​និង​ដើរតួ​កាន់​តែ​សំខាន់​។

សម្រាប់អ្នកស្រី ឃិន ស្រីនាថ ក៏មាន​មហិច្ឆតា​មិនធម្មតា​ដែរ​ ដោយ​អ្នកស្រី​រំពឹងថា​ក្នុង​រយៈ​ពេល​៥ ទៅ​១០ឆ្នាំ​ខាងមុខ​ ក្រុម​ហ៊ុន​អ្នកស្រី​នឹងក្លាយជាក្រុមហ៊ុន​​​ផ្ដល់​សេវា​ជ្រើស​រើស​បុគ្គលិក​មួយ​លេច​មុខ​មាត់​ថ្មី ​ឬ​ក្លាយ​ជា​ក្រុម​ហ៊ុន​ឯក​ជន​លំដាប់​អន្តរ​ជាតិ៕​

ចុចទស្សនាវីដេអូ៣០ដេលី៖

អត្ថបទ​ដោយ៖ ឈិត ធារ៉ាត់

រូបភាព៖ ផ្តល់​ឲ្យ

អត្ថបទពេញនិយម