ឱកាសមាសសម្រាប់អ្នកផលិតមាតិកា! ក្រសួងទេសចរណ៍ និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រកាសបើកការប្រកួត «មាតិកាទេសចរណ៍ឆ្នើម» ជាមួយប្រាក់រង្វាន់ធំ ៥,០០០ ដុល្លារ

  • 2025-12-03 05:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

(ភ្នំពេញ)៖ ជាដំណឹងដ៏រំភើបមួយសម្រាប់ពិភពអ្នកផលិតមាតិកា (Content Creators) នៅកម្ពុជា ខណៈដែល ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកជាផ្លូវការនូវពានរង្វាន់វិរៈប៊ុនថាំ «មាតិកាទេសចរណ៍ឆ្នើម» កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងធំមួយ គឺដើម្បីប្រែក្លាយការផលិតមាតិកា ឱ្យទៅជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។

កម្មវិធីដ៏មានសារៈសំខាន់នេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដោយមានការសហការរៀបចំ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងទេសចរណ៍។ ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ អ្នកឧកញ៉ា សួរ វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន វិរៈ ប៊ុនថាំ, ថ្នាក់ដឹកនាំក្រសួង, មន្ត្រីរាជការ និងពិសេសគឺវត្តមានរបស់តារាអនឡាញ អ្នកផលិតមាតិកាល្បីៗ (Influencers/KOLs) ជាច្រើនរូប។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ហួត ហាក់ បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សួរ វីរៈ និងក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលជានិច្ចកាលតែងតែជាដៃគូដ៏សកម្ម ក្នុងការជួយឧបត្ថម្ភគាំទ្រគ្រប់រូបភាពដល់ព្រឹត្តិការណ៍ទេសចរណ៍នានា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជាក្នុងរដូវកាលបៃតង» និងកម្មវិធីសប្បុរសធម៌ផ្សេងៗ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចំពោះបងប្អូនអ្នកផលិតមាតិកាទាំងអស់ មិនថាជាជនជាតិខ្មែរ ឬបរទេស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ក្នុងការបង្កើតវីដេអូ និងរូបភាពស្អាតៗ ដើម្បីបង្ហាញពីសម្រស់កម្ពុជាទៅកាន់ពិភពលោក។

«សូមបងប្អូនបញ្ចេញទេពកោសល្យ និងគំនិតច្នៃប្រឌិត ដើម្បីបង្ហាញឱ្យពិភពលោកបានឃើញពីសម្រស់ដ៏ស្រស់ស្អាត សម្បត្តិវប្បធម៌ ធម្មជាតិដ៏អស្ចារ្យ ម្ហូបអាហារ និងស្នាមញញឹមរបស់ប្រជាជនខ្មែរ ដែលជាអត្តសញ្ញាណរបស់យើង។ សំខាន់បំផុត សូមជួយផ្សព្វផ្សាយថា កម្ពុជាគឺជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅ»។ ប្រសាសន៍របស់ ឯកឧត្តម ហួត ហាក់។

ដើម្បីជាការលើកទឹកចិត្តដល់បេក្ខជន-បេក្ខនារី ដែលមានស្នាដៃឆ្នើមក្នុងការផលិតមាតិកា គណៈកម្មការបានរៀបចំនូវរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ រួមមាន៖

ជ័យលាភីលេខ ១៖ ទទួលបានប្រាក់រង្វាន់ $5,000

ជ័យលាភីលេខ ២៖ ទទួលបានប្រាក់រង្វាន់ $1,000

ជ័យលាភីលេខ ៣៖ ទទួលបានប្រាក់រង្វាន់ $500

ជ័យលាភីទាំងអស់នឹងទទួលបានកញ្ចប់អត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុន វិរៈ ប៊ុនថាំ ដូចជា ការស្នាក់នៅ, ការធ្វើដំណើរ (ជិះឡាន), និងសេវាកម្មផ្ញើទំនិញ ដោយឥតគិតថ្លៃ ផងដែរ។

នេះគឺជាឱកាសដ៏កម្រមួយសម្រាប់អ្នកដែលមានទេពកោសល្យក្នុងការផលិតមាតិកា ក្នុងការបញ្ចេញសមត្ថភាពដើម្បីដណ្តើមប្រាក់រង្វាន់ ព្រមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យទេសចរណ៍ជាតិផងដែរ៕