ចិន​ច្រាន​ចោល​ព័ត៌មាន​ថា​​​ បាន​​បាត់​បង់​ម្ចាស់​ការ​លើ​ស្ថានីយ​អវកាស​របស់​ខ្លួន

  • 2018-01-08 09:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​​ចិន​បាន​បាត់​បង់​ម្ចាស់​ការ​​​លើ​​​ស្ថានីយ​អវកាស​ Tiangong-1 របស់​ខ្លួន​ ​ហើយ​មាន​ការ​សន្និដ្ឋាន​ថា​ស្ថានីយ​ទម្ងន់​ ៨ តោន​នេះ នឹង​ធ្លាក់​មក​បង្ក​ការ​គំរាម​កំហែង​ដល់​ផែនដី​ទៀត​ផង។

យ៉ាងណាក្ដី​ Zhu Congpeng វិស្វករ​ជាន់​ខ្ពស់​​នៅ​​ស្ថាប័ន​អវកាស និង​បច្ចេកវិទ្យា​​​ចិន​​​ China Aerospace Science and Technology Corporation បាន​និយាយ​ប្រាប់​កាសែត​រដ្ឋ​​ចិន​ Science and Technology Dailyថា ស្ថានីយ​អវកាស​ Tiangong-1 មិន​បាន​ធ្លាក់​ចុះ​មក​ ​និង​បង្ក​ការ​គំរាម​កំហែង​អ្វី​នោះ​ទេ។ ​

លោក​ Zhu បាន​និយាយ​ថា ៖ "យើង​​បន្ត​ធ្វើ​ការ​តាម​ដាន​ Tiangong-1 និង​រំពឹង​ថា​​នឹង​អនុញ្ញាត​ឲ្យ​វា​ធ្លាក់​ចុះ​មក​ផែនដី​​នៅ​ពាក់​កណ្ដាល​ឆមាស​ទី​មួយ​ឆ្នាំ​នេះ។ វា​នឹង​​ត្រូវ​ដុត​​​បញ្ឆេះ​នៅ​ពេល​ហោះ​ចូល​​បរិយាកាស​ផែនដី​ ហើយ​ផ្នែក​ដែល​នៅ​សេសសល់​​នឹង​ធ្លាក់​ចំ​តំបន់​សមុទ្រ​ដែល​បាន​រៀប​ចំ​រួច​ស្រេច​ ដោយ​មិន​មាន​​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​លោក​នោះ​ទេ​”។

ស្ថានីយ​អវកាស​ដំបូង​របស់​ចិន​នេះ​ ដើម​ឡើយ​មាន​គម្រោង​ថា​​នឹង​ត្រូវ​​បំផ្លាញ​ចោល​នៅ​ឆ្នាំ​ ២០១៣ ប៉ុន្តែ​​ប្រទេស​ចិន​បាន​ពន្យារ​​​​រយៈពេល​ធ្វើ​បេសកកម្ម​របស់​វា​ជា​បន្ត​បន្ទាប់។ ការ​ពន្យារ​​ពេល​នៃ​ការ​ហោះ​ចូល​​បរិយាកាស​ផែនដី​វិញ​ ដែល​ចិន​ថា​នឹង​កើត​មាន​នៅ​ចុង​ឆ្នាំ​ ២០១៧ បណ្ដាល​ឲ្យ​អ្នក​ជំនាញ​មួយ​ចំនួន​សន្និដ្ឋាន​ថា​ស្ថានីយ​អវកាស​នេះ​ប្រហែល​ជា​បាត់​បង់​ម្ចាស់​ការ៕​​​​​​​​​​​​​​​​​​​​​

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី