ត្រឹមមួយភ្លែត ៣រឿងប្លែកៗបំផុត ផ្ទុះកក្រើកកម្ពុជាគ្មានប្រទេសណាដូច

  • 2018-01-09 02:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ចុង​ឆ្នាំ​២០១៧ និង​ដើម​ឆ្នាំ​២០១៨ មាន​ព័ត៌មាន​ប្លែកៗ និង​រឿង​ដ៏​ក្ដៅ​គគុក​មួយ​ចំនួន​ផ្ទុះ​ជា​បន្តបន្ទាប់​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ទូទាំង​ប្រទេស​កម្ពុជា។ ខាង​ក្រោម​នេះ​ ជា​ព័ត៌មាន​ប្លែកៗ​បំផុត ធ្វើ​ឲ្យ​មាន​ការ​ចាំ​អារម្មណ៍​ខ្លាំង​ពី​មហាជន៖

១. ទោស​ប្រហារ​ជីវិត​មាន់​ជល់​ទាំង​៩២​ក្បាល​លើក​ទី១​ក្នុង​ប្រទេស​កម្ពុជា

នៅ​ចុង​ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ប្រមូល​មាន់​ជល់​ចំនួន​៩២​ក្បាល ពីស​ង្វៀន​ជល់​មាន់​ខេត្ត ដែលមាន​ម្ចាស់​ឈ្មោះ ថៃ ដា​នី ហៅ ម៉ាប់ នៅ​ស្រុក​អរិយក្សត្រ​ ខេត្ត​កណ្ដាល។ ក្រោយ​មក​ករណី​នេះ បាន​ក្លាយ​ជា​រឿង​ដ៏​រសើប​បំផុត និង​ផ្ទុះ​ការ​រិះគន់ ដ៏​កក្រើក​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន់​ជល់​ទាំង ៩២​ក្បាល​នេះ ត្រូវ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្ទេច​ចោល ដោយ​កាត់​ក្បាល​ទាំង​រស់​យក​ទៅ​ស្រុះ​ទឹក​ក្ដៅ។

ការ​កាត់​ទោស​ប្រហារ​ជីវិត​មាន់​ជល់ បាន​ក្លាយ​ជា​រឿង​ដ៏​កក្រើក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត។ មតិ​សាធារណជន​ភាគ​ច្រើន បាន​បង្ហាញ​ពី​ការ​អាណិត​សត្វមាន់​ដែល​មិន​ដឹង​អ្វី​សោះ ត្រូវ​មនុស្ស​យក​មក​បង្ហាត់​បង្រៀន​ឲ្យ​ចេះ​ជល់ ដើម្បី​បម្រើ​ផល​ប្រយោជន៍​របស់​ខ្លួន តែ​ចុង​ក្រោយ​ត្រូវ​សម្លាប់​ទាំង​រស់។

យ៉ាង​ណា​ក្ដី​បើ​តាម​ដីកា​សម្រេច​របស់​របស់​តុលាការ​បញ្ជាក់​ថា មូល​ហេតុ​ដែល​ឈាន​ដល់​ការ​កម្ទេច​មាន់​ជល់​៩២​ក្បាល​នេះ គឺ​មាន​ការ​លំបាក​នៅ​ក្នុងការ​ថែ​រក្សា ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ថែ​ទាំ និង​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​បទល្មើស​កើត​មាន​ជា​ថ្មី ។ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ពន្លឿន​នីតិវិធី​នៃ​ការ​ស៊ើប​សួរ​ឲ្យ​បាន​ឆាប់​រហ័ស។

២. ការ​ចែក​អំណោយ​ជា​ក្ដារ​មឈូស​ក្លាយ​ជា​រឿង​វែកញែក​ពេញ​បណ្ដាញ​សង្គម​នៅ​កម្ពុជា​ដើម​ឆ្នាំ​២០១៨

អាច​ចាត់​ទុក​ថា ជា​ការ​ចែក​អំណោយ​ដ៏​ប្លែក​បំផុត​ស្ទើរ​តែ​គ្មាន​ប្រទេស​ណា ធ្លាប់​ធ្វើ​បែប​នេះ​នៅ​លើ​ពិភពលោក ដោយ​ការ​ចែក​អំណោយ​ជា​ក្ដារ​មឈូស និង​គ្រឿង​ឧបភោគ​បរិភោគ ជូន​ចាស់​ជរា។

បន្ទាប់​ពី​ការ​ចែក​អំណោយ​ក្ដារ​មឈូស​ជូន​លោកតា-លោកយាយ នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្ត​កំពង់ធំ ត្រូវ​បាន​បង្ហោះ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​ផ្ទុះ​ការ​រិះគន់ និង​ការ​វែកញែក​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដ៏​កក្រើក​បំផុត។ មាន​មតិ​ជា​ច្រើន​យល់​ថា ការ​ចែក​អំណោយ​នោះ ប្រៀប​ដូច​ជា​ការ​ប្រមាណ​ជីវិត​ជន​ចាស់​ជរា និង​មិន​គួរ​ណា​ចែក​ជា​អំណោយ​ក្ដារ​មឈូស​បែប​នេះ​ទេ។

ឆ្លើយ​តប​ទៅ​នឹង​ការ​រិះ​គន់​នេះ​ដែរ ក៏​មាន​ការ​បក​ស្រាយ​ថា ក្ដារ​មឈូស​ទាំង​អស់​នោះ​ គឺ​ជា​ការ​ស្នើ​សុំ​ពី​លោក​តា លោក​យាយ នៅ​ភូមិ​ស្រុក​ខាង​លើ​នេះ​តែ​ម្ដង។ ដូច្នេះ​ទើប​ក្រុម​ការងារ​ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ​​វីតាល សម្រេច​តាម​បំណង​ជូន​លោក​តា លោក​យាយ​តែ​ម្ដង ដោយ​ពុំ​មាន​ចេតនា​អាក្រក់​ណា​មួយ​ទេ។

៣. សមត្ថកិច្ច​រាប់​ពាន់​នាក់​ចេញ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​បំផុត​ចាប់​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍

ថ្ងៃទី ០៥ ​ខែ​មករា ឆ្នាំ​២០១៨ លោក​នាយ​ឧត្តម​សេនីយ៍ ​ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ដឹកនាំ​ប្រតិបត្តិការ​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ​បំផុត នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​មាន​កង​កម្លាំង​អន្តរាគមន៍​ពិសេស​ចូលរួម​ទៀតផង។ ក្នុង​យុទ្ធនាការ​ដ៏​ធំ​នេះ មាន​ចំណុច​កត់​សម្គាល់​៤​យ៉ាង​សំខាន់​ៗ​ដូចជា៖

១. នៅ​តាម​តំបន់​នីមួយៗ​មាន​កង​កម្លាំង​ពិសេស​ចាំ​ស្ទាក់​គ្រប់​ជ្រុង​មិន​អាច​គេច​រួច

អ្នក​បើកបរ​មិន​គោរព​ច្បាប់គ្រប់​រូបភាព មិន​អាច​បើក​រត់​គេច​ដូច​ករណី​មុនៗ​ទេ។ កង​កម្លាំង​ពិសេស​មាន​ម៉ូតូ​ប្រដេញ​គ្រប់​ទិស​ចាំ​ស្ទាក់​មិន​អាច​គេច​រួច​ឡើយ។

២. ចាប់​បាន​ហើយ​ដឹក​ទៅ​ដាក់​សាលា​ខណ្ឌ​ភ្លាមៗ មិន​ចាំ​បាច់​ខល​រក​ជំនួយ

មិន​មាន​ករណី​ផាក​ពិន័យ​នៅ​នឹង​កន្លែង​ទេ គ្រាន់​តែ​បំពេញ​បែបបទ​មួយ​ចំនួន​អំពី​អត្តសញ្ញាណ​របស់​ខ្លួន​រួច​រាល់ សមត្ថកិច្ច​នឹង​លើក​ដាក់​ឡាន​យក​ទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​នីមួយៗ។ ដូច្នេះ​អ្នក​ល្មើស​ច្បាប់​ទាំង​ឡាយ ត្រូវ​ទៅ​សាលា​ខណ្ឌ​ដើម្បី​ដោះស្រាយ​ក្នុង​នោះ​រួម​មាន៖ កិច្ច​សន្យា​ឈប់​ប្រព្រឹត្តិ​ខុស ទទួល​ការ​អប់រំ​ណែនាំ និង​ត្រូវ​មាន​មួក​សុវត្ថិភាព កញ្ចក់ ទើប​អាច​អូស​ម៉ូតូ​ទៅ​ផ្ទះ​បាន។

៣. ក្នុង​ខណ្ឌ​នីមួយៗ មាន​ម៉ូតូ​ប្រដេញ​២៨​គ្រឿង រថយន្ត​ម៉ាស្ដា​១៤​គ្រឿង ម៉ូតូ​ចរាចរណ៍​២៨​គ្រឿង

៤. គ្រប់​ទាំង​១២​ខណ្ឌ​សុទ្ធ​តែ​កម្លាំង​ពិសេស​សហការ​យ៉ាង​គគ្រឹកគគ្រេង​បំផុត

នៅ​ក្នុង​យុទ្ធនាការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទ្រង់ទ្រាយ​ធំ​នេះ សុទ្ធ​តែ​ចូលរួម​ដោយ​ថ្នាក់​ដឹកនាំ​សំខាន់ៗ​។ ជាក់​ស្ដែង នាយ​ឧត្ដម​សេនីយ៍​ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ចេញ​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​រាប់​ពាន់​នាក់ចូលរួម​ក្នុង​យុទ្ធនាការ​ដ៏​ធំ​សម្បើម​មួយ​នេះ​តាំង​ពី​ម៉ោង ៤​ទៀប​ភ្លឺ​ម្ល៉េះ៕ ​​

​​

អត្ថបទ៖ វឌ្ឍនៈ