នាវា Aqua Mekong នាំមកនូវបទពិសោធន៍ទេសចរណ៍ប្រណីត ជិះមើលទេសភាព ទន្លេមេគង្គ
- 2025-09-10 07:06:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវា Aqua Mekong នាំមកនូវបទពិសោធន៍ទេសចរណ៍ប្រណីត ជិះមើលទេសភាព ទន្លេមេគង្គ
ចន្លោះមិនឃើញ
នាវាទេសចរណ៍ប្រណីត Aqua Mekong កំពុងទាក់ទាញចំណាប់អារម្មណ៍ជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យនៅលើទន្លេមេគង្គ ដែលផ្តល់ជូននូវការធ្វើដំណើរដ៏ប្រណីតឆ្លងកាត់ប្រទេសកម្ពុជា និងវៀតណាម។ នាវានេះ ដែលជាផ្នែកមួយនៃក្រុមនាវា Aqua Expeditions ត្រូវបានគេទទួលស្គាល់ថាជា "ក្រុមនាវាទេសចរណ៍ លើដងទន្លេល្អបំផុតលើពិភពលោក" ដោយ Travel + Leisure ក្នុងឆ្នាំ ២០២៣ និង ២០២៤។
ការរចនាប្រណីត និងផាសុកភាពខ្ពស់
នាវា Aqua Mekong ត្រូវបានរចនាដោយស្ថាបត្យករល្បីឈ្មោះ Noor Design ដែលបង្ហាញនូវស្ថាបត្យកម្មទំនើប និងការតុបតែងខាងក្នុងដ៏ប្រណីត។ នាវានេះមានបន្ទប់ស្នាក់នៅចំនួន ២០ ដែលមានទំហំធំទូលាយ (៣០ ម៉ែត្រការ៉េ) និងបំពាក់ដោយបង្អួចធំៗពីជាន់ដល់ពិដាន ដើម្បីផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គ។ បន្ទប់នីមួយៗមានគ្រែធំប្រណីត (អាចប្តូរជាគ្រែភ្លោះបាន) បន្ទប់ទឹកបំពាក់ដោយឧបករណ៍ទំនើប និងគ្រឿងបរិក្ខារដែលផលិតពីធម្មជាតិ។
លើសពីនេះ នាវានេះមានបន្ទប់ភ្ជាប់គ្នាចំនួន ៤ គូ ដែលសាកសមសម្រាប់គ្រួសារ ឬក្រុមមិត្តភក្តិដែលចង់ស្នាក់នៅជាមួយគ្នា។ នាវាក៏មានសម្ភារៈប្រើប្រាស់ទំនើបៗដូចជា ម៉ាស៊ីនឆុងកាហ្វេ Nespresso ប្រអប់សុវត្ថិភាពអេឡិចត្រូនិក និងប្រព័ន្ធសំឡេង។
បទពិសោធន៍ធ្វើម្ហូបដ៏អស្ចារ្យ
អាហារនៅលើនាវា Aqua Mekong ត្រូវបានរៀបចំដោយចុងភៅល្បីឈ្មោះដែលទទួលបានផ្កាយពី Michelin លោក David Thompson។ មុខម្ហូបនានាត្រូវបានបង្កើតឡើងដោយផ្អែកលើរសជាតិបែបកម្ពុជា និងវៀតណាម ដោយប្រើប្រាស់គ្រឿងផ្សំស្រស់ៗនៅក្នុងតំបន់។ ភ្ញៀវអាចរីករាយជាមួយមុខម្ហូបដូចជា ការីចៀមជាមួយគ្រឿងទេសខ្មែរ និងបង្គារស្ករអំពៅបែបវៀតណាម។ ក្រៅពីនេះ ភ្ញៀវក៏អាចចូលរួមក្នុងសកម្មភាពទៅទីផ្សារក្នុងស្រុកជាមួយចុងភៅ ដើម្បីស្វែងយល់ពីគ្រឿងផ្សំ និងវប្បធម៌ធ្វើម្ហូបក្នុងតំបន់។
នាវានេះក៏ផ្តល់ជម្រើសអាហារសម្រាប់អ្នកដែលមានតម្រូវការពិសេស ដូចជាអាហារបួស គ្មានជាតិអំបិល ឬគ្មានជាតិស្ករ ដើម្បីធានាថាភ្ញៀវគ្រប់រូបទទួលបានបទពិសោធន៍ភ្លក់មុខម្ហូបដ៏ល្អឥតខ្ចោះ។
សកម្មភាព និងការរុករកវប្បធម៌
Aqua Mekong ផ្តល់ជូននូវសកម្មភាពជាច្រើនដែលអនុញ្ញាតឱ្យភ្ញៀវស្វែងយល់ពីវប្បធម៌ និងធម្មជាតិនៃតំបន់ទន្លេមេគង្គ។ នាវានេះមានទូកតូចៗចំនួន ៤ គ្រឿងសម្រាប់នាំភ្ញៀវទៅទស្សនាកន្លែងសំខាន់ៗដូចជា ប្រាសាទបុរាណ ភូមិអណ្តែតទឹក និងផ្សារ។ សកម្មភាពផ្សេងទៀតរួមមាន ការជិះទូកកាយ៉ាក ជិះកង់ និងដើរលេងក្នុងភូមិក្នុងស្រុក ដែលអមដោយមគ្គុទ្ទេសទេសចរណ៍ក៍ជំនាញ។
ភ្ញៀវនឹងទទួលបានឱកាសស្វែងយល់ពីប្រពៃណី និងរបៀបរស់នៅរបស់ប្រជាជននៅតាមដងទន្លេមេគង្គ ដែលធ្វើឱ្យការធ្វើដំណើរនេះក្លាយជាបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
នាវា Aqua Mekong ក៏មានគ្រឿងបរិក្ខារដូចជា បន្ទប់ហាត់ប្រាណ បន្ទប់ស្ប៉ា អាងហែលទឹក និងបន្ទប់មើលកុន។ លើសពីនេះ នាវានេះក៏មានគ្រូពេទ្យប្រចាំនាវា ដើម្បីធានាសុវត្ថិភាពភ្ញៀវអំឡុងពេលធ្វើដំណើរ។
ក្នុងនាមជានាវា ផ្តល់សេវាកម្មលំដាប់ Premium ដល់ភ្ញៀវ Aqua Mekong បានប្រើប្រាស់សម្ភារៈប្រកបដោយនិរន្តរភាព និងធ្វើការជាមួយសហគមន៍ក្នុងស្រុកដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងវប្បធម៌៕