៤រឿងធំៗ កាលពីសប្ដាហ៍មុន ដែលមិនគួរមើលរំលង
- 2018-01-09 02:34:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤រឿងធំៗ កាលពីសប្ដាហ៍មុន ដែលមិនគួរមើលរំលង
ចន្លោះមិនឃើញ
សប្ដាហ៍មុននេះ ព្រឹត្តិការការណ៍ធំៗ មានចំនួន ៤ ដែលមិនគួរមើលរំលងនោះ គឺទី ១ យុទ្ធនាការចាប់អ្នកជិះអត់គោរពច្បាប់ចរាចរណ៍ទ្រង់ទ្រាយធំ, ការផ្ដល់មូលនិធិដល់អ្នកធាក់ស៊ីក្លូ, ស្ពានអាកាស ៥មករា ជិតបើកដំណើរការ, និង ពិព័រណ៌គ្រឿងអលង្ការ និងគ្រឿងលម្អខ្មែរសម័យបុរាណ អំពីមាស កម្រឃើញនៅកម្ពុជា។
ចង់ដឹងច្បាស់តាមដានព្រឹត្តិការណ៍និមួយៗ នៅខាងក្រោមនេះ៖
យុទ្ធនាការ ចុះចាប់អ្នកជិះអត់គោរពច្បាប់ចរាចរណ៍ទ្រង់ទ្រាយធំ
ចាប់តាំងពីព្រឹកថ្ងៃទី០៥ ខែមករា ខណ្ឌទាំង១២ នៅក្នុងរាជធានីភ្នំពេញ បានចុះប្រតិបត្តិការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដែលជាយុទ្ធនាការចុះចាប់អ្នកជិះអត់គោរពចរាចរណ៍ ច្បាប់ទ្រង់ទ្រាយធំ។ អ្នកល្មើសច្បាប់តម្រូវឲ្យធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិខុស ទទួលការអប់រំណែនាំ និងត្រូវមានមួកសុវត្ថិភាព កញ្ចក់ ទើបអាចអូសម៉ូតូទៅផ្ទះបាន។
ជីវិតតាស៊ីក្លូលែងលំបាកទៀតហើយ
លុយ ១២០លានរៀលក្នុង ១ឆ្នាំត្រៀមជួយសម្រួលដល់ជីវភាពរបស់អ្នកធាក់ស៊ីក្លូទាំងអស់ឲ្យកាន់តែប្រសើរក្នុងពេលឆាប់ៗនេះ។ អ្នកធាក់ស៊ីក្លូ នឹងទទួលបានប្រាក់ឧបត្ថម្ភពី"មូលនិធិទ្រទ្រង់ស៊ីក្លូ" បង្កើតដោយសម្ដេចតេជោ ហ៊ុន សែន។ ក្រៅពីនេះកម្មករស៊ីក្លូទូទាំងប្រទេស ក៏នឹងទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃ នៅក្នុងមន្ទីរពេទ្យរដ្ឋផងដែរ។
ជិតបានជិះលើស្ពានអាកាសទី៥
ស្ពានអាកាសស្តុបផ្សារដីហុយ ឬស្ពានអាកាសទី៥ នឹងបញ្ចប់ការសាងសង់ឲ្យបានមុនពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ បច្ចុប្បន្នស្ពាននេះត្រូវបានសាងសង់រួចរាល់ចំនួន ៨៥% ហើយ គិតចាប់តាំងពីបើកការដ្ឋានកាលពីចុងខែសីហា ឆ្នាំ២០១៦។ ស្ពានអាកាសស្តុបផ្សារដីហុយ មានប្រវែងបណ្ដោយ ៩០៥ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ ស្ថិតនៅប្រសព្វរវាងមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ។
ពិព័រណ៍កម្រនៅកម្ពុជា
គ្រឿងអលង្ការ និងគ្រឿងលម្អខ្មែរសម័យបុរាណ អំពីមាស និងប្រាក់ដែលជាសមុច្ច័យវត្ថុពិចិត្រនៃសារកិច្ចសំពះគ្រូ ល្ខោននេះនឹងដាក់តាំងឲ្យចូលទស្សនារយៈពេល១ខែចាប់ពីថ្ងៃទី៤ ខែមករា ដល់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៨ នៅសារមន្ទីរជាតិ។ ឈុតគ្រឿងអលង្ការមាសសម័យអង្គរ ត្រូវបាននាំយកមកពីប្រទេសអង់គ្លេស ត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី០២ ធ្នូ ២០១៧ ។ ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ រួមមានមកុដ១ ក្បាច់ពាក់សៀតផ្កា១គូ ក្រវិល១គូ ខ្សែក១ ស្នាប់ដៃ១គូ ខ្សែពាក់ឈៀង(ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ១។