ទូរសព្ទ​ KHMER ចេញ​បាន​មួយ​ប្រាវ​ ស្រាប់​តែ​ស្ងាត់​ទៅវិញ

  • 2018-01-09 04:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ទូរសព្ទ​ខ្មែរ​ដំបូង​បាន​ប្រកាស​បង្ហាញ​រូបរាង​ជា​ផ្លូវការ និង​ទទួល​ការ​ចាប់​អារម្មណ៍​ប្រិយមិត្ត​ក្នុង​អំឡុង​ដើម​ឆ្នាំ ២០១៤ មក​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​មាន​ភាព​ស្ងប់​ស្ងាត់ បើ​តាម​ការ​សាកសួរ​នៅ​តាម​បណ្ដា​ហាង​លក់​ទូរសព្ទ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ពី​ទូរសព្ទ​ខ្មែរ​ហ្វូន នេះ​មាន​ហាង​មួយ​ចំនួន​ពុំបាន​ស្គាល់ និង​ហាង​ខ្លះ​ទៀត​មាន​ភាព​មិន​ច្បាស់​ចំពោះ​វត្តមាន​ទូរសព្ទ​នេះ។

ខាង​ក្រោម​នេះ​ជា​ការ​រៀប​រាប់​ពី​ហាង​មួយ​ចំនួន​ដែល Sabay បាន​សាកសួរ៖

ហាង សៀងលីន និង ហាង អៀ សុខហៀង ហាក់​បង្ហាញ​ពី​ភាព​ស្ទាក់ស្ទើរ​ពី​វត្តមាន​របស់​ទូរសព្ទ​មួយ​នេះ ដោយ​ឆ្លើយ​ប្រាប់​ថា​ពុំ​ដែល​បាន​ឃើញ​ទូរសព្ទ ខ្មែរ​ហ្វូន នេះ​ទេ​និង​ពុំ​ដែល​មាន​ក្រុម​ហ៊ុន​ណា​មក​ទាក់​ទង់​លក់​នៅ​ក្នុង​ហាង​តែម្ដង​។

ងាក​មក​លោក គាម សោភ័ណ ម្ចាស់ហាង​លក់​ទូរសព្ទ ស៊ី្រ ផ្លឹស ក៏​បាន​ប្រាប់​ថា​ពុំ​ដែល​​ឃើញ​ព័ត៌មាន​ណា​ដែល​ចុះផ្សាយ​ពី​ទូរសព្ទ​ខ្មែរ​ហ្វូន​ នេះ​ទេ ដោយ​ពេល​កន្លង​មក​សូម្បី​តែ​រូប​រាង​ឬ​ខាង​ក្រុម​ហ៊ុន​មក​ទំនាក់​ទំនង។ លោក​បន្ត​ថា ភាគច្រើន​ទូរសព្ទ​ប្រភេទ​នេះ​តែង​តែ​មាន​ទីផ្សារ​នៅ​តាម​បណ្ដាល​ខេត្ត ច្រើន​ជាង​នៅ​ភ្នំពេញ​ព្រោះ​ជា​ប្រភេទ​ទូរសព្ទ ដែល​មាន​ប្រេន​ថ្មី ណា​មួយ​អាច​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ទូរសព្ទ​ផ្សេង​ទៀត ដែល​អាច​ត្រូវ​ជាមួយ​និង​ជីវភាព​អ្នក​រស់​នៅ​តំបន់​នេះ ។

ចំណែក​លោក ជីវន្ត អ្នក​លក់​ទូរសព្ទ​នៅ​ផ្សារ​ទួល​សង្កែ​បាន​ឲ្យ​ដឹង​ដែរ​ថា ទូរសព្ទ​ខ្មែរ​នេះ​លោក​ក៏​ពុំ​ធ្លាប់​បាន​ឃើញ​ដូច​គ្នា ។ តែ​លោក​ក៏​មាន​ការ​ចាប់​អារម្មណ៍​ពី​ទូរសព្ទ​ខ្មែរ​នេះ​ដែរ​ប្រសិន​បើ​មាន​ខាង​ក្រុម​ហ៊ុន ទាក់​ទង​ដាក់​លក់ ។ តែ​លោក​ក៏​ត្រូវ​មើល​លើ​តម្រូវការ​ទីផ្សារ​តើ​មាន​ចាប់​អារម្មណ៍​​កម្រិត​ណា​ពី​អ្នក​ប្រើប្រាស់ ជា​ពិសេស​​នេះ​តម្លៃ​រូបរាង​និង​គុណភាព​ប្រើប្រាស់​ផង​ដែរ។

ទូរសព្ទ​ខ្មែរ​ហ្វូន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Jezetek Khmer Comserviceដំបូង​គេ​ដែល​បាន​បើក​សម្ពោធ​រូបរាង​ទូរសព្ទ​ខ្មែរ C2 កាល​ពី​ដើម​ឆ្នាំ ២០១៤ ដោយ​អះអាង​ជា​ស្នាដៃ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ។ ទូរសព្ទ​ខ្មែរ C2 ត្រូវ​បាន​រចនា​ឡើង​ប្រកប​ដោយ​លក្ខណៈ​សម្បត្តិ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដូចជា ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2, CPU Quad Core 1.5 GHz Cortex-A7, អេក្រង់ ៥ អ៊ីង​, RAM 2 GB និង​អង្គ​ចងចាំ 32 GB។ ទូរសព្ទ​ដ៏​ទំនើប​នេះ​មាន​កាមេរ៉ា​ក្រោយ 13 Mega Pixel និង កាមេរ៉ា​មុខ 5 Mega Pixel និង​ដែល​មាន​ពុម្ព និង​ក្ដារ​ចុច​អក្សរ​ខ្មែរ​រួច​ជា​ស្រេច។

Sabay នឹង​ព្យាយាម​ទាក់​ទង​ទៅក្រុម​ហ៊ុន​ផលិតទូរសព្ទ​នេះ​ ដើម្បីចុះផ្សារ​ព័ត៌មាន​លម្អិត​នៅពេល​ក្រោយ ។

ចុះប្រិយមិត្តវិញ​មាន​ធ្លាប់បាន​ឃើញ​និង​បាន​ប្រើប្រាស់​ទូរសព្ទ​ខ្មែរ​នេះ​ហើយ​ឬ​នៅ​? បើ​ដឹង​អី​ខ្លះ​ជួយ​ប្រាប់​ប្រិយមិត្ត​យើង​ផង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ​បន្ត៖

អត្ថបទ៖ ម៉េងងី