Sony ចេញស្មាតហ្វូនកាមេរ៉ាភ្លោះនៅខាងមុខ ត្រូវនឹងអ្នកមានជំងឺ Selfitis
- 2018-01-09 02:33:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony ចេញស្មាតហ្វូនកាមេរ៉ាភ្លោះនៅខាងមុខ ត្រូវនឹងអ្នកមានជំងឺ Selfitis
ចន្លោះមិនឃើញ
អម្បាញ់មិញនេះ ក្នុងព្រឹត្តិការណ៍ CES ឆ្នាំ ២០១៨ ក្រុមហ៊ុន Sony បានបង្ហាញចេញស្មាតហ្វូនថ្មីចំនួនពីរម៉ូដែលគឺ Xperia XA2 និង Xperia XA2 Ultra។ Xperia XA2 Ultra គួរឲ្យចាប់អារម្មណ៍ជាងគេព្រោះមានកាមេរ៉ាភ្លោះនៅផ្នែកខាងមុខ។
ស្មាតហ្វូនទាំងពីរម៉ូដែលមានកាមេរ៉ាខាងក្រោយទំហំ ២៣ MP អាចថតវីដេអូបានដល់កម្រិត 4K និងអាចថតវីដេអូយឺតៗនៅល្បឿន ១២០ ប្លង់/វិនាទី។ កាមេរ៉ាក្រោយនេះក៏អាចដំឡើងកម្រិត ISO បានដល់ ១២ ៨០០ សម្រាប់ថតនៅទីងងឹតខ្លាំង។
នៅផ្នែកខាងមុខនៃ XA2 មានបំពាក់កាមេរ៉ាមួយគ្រាប់ទំហំ ៨ MP ជាប្រភេទកាមេរ៉ា Wide-Angle អាចថត Selfie បានធំទូលាយ។ ចំណែក XA2 Ultra វិញមានកាមេរ៉ាខាងមុខដល់ទៅពីរគ្រាប់ឯណោះដោយមានកាមេរ៉ាមួយជាប្រភេទ Wide-Angle ទំហំ ៨ MP និងមួយទៀតជាកាមេរ៉ាធម្មតាទំហំ ១៦ MP។ កាមេរ៉ាទីពីរនេះមានបច្ចេកវិទ្យា OIS ជួយរក្សាលំនឹងពេលថត Selfie និងថតបានច្បាស់ល្អ។ លើសពីនេះទៅទៀត XA2 Ultra មានភ្លើងសម្រាប់ជំនួយពេលថត Selfie នៅទីងងឹតទៀតផង។
ចំពោះរចនាបថរបស់ស្មាតហ្វូនឯកទេសខាង Selfie ទាំងពីរនេះ នៅតែមានលក្ខណៈជ្រុងៗ និងមានគែមអេក្រង់ក្រាស់ដូចស៊េរីមុនៗដែរ ប៉ុន្តែមានជម្រើសពណ៌ថ្មីៗ។ XA2 មានអេក្រង់ទំហំ ៥,២ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 1080 x 1920 ភីកសែល និង XA2 Ultra មានអេក្រង់ទំហំ ៦ អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិតដូចគ្នា។
XA2 និង XA2 Ultra មានប្រើបន្ទះឈីប Snapdragon 630 ដូចគ្នា មាន CPU ៨ គ្រាប់ដែលមានល្បឿនរត់រហូតដល់ 2.2 GHz។ XA2 មាន RAM ទំហំ ៣ GB និងអង្គផ្ទុកទិន្នន័យ ៣២ GB ចំណែក XA2 Ultra មាន RAM ទំហំ ៤ GB និងអង្គផ្ទុកទិន្នន័យ ៦៤ GB ដោយមានរន្ធសម្រាប់ដោតមេមូរីកាតដូចគ្នា។ XA2 មានថ្មទំហំ ៣៣០០ mAh និង XA2 Ultra មានថ្មទំហំ ៣៥៨០ mAh។
នៅខែកុម្ភៈស្មាតហ្វូនទាំងពីរនឹងត្រូវបញ្ចេញលក់លើទីផ្សារ ដោយក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីតម្លៃនៅឡើយទេ៕
ចុចអាន៖
ញៀននឹងថត Selfie ជាជំងឺផ្លូវចិត្ត មានឈ្មោះថា Selfitis
Nuheara ហ៊ានលក់កាសត្រចៀកដល់តម្លៃ ២០០ ដុល្លារ មានអ្វីពិសេសខ្លះ?