Ricky Martin និង Jwan Yosef រៀប​ការ​ហើយ

  • 2018-01-11 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Ricky Martin និង Jwan Yosef បាន​ប្រកាស​ប្រាប់​ថា​ ពួក​លោក​បាន​រៀប​ការ​នឹង​គ្នា​រួច​ហើយ។ តារា​សម្ដែង​ក្នុង​រឿង “The Assassination of Gianni Versace: American Crime Story” រូប​នេះ​បាន​ថ្លែង​ប្រាប់​សារព័ត៌មានE! News ថា៖ "​ខ្ញុំ​ជា​ប្ដី ប៉ុន្តែ​យើង​នឹង​ធ្វើ​ពិធី​ជប់លៀង​ធំ​ៗ​នៅ​ប៉ុន្មាន​ខែ​ទៀត ខ្ញុំ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា"។

ទោះ​បី​គ្មាន​កម្មវិធី​មួយ​ជាក់​លាក់​ក៏​ពិត​មែន ប៉ុន្តែ​តារា​ចម្រៀង​វ័យ​ ៤៦​ឆ្នាំ​ និង​លោក Jwan Yosef បាន​រៀប​ចំ​អ្វី​ផ្សេង​​ឱកាស​ពិសេស​នេះ។

តារា​រូប​នេះ​បាន​និយាយ​ទៀត​ថា៖ "ពួក​យើង​បាន​ផ្លាស់​ប្ដូរ​ពាក្យ​សច្ចា​នឹង​គ្នា ហើយ​​បាន​ស្បថ​ស្បែ​គ្រប់​យ៉ាង និង​បាន​ចុះ​ហត្ថលេខា​លើ​គ្រប់​ក្រដាស​ដែល​ពួក​យើង​ត្រូវ​ចុះ ដូច​ជា​ក្រដាស ព្រមព្រៀង​រៀប​អាពាហ៍ពិពាហ៍​ជាដើម។ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់!​ ខ្ញុំ​មិន​អាច​និយាយ​ថា​គាត់​ជា​គូ​ដណ្ដឹង​ខ្ញុំ​បាន​នោះ​ទេ។ ខ្ញុំ​មិន​អាច​ឡើយ តែ​គាត់​ជា​ប្ដី​របស់​ខ្ញុំ គាត់​ជា​បុរស​របស់​ខ្ញុំ"។

គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​សន្យា​ថា​នឹង​ធ្វើ​ពិធី​ដ៏​ធំ​មួយ ហើយ​តារា​ចម្រៀង Ricky Martin និយាយ​ថា​ភ្ញៀវ​ទាំង​អស់​អាច​ចូល​រួម​ពិធី​នេះ​រយៈ​ពេល ៣​ថ្ងៃ ទោះ​បី​ជា​ពួក​គេ​មិន​ទាន់​បាន​កំណត់​ទី​តាំង​ប្រារព្ធ​ពិធី​នេះ​ច្បាស់​លាស់​នៅ​ឡើយ​នោះ។​

គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​ក្នុង​ឆ្នាំ​២០១៦ ហើយ​ក្នុង​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​ដដែល លោក Ricky Martinបាន​ប្រកាស​ប្រាប់​ថា​ពួក​គេ​បាន​ភ្ជាប់​ពាក្យ​នឹង​គ្នា​ក្នុង​កម្មវិធី The Ellen DeGeneres Show៕

ប្រភព៖ Eonline   ប្រែសម្រួល៖ អន សុភក្ត្រា