ចំណូល​ពន្ធ​ពី​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ឆ្នាំ​ ២០១៧ បាន​ជាង ២២៦ លាន​ដុល្លារ​

  • 2018-01-11 05:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចំណូល​ពន្ធ​គយ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ឆ្នាំ​២០១៧ នេះ​បាន​កើន​ឡើង​ដល់​ទៅ​ជាង ២២៦ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​

​លោក​បាន​បន្ថែម​ថា ចំណូល​ដែល​ប្រមូល​បាន ​គឺ​មាន​ការ​កើន​ឡើង​ដល់​ទៅ​ទៅ ១១៤,៨០% នៃ​ផែនការ​ដែល​បាន​ដាក់​ចេញ ខណៈ​ឆ្នាំមុន​ចំណូល​ទទួល​បាន​មាន​ជាង ១៦៨ លាន​ដុល្លារ​អាមេរិក​។ ដោយឡែក​ចំណូល​ផ្នែក​រទេះ​ប្រចាំ​ឆ្នាំ​២០១៧ ប្រមូល​បាន​ជិត ៤ លាន​ដុល្លារ​អាមេរិក ខណៈ​ឆ្នាំ ២០១៦ ទទួល​បាន​ជាង ​២​លាន​ដុល្លារ​អាមេរិក​។​ ​

«​អញ្ចឹង​យើង​ប្រមូល​ចំណូល​កាលពី​ឆ្នាំ​២០១៧ កើន​ឡើង​លើស​ពី ២០១៦ គឺ​ ៧​ប៊ីលាន​ជាង​។​ ដូច្នេះ​ការ​ប្រមូល​ចេះ​តែ​មាន​ការ​កើន​ឡើង​បន្តិច​ម្តង​ៗ​…​ឥឡូវ​ឆ្នាំ​២០១៨ ត្រូវតែ​កើន​ឡើង​ទៀតហើយ ព្រោះ​ផែនការ​ដាក់​ចេញ​គឺ​ឡើង​ដែរ​។ ២០១៧ យើង​រក​បាន ៦០ លាន​រៀល​ក្នុង​មួយថ្ងៃ ដូច្នេះ​២០១៨ អាច​ថា​រក​ឱ្យ​បាន ៧០​លាន​រៀល​ក្នុង​មួយថ្ងៃ​”​។ លោក អ៊ី ឃីម បន្ថែម​។​

​ទោះ​ជា​យ៉ាង​ណា​លោក​បាន​បន្ថែម​ថា ការ​ប្រមូល​ពន្ធ​មាន​ការ​ប្រឈម​ខ្លះ​ៗ​ ដោយសារ​អ្នក​អូស​រទេះ​មួយ​ចំនួន​ថៅកែ​មិន​ព្រម​ចេញមុខ ប៉ុន្តែ​ក្នុងនាម​អ្នកទទួលខុសត្រូវ​លើ​ការ​ប្រមូល​ពន្ធ​មាន​តែ​ខិត​ខំ​សម្របសម្រួល និង​បំពេញការងារ​ឱ្យ​ល្អ​ប្រសើរ​តែ​ប៉ុណ្ណោះ​។ ​

​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវ​បាន​ចាត់ទុកជា​ច្រក​ទ្វារ​ធំ​ជាងគេ​ក្នុង​ការ​ដោះ​ដូរ​ទំនិញ ​រវាង​កម្ពុជា​-​ថៃ ខណៈ​ថៃ​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ លោក អ៊ី ឃីម បាន​អំពាវ​ដល់​បង​ប្អូន​អាជីវករ ជាពិសេស​អ្នក​ដែល​ត្រូវ​បង់ពន្ធ​នៅ​ផ្នែក​ត្រួត​ពិនិត្យ​ទីលាន​រទេះ និង​គល់​ស្ពាន​ត្រូវ​បំពេញ កាតព្វកិច្ច​បង់ពន្ធ​ឱ្យ​បាន​គ្រប់ៗ​គ្នា៕

​ ​ ​ ​

អត្ថបទ៖ សុផល

រូូបថត៖ ទូរសព្ទដៃ