Arsenal អាច​ទាត់​ចោល Wenger ហើយ​ស្រវា​យក Ancelotti

  • 2018-01-11 13:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន​អ៊ីតាលី Corriere dello Sport ហើយ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​ដោយ​ Metro ក្នុង​ថ្ងៃ​នេះ​បាន​ឲ្យ​ដឹង​ថា លោក Carlo Ancelotti អាច​នឹង​ក្លាយ​ជា​អ្នក​ចាត់​ការ​ក្លឹប​កាំភ្លើង​ធំ Arsenal ជំនួស​លោក Arsene Wenger នៅ​រដូវ​កាល​ក្រោយ។

បើ​តាម​ប្រភព​ដដែល​ លោក Ancelotti បាន​យល់​ព្រម​ជាមួយ Arsenal ហើយ​ក្នុង​ការ​ក្លាយ​អ្នក​ចាត់​ការ​ក្លឹប​នេះ​នៅ​រដូវ​កាល​ក្រោយ។ សារព័ត៌មាន Corriere dello Sport ហ៊ាន​ទាំង​អះអាង​ទៀត​ថា លោក​នឹង​ចុះ​កុងត្រា​រយៈ​ពេល ៤​ឆ្នាំ​ជាមួយ​ក្លឹប​កាំភ្លើង​ធំ ហើយ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​ទៅ ៨.៧​លាន​ផោន​ក្នុង​មួយ​រដូវ​កាល។

ពាក្យ​ល្ហិចល្ហៀង​នេះ ធ្វើ​ឡើង​បន្ទាប់​Arsenalទើប​តែ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី FA Cup ដោយ​ក្លឹប​លីគ​លំដាប់​ពីរ​នៅ​អង់គ្លេស Nottingham Forest ក្នុង​លទ្ធផល ៤ ទល់​នឹង ២ កាល​ពី​ពេល​ថ្មីៗ​នេះ ខណៈ​ក្លឹបកំពុង​ឈរលេខ ៦​ក្នុងលីគកំពូលអង់គ្លេស ដោយឃ្លាត​ពី Mancester City ចំនួន ២៣​ពិន្ទុ។

កន្លង​មក​ មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា លោក Ancelotti បាន​បោះ​ចោល​ឱកាស​ក្នុង​ការ​ដឹកនាំ​ជម្រើស​ជាតិ​អ៊ីតាលី ហើយ​មាន​បំណង​ចង់​មក​ដឹកនាំ​នៅ​អង់គ្លេស​វិញ បន្ទាប់​ពី​ត្រូវ​បាន​ Bayern Munich បណ្ដេញ​ចេញ​ពី​តំណែង​អ្នក​ចាត់​ការ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ បុរស​ជន​ជាតិ​អ៊ីតាលី​រូប​នេះ ធ្លាប់​ដឹកនាំ​ Chelsea កាល​ពី ២០០៩ ដល់​ឆ្នាំ ២០១១ និង​បាន​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន Premier League និង FA Cup ក្នុង​អំឡុង​ពេល​នោះ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ហ៊ីម រស្មី