ដឹងទេ! បច្ចុប្បន្ន​ កម្ពុជា កំពុងសម្រុកសាងសង់ស្ពាន​ធំៗចំនួន៣

  • 2024-04-24 02:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ កម្ពុជា កំពុងកសាងស្ពាន​ធំៗចំនួន៣កន្លែង គឺស្ពាននៅខេត្តក្រចេះ ស្ពាន​ខ្ពស់ជាងគេ​នៅកម្ពុជា និង​ស្ពាន​ចាក់អង្រែក្រោម-ព្រែកប្រា។

១. ស្ពានឆ្លងកាត់​ទន្លេមេគង្គ​នៅខេត្តក្រចេះ

គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ​២០២៤ ស្ពាន​នេះ​សម្រេចការសាងសង់​បាន​ ៣២% បន្ទាប់ពីបើកការដ្ឋានសាងសង់​កាលពីខែមករា ឆ្នាំ​២០២៣។ ស្ពាន​នេះ​គ្រោងនឹង​បញ្ចប់​ការសាងសង់​នៅខែកញ្ញា ឆ្នាំ​២០២៦ ចំណាយថវិកាសរុបប្រមាណជាង ១១៤លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ស្ពានឆ្លងកាត់ទន្លេមេគង្គ​ខេត្តក្រចេះនេះ គឺ មានប្រវែង ១៧៦១ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ត្រើយខាងកើត ស្ថិតនៅត្រង់ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

២. ស្ពានខ្ពស់ជាងគេ​នៅកម្ពុជា

ស្ពាន​នេះមានប្រវែង ៥៣០ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្ពស់ ៩០ម៉ែត្រ ដែលឆ្លងកាត់​ស្ទឹងឬស្សីជ្រុំ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចបាន ៤០% ហើយ គិតត្រឹមដើមខែមេសា ឆ្នាំ​២០២៤នេះ។ ស្ពាន​នេះ គឺជាផ្នែក​មួយ​នៃគម្រោង​សាងសង់​ផ្លូវជាតិលេខ១០ ដែលមានប្រវែងសរុប ១៩៨ម៉ែត្រ ទទឹង ៩ម៉ែត្រ តភ្ជាប់ខេត្ត កោះកុង ពោធិ៍សាត់ បាត់ដំបង។

៣. ស្ពាន​ឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា

គិតត្រឹមពាក់កណ្តាល​ខែមេសា ឆ្នាំ​២០២៤ ស្ពាន​នេះ​សម្រេចការសាងសង់​បាន ៧,៥% ហើយ បន្ទាប់ពីបើកការដ្ឋាន​កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៤។ ស្ពាន​នេះ​ជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែងសរុប ១៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ)។ គម្រោងនេះ ក៏រួមបញ្ចូលនូវការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាង ចំនួន ៤កំណាត់ ប្រវែងសរុប ១៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន៕

អត្ថបទ៖ សំភី